នៅសាលរោងកុនចាស់, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨, លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញសំណេះសំណាល ជាមួយបងប្អូនអ្នករត់ម៉ូតូឌុប និងអ្នករត់តាក់ស៊ី ប្រមាណជិត ២០០នាក់ និងបានប្រគល់ប័ណ្ណសមធម៌ ពិនិត្យសុខភាព និងព្យាបាលជម្ងឺ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋ នៅក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃ។
លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនបានមានប្រសាសន៍ថា៖ ការជួបសំណេះសំណាលជាមួយបងប្អូននាពេលនេះ គឺមានគោលបំណង ទី១-ចង់ដឹងពីសុខទុក្ខរបស់ បងប្អូនជាអ្នកម៉ូតូឌុប និងអ្នករត់តាក់ស៊ីទាំងអស់នៅក្នុងខេត្តប៉ៃលិន ដែលមិនសូវបាននៅផ្ទះ ដោយជាប់រវល់ក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ។ បងប្អូនជាអ្នករត់ម៉ូតូឌុប និងអ្នករត់តាក់ស៊ីទាំងអស់ ក៏ជាមនុស្សដែលសកម្ម ក្នុងកាចូលរួមផ្លាស់ប្តូរ និងការផ្តល់ព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ ដែលមានផលជាវិជ្ជមាន និងអវិជ្ជមានដល់ការរក្សាសន្តិសុខ សុវត្ថភាពសង្គម។ ទី២-សំរាប់ជាឱកាសផ្តល់ប័ណ្ណសមធម៌ ពិនិត្យសុខភាពដោយឥតគិតថ្លៃ ជូនដល់ បង ប្អូនជាអ្នករត់ម៉ូតូឌុប និងអ្នករត់តាក់ស៊ីទាំងអស់ ដើម្បីកាត់បន្ថយការចំណាយទៅលើសេវាសុខមាលភាពរបស់បងប្អូន។ លោកជំទាវ បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយកត្តាសន្តិភាពនេះ បានផ្តល់ឱកាសឱ្យយើងបានធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត តាំងពីទីប្រជុំ ជនរហូតដល់ជនបទ។ ទាំងនេះជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង ហើយក៍បានជំរុញ នូវកំណើនសេដ្ឋកិច្ចគ្រួសារ ព្រមទាំងដោះស្រាយបាននូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្របតាម យុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។ លោកជំទាវ បាន ស្រីមុំ ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៌ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវឱ្យមានកម្រឹតទាប។ បងប្អូនបានយល់ជ្រាបណាស់ថា សុវត្ថិភាពអ្នករួមដំណើរ គឺស្ថិតនៅលើបងប្អូនទាំងអស់គ្នាដែលជាអ្នកបញ្ជាយាន្តជំនិះគ្រប់ប្រភេទ។ ដូច្នេះការធ្វេសប្រហែសរបស់យើង គឺមានន័យស្មើនឹងយើងសម្លាប់ជីវិតមនុស្ស ឬធ្វើអោយមនុស្សពិការ រងរបួសប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារអ្នកដំណើរ។
សូមបញ្ជាក់ថា៖ ប័ណ្ណពិនិត្យសុខភាពដោយឥតគិតថ្លៃនេះ គឺមានសុពលភាពរយៈពេល២ឆ្នាំ ត្រូវផ្លាស់ប្តូរម្តង ដោយពិនិត្យសុខភាពជូនម្ចាស់ប័ណ្ណដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តប៉ៃលិន ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុង ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន៕ ពិនិត្យ កែសម្រួល៖ វួច ពឿន