រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រំ ប្រធានការិយាល័យគយ និងរដ្ឋាករ សាខាកាំកុងត្រូល និងនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការនៅច្រកអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីស្វែងយល់ពីការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ទេសចរណ៍ សន្តិសុខ នៅតាមព្រំដែនកម្ពុជា-ថៃ ដូចជាៈ ស្ថានភាពនៃចេញ ចូល របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ នឹងការផ្លាស់ប្តូរទំនិញឆ្លងដែន នៅច្រកទ្វារអន្តរជាតិព្រំជាដើម។
លោក សុខ សាវុធ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រំបានឲ្យដឹងថា៖ នៅច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិនមានការទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដោយបានសំរួលការនាំចេញ នាំចូលនូវទំនិញគ្រប់ប្រភេទជួនប្រជាពលរដ្ឋ អាជីវករដោយរលូន និងបានទំនាក់ទំនងជួយសំរួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការចេញ-ចូល រកស៊ី ធ្វើការនៅប្រតេសថៃ និងសំរួលការនាំអ្នកជំងឺដែលត្រូវសង្រ្គោះបន្ទាន់ទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ, ទោះថ្ងៃឬយប់, ទោះមានលិខិតឆ្លងដែន ឬអត់មានលោខិតឆ្លងដែនក្តី គឺមិនមានការរាំងស្ទះទេ។ លោកបានបន្តថា បច្ចុប្បន្ននេះ បញ្ហាចោទជាចម្បងនោះគឺស្នាក់ការច្រកទ្វារអន្តរជាតិព្រំ មិនទាន់មានដីសម្រាប់សាងសង់អាគារស្នាក់ការ អោយបានត្រឹមត្រូវនៅឡើយ។ លោកបានបន្តទៀតថា ចំពោះការងារប្រមូលពន្ធគយវិញ គឺក្នុងឆ្នាំ២០១៧ ការិយាល័យគយ និងរដ្ឋាករខេត្តប៉ៃលិន បានប្រមូលពន្ធលើសផែនការរហូតដល់ ៩៣% តែក្នុងឆ្នាំ២០១៨ នេះ ការប្រមូលពន្ធគយមានការធ្លាក់ចុះ ដោយសារអាជីវករ និងពាណិជ្ជករដឹកទំនិញចេញ-ចូលផ្សេងៗ បានផ្លាស់ប្តូរទំនិញចេញតាមច្រកផ្សេងវិញ ដោយសារផែស្ងួតរឹតបន្តឹងលើសេវាលើក-ដាក់ និងកំលាំងពលកម្ម។ ចំណែកសាខាកាំកុងត្រូលវិញ គឺតែងតែធ្វើការទប់ស្កាត់ទំនិញខូចគុណភាព និងទំនិញខុសច្បាប់នានា និងសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និង រឹបអូសយកទំនិញខូចគុណភាពនៅតាមទីផ្សារ និងកន្លែងលក់ដូរតាមលំនៅដ្ឋាន ដើម្បីធ្វើការកំទេចចោល។
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានមានប្រសាសន៍កោតសរសើចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញប្រចាំការនៅច្រកអន្តរជាតិព្រំ ដែលបានសហការ សំរួលដល់ការងារសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្តមបានផ្តាំផ្ញើរអោយមន្ត្រីជំនាញគ្រប់ផ្នែករួមមាន៖ ស្នាក់ការច្រកទ្វារអន្តរជាតិព្រំ ការិយាល័យគយ និងរដ្ឋាករខេត្ត សាខាកាំកុងត្រូលខេត្ត និងនគរបាលអន្តោប្រវេសន៍ ត្រូវខិតខំអនុវត្តន៍ការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួនអោយបានល្អបន្ថែមទៀត ជាពិសេសការងារពង្រឹងកិច្ចសហការជាមួយភាគីថៃ ដើម្បីប្រែក្លាយព្រំដែនមួយប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយមានរីកចំរើនឡើង៕ ពិនិត្យ កែសម្រួល៖ វួច ពឿន