ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គណកម្មាធិការទី២ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណកម្មាធិការទី២នៃព្រឹទ្ធសភា បានអញ្ជើញចុះសិក្សាស្វែងយល់ពីការអនុវត្តថវិកា ការអភិវឌ្ឍនូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះ មាន លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក លោកមេឃុំ ស្មៀនឃុំ លោកអធិការនរគបាលស្រុក ព្រមទាំងលោកប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ។
លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានមានប្រសាសន៍ថា ស្រុកសាលាក្រៅ ជាស្រុកមួយក្នុងចំណោមស្រុក និង ក្រុងមួយ នៃខេត្តប៉ៃលិន, មានចំងាយ១៧ គីឡូម៉េត្រ ពីទីរួមខេត្តប៉ៃលិន។ មានព្រំប្រទល់ខាងជើងជាប់ស្រុកគំរៀង ខេត្តបាត់ដំបង ខាងត្បូងជាប់ក្រុងប៉ៃលិន ខាងលិចជាប់ស្រុកពោណាំរ៉ន ខេត្តចាន់បូរី បរទេសថៃ និងខាងកើតជាប់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ មានផ្ទៃដីសរុប៤៧៥,៦០ គ.ម២ , មានឃុំចំនួន៤ មានភូមិចំនួន៤៩ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន ៣៣.៦២៣នាក់ ក្នុងនោះ មានស្រី១៦.៨១៤នាក់។ លោកបានបន្តថា រដ្ឋបាលស្រុកបានអនុវត្តកម្មវិធីជាតិ សម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានរយៈពេល១០ឆ្នាំមកហើយ និងបានអនុវត្តបញ្ចប់ជំហាទី២ នៃ ផ.អ.៣ទី២ ដោយផ្តោតសំខាន់លើការផ្ទេរមុខងារក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានជាចាំបាច់នានា ការលើកំពស់គណនេយ្យភាព ការបង្កើននូវគំនិតផ្តួចផ្តើម និងស្វ័យភាពមូលដ្ឋាន ការបង្កើនធនធានមូលដ្ឋាន និងការអភិវឌ្ឍសមត្ថភាពមូលដ្ឋាន។ លោកបានបន្តថា មកដល់ពេលនេះ រដ្ឋបាលស្រុកក៏បានកសាងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជា ផ្លូវថ្នល់ស្ពាន លូ សាលារៀន អណ្តូងទឹក ស្រះទឹក អាងត្រងទឹកភ្លៀង បង្គន់អនាម័យ និងសំណង់ធារាសាស្រ្តយ៉ាងច្រើន។ រដ្ឋបាលស្រុកក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើ។
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណកម្មាធិការទី២នៃព្រឹទ្ធសភា បានមានប្រសាសន៍កោតសរសើចំពោះការវិវឌ្ឍន៍រីកចំរើននៃស្រុកសាលាក្រៅ និងស្មារតីនៃខិតខំប្រឹងប្រែងក្នុងការងារអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពរបស់របស់រាជរដ្ឋាភិបាល ដែលរក្សាបាននូវសន្តិសុខ សុវត្ថភាពល្អប្រសើជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍ថា នេះជាលើកទី២ នៃការមកដល់ខេត្តប៉ៃលិនរបស់ឯកឧត្តម និងឃើញមានសំណង់អាគារ សាលារៀន ផ្លូវថ្នល់ និងជីវភាពរបស់ប្រជាពលរដ្ឋមានការីកចំរើនខ្លាំង បើប្រៀបនឹងពេល ដែលឯកឧត្តមបានមកដល់ខេត្តប៉ៃលិនលើកទី១។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ចំពោះការអនុវត្តថវិកា គឺឃុំនីមួយៗ នៃស្រុកសាលាក្រៅ អាចធ្វើបានយ៉ាងល្អប្រសើ ដោយឃុំខ្លះអនុវត្តកញ្ចប់ថវិកាបានបាន៣ជុំ និងមានឃុំខ្លះទៀត ឈានដល់កំពុងអនុវត្តនូវជុំទី៤ទៀតផង ដែលនេះបង្ហាញពីការខិតខំប្រឹងប្រែងធ្វើការងារ និងសមត្ថភាពយល់ដឹងខ្ពស់របស់មន្រ្តីក្នុងឃុំនីមួយៗ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ចំពោះបញ្ហាប្រឈមមួយចំនួនទៀតដែលឃុំបានជួបប្រទះ, ឯកឧត្តមនឹងលើសំណើរទៅថ្នាក់លើបន្តទៀត ដើម្បីដោះស្រាយអោយបានល្អប្រសើ។
សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជា ជេដ្ឋ ក៏បានអនុញ្ញាតិអោយលោកអភិបាលរងស្រុក លោកអធិការនគបាលស្រុក លោកមេប៉ុស្ត៍នគរបាលរដ្ឋបាលឃុំទាំង៤ លោកមេឃុំមេឃុំ ស្មៀនឃុំទាំង៤ ឡើងធ្វើបទបង្ហាញអំពីការអនុវត្តថវិកា និងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព នៅក្នុងឃុំរបស់ខ្លួនផងដែរ៕ ដោយ វួច ពឿន