មានប្រសាសន៍ក្នុងទិវាសហគ្រិនភាពកម្ពុជា ដែលមានយុវជន សិស្សានុសិស្សចូលរួមចំនួនប្រមាណ ២០០នាក់, នៅមន្ទីអប់រំយុវជននិងកីឡាខេត្ត នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ , លោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់យុវជន សិស្សានុសិស្ស ត្រូវខិតខំយកចិត្តសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបណ្តុះគំនិតស្មារតីមោះមុត ដើរឆ្ពោះទៅរកភាពជាសហគ្រិននៅថ្ងៃអនាគត់។ លោកបានបន្តថា សហគ្រិនគឺជាចលករដ៏សំខាន់ក្នុងបរិបទទីផ្សារសេរី។ សហគ្រិនអាចជានាយកក្រុមហ៊ុន ក្នុងវិស័យ កសិកម្ម ឧស្សាហកម្ម ទេសចណ៍ និងពាណិជ្ជកម្ម ដែលវិស័យទាំងអស់នេះត្រូវការសហគ្រិនជាចាំបាច់ដើម្បីធ្វើប្រតិបត្តការ ហើយដែលបានផ្តល់នូវការងារជូនប្រជាពលរដ្ឋ និងយុវជនកម្ពុជា។ យុវជនក៏អាចបង្កើតគំនិតឆ្នៃប្រឌិត បង្កើតមុខរបរអាជីវកម្មដោយខ្លួនឯង អាចធ្វើជាថៅកែហាងទំនើប ហាងលក់ និងជួសជុលកុំព្យូរទ័រទូរស័ព្ទ ហាងលក់កាហ្វេរ ហាងលក់ខោអាវ ស្បែកជើង លក់សំភារៈបណ្តាល័យ សម្ភារៈសិក្សាជាដើម។
សូមបញ្ជាក់ថាៈ ការរៀបចំទិវាសហគ្រិនភាពកម្ពុជាមានបំណង ៤គឺ ទី១៖ ជំរុញឲ្យមានសហគ្រិនភាពចំពោះសិស្សានុសិស្ស និងយុវជនធ្វើយ៉ាងឲ្យគាត់មានគំនិត ក្លាយខ្លួនទៅជានាយកក្រុមហ៊ុន។ ទី២៖ ការជួបជុំគ្នាបង្កើតបណ្តាញថ្មី ក្នុងការធ្វើកិច្ចការពង្រីកមុខរបររបស់ខ្លួន។ ទី៣៖ ផ្តល់ការណែនាំ ការបង្ហាញផ្លូវ ចាប់ផ្តើមមុខរបរថ្មី និងទី៤៖ ការធ្វើឲ្យសហគ្រិនរបស់ខ្លួនទទួលបានការផ្តល់មតិពីរាជរដ្ឋាភិបាល ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក៕ ពិនិត្យ កែសម្រួល៖ វួច ពឿន