យោធភូមិភាគទី៥ ធ្វើទស្សនកិច្ចសិក្សា ស្តីពីការងារកសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យនៅទីបញ្ជាការវរសេនាតូចលេខ១


ថ្ងៃទី​២០ ខែកញ្ញា​ ឆ្នាំ២០១៨ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម ផាន់ ចាន់ធុល អភិ​បាល​ខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សា ស្តីពីការងារ កសាងពង្រឹង អង្គ​ភាព​រឹងមាំ​លើ​គ្រប់​វិស័យ​ នៅទីបញ្ជាការវរសេនាតូចលេខ១ ចំណុះ​ឱ្យតំបន់ប្រតិបត្តិការ​សឹករងខេត្តប៉ៃលិន ស្ថិត​ក្នុង​ភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មានប្រសាសន៍ស្វាគមន៍, លោកវរសេនីយ៍ឯក កែម អនុជ មេបញ្ជាការរង និងជានាយ​សេនាធិការ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន បានឱ្យដឹងថា៖ បើទោះបី សភាពការណ៍នៅតាមជួរបន្ទាត់ព្រំដែន (ខ្មែរ-ថៃ) ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានសភាពស្ងប់​ស្ងាត់ធម្មតាយ៉ាងណាក៍ដោយ ក៏អង្គភាពតំបន់ប្រតិបត្តិការសឹកងខេត្ត និងអង្គភាពចំណុះ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ បំពេញភារកិច្ចទទួលខុសត្រូវដោយចិត្តមុះមុត ក្លាហាន រឹងមាំ និងមានសាមគ្គីភាពល្អ ដោយឈរលើគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរ​ណ​ភាពទឹកដី និងប្រជាជន៕

​ឯក​ឧត្តម ​ផាន់ ចាន់ធុល ​អភិបាល​ខេត្ត​ប៉ៃលិន បានមានប្រសាសន៍ថា៖ ​ទោះក្នុង​កាលៈទេសៈណាក៍ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន គឺតែងតែគិតគូពីសុខទុក្ខរបស់កងទ័ព និងគ្រួសារទ័ព នៅគ្រប់​កង​ឯកភាព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ឯកឧត្តមបាន​ប្រសាសន៍បន្តថា៖ ក្នុងនាមឯកឧត្តម ជាអភិបាលខេត្ត និងជា ប្រធានគណៈ​បញ្ជាការ​ឯកភាព​ខេត្ត, ឯកឧត្តម​នឹងជំរុញដល់បណ្តាអង្គភាពសម្ព័ន្ធ​មេត្រីភាពទាំងអស់​ក្នុងខេត្ត​ ត្រូវបន្តការ​ឧបត្ថម្ភ​គាំទ្រ និងចុះសួរសុខទុក្ខ ដល់កងយោធពលខេមរភូមិន្ទ ដែលកំពុង​បំពេញ​ភារកិច្ច​ការពារជាតិ និងប្រជាជន ដើម្បីជាការលើកទឹកចិត្ត ដល់ពួកគាត់ ដែលបានបូជាសាច់ស្រស់ ឈាម​ស្រស់​ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៍ដូច​ជា​ផ្សារភ្ជាប់​មនោសញ្ចេនារវាងសមរភូមិមុខ និងសមរភូមិក្រោយ​ឱ្យបានកាន់តែជិត​សិ្នទ្ធថែមទៀត។

ឯកឧត្តមឧត្តមសេនីយ៍ឯក​ ប៊ុន សេង បាន​មាន​ប្រសាសន៍​កោតសរសើរ​ ដល់អង្គភាព​វរសេនាតូចលេខ១  ដែលមាន​ការ​វិវឌ្ឍឈាន​ឡើង​ច្រើន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយ:ពេល​មុន។ នេះ​បញ្ជាក់​ពី​ប្រសិទ្ធ​ភាព​នៃការ​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​អង្គភាព​គ្រប់​ជាន់ថ្នាក់​ ,ការ​សាមគ្គី​ឯកភាព​ផ្ទៃ​ក្នុង​ល្អ​ និង​ដោយ​អាស្រ័យ​មានការ​ចូលរួម​ដ៏សស្រាក់សស្រាំ​ពី​នាយ-ពល​ទាហាន​គ្រប់​ៗរូប​ និងការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្ត សប្បុរស​ជន និងបណ្តាសម្ព័ន្ធមេត្រីភាព។​ ឯក​ឧត្តម ក៍បាន​ក្រើនរំលឹក​ដល់គ្រប់​អង្គភាពទាំងអស់ ត្រូវ​អនុវត្ត​ន៍ឱ្យបាន​រឹង​មាំនូវ​ភារកិច្ច​នៃកងយោធពល​ខេមរ​ភូមិន្ទ​ គឺការពារជាតិ​បូរណភាព​ទឹកដី​ ការពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​ព្រះ​មហាក្សត្រ ការពារ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​ ការពារ​សន្តិ​ភាព​ស្ថិរ​ភាព​សង្គម​ជាតិ​ឱ្យ​បាន​ដាច់​ខាត​ ទោះក្នុង​តម្លៃណាក៍ដោយ។ ឯកឧត្តមក៏បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ ដល់បណ្តា​អង្គភាព​ទាំងអស់​ ជាពិសេស​អង្គភាព​វរសេនាតូច​លេខ​១ ចំណុះឱ្យ​តំបន់ ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប៉ៃលិន​ ត្រូវបន្ត​អនុវត្ត​ន៍ការងារ​កសាងពង្រឹង​អង្គ​ភាព​រឹងមាំ​លើ​គ្រប់វិស័យ ដូច​ដែល​មាន​ចែង​នៅក្នុងផែនការកសាង ពង្រឹង​អង្គភាព​រឹងមាំ ​របស់​យោធភូមិភាគទី៥ ដោយស្មារតី ទទួល​ខុស​ត្រូវ​ខ្ពស់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន