(02-08-2015) ប៉ៃលិន៖ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម កើត សុធា សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានសាខាបក្សស្រុក បក្សឃុំ និងបក្សភូមិ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តមកើត សុធា បានមានប្រសាសន៍ថា ប្រធានក្រុមបក្សភូមិ បក្សឃុំត្រូវតែក្តាប់អោយបានច្បាស់លាស់ពីចំនួនសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាយើង ពិសេសកូនចៅជំនាន់ក្រោយរបស់យើង ដោយអប់រំណែនាំ បណ្តុះស្មារតីពួកគេអោយបានល្អព្រោះពួកគេជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេណពីយើងទាំងអស់គ្នា។ ម្យ៉ាងទៀតត្រូវជំរុញអោយសមាជិក សមាជិការបក្សទាំងអស់ ក៏ដូចជាកូនចៅជំនាន់ក្រោយរបស់យើងអោយធ្វើសៀវភៅគ្រួសារ ធ្វើសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណគំរូថ្មីអោយបានគ្រប់ៗគ្នា។ ឯកឧត្តមបានបន្តថា ប្រធានក្រុមបក្សភូមិ បក្សឃុំ ត្រូវខិតខំផ្សព្វផ្សាយ ពន្យល់ ពីសមិទ្ធិផលនានា ដែលកើតចេញពីការខិតខំប្រឹងប្រែងដឹកនាំ កសាង របស់គណបក្សប្រជាជនកម្ពុជាយើងនិងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនអោយប្រជាជន មហាជនបានជ្រាប ដើម្បីទាក់ទាញសណ្តានចិត្ត ការគាំទ្រពីពួកគាត់មកលើគណបក្សប្រជាជនកម្ពុជាយើង។ ឯកឧត្តម កើត សុធា ក៏បាននែនាំអោយប្រធានក្រុមបក្សភូមិ បក្សឃុំ ត្រូវផ្សព្វផ្សាយអប់រំអោយប្រជាពលរដ្ឋត្រូវចេះស្រឡាញ់ និងការពារបរិស្ថានជុំវិញខ្លួនអោយបានល្អ សូមថាកុំចោលសំរាមពាសវាលពាសកាល ពិសេសកុំចោលសំរាមនៅតាមលូបហ្ហូរទឹកតាមថ្នល់ជាដើម ដែលនាំអោយមានការកកស្ទះលូ មានខ្លឹនស្អុយ បង្ករការលំបាកដល់ការរស់នៅ ។ ម្យ៉ាងទៀត យើងត្រូវតែរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពរបស់រាជរដ្ឋាភិបាលអោយបានប្រសិទ្ធភាពខ្ពស់ ដោយកុំនាំគ្នាលេងល្បែងស៊ីសង កុំបង្ករអំពើហិង្សាក្នុងគ្រួសារ កុំប្រើប្រាស់ និងជួញដូគ្រឿងញៀន រួមគ្នាទប់ស្កាត់អំពើចោលួច ចោរ ប្លន់ជាដើម។ ឯកឧត្តមកើត សុធា ក៏បានសំណូពរដល់សមាជិក សមាជិការបក្សទាំងអស់ត្រូវចងក្រងកម្លាំងគ្នា មានស្មារតីសាមគ្គីភាព គ្រប់កាលៈទេសៈ ចេះ យោគយល់គ្នា ដែលជាកត្តាចំបងនាំមកនូវជ័យជំនះគ្រប់បែបយ៉ាង៕
[youtube id= “0rPLlBrF8JU”]