ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មានធ្វើពិធីប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីប្រកាសផ្ទេរតំណែងនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនជាច្រើរូបទៀតផងដែរ។
បន្ទាប់ពីឯកឧត្តម កើត សុធា អតីតប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានធ្វើរបាយការណ៍សកម្មភាពរបស់គណបក្សខេត្ត ជូនអង្គពិធីរួចមក ឯកឧត្តម សោម សឿន សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដោយត្រូវបានសម្រេចតែងតាំងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អោយចូលកាន់តំណែង ជាប្រធានគណកម្មាធិការគណបក្សប្រជាជនខេត្តប៉ៃលិន និងជាអនុប្រធានប្រចាំការក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន ជំនួសឯកឧត្តម កើត សុធា ដែលត្រូវទៅទទួលភារកិច្ចថ្មី ជាទីប្រឹក្សាគណកម្មាធិការគណបក្សប្រជាជនខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល ដែលទើបទទួលបានការតែងតាំងថ្មី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះគណអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់នូវជំនឿទុកចិត្ត អោយឯកឧត្តមបានទទួលមុខតំណែងជាប្រធានគណកម្មាធិការគណបក្សខេត្តប៉ៃលិន និងជាអនុប្រធានប្រចាំការក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន។ ឯកឧត្ដមបានធ្វើការប្តេជ្ញាចិត្តថា នឹងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះទៅ ដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់ទៀត។ លើសពីនេះទៅទៀតនោះ ឯកឧត្តម បានបេ្តជ្ញាចូលរួម ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” និងជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។ ឯកឧត្តមក៏បានបេ្តជ្ញាខិតខំជំរុញការស្តារ កសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឲ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាជំហានៗ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលអាណត្តិទី៦ នេះផងដែរ៕
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា៖ ការតែងតាំង ការតម្លើងឋានៈ និងការផ្ទេរភារកិច្ចមន្រ្តីគណបក្ស គឺជាការងារជាប្រក្រតី ដែលគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ គ្រប់ផ្នែក តែងបានអនុវត្ត ដើម្បីឆ្លើយតបតាមសំណូមពរចាំបាច់របស់គណបក្ស និងស្របតាមសភាពការណ៍ជាក់ស្ដែងនៃដំណាក់កាលនីមួយៗ។ សម្តេចបានកោតសរសើរចំពោះ ឯកឧត្តម កើត សុធា អតីតប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការដឹកនាំ កសាង និងពង្រឹងពង្រីកគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អោយបានរីកចម្រើន រឹងមាំ ជាពិសេសក្នុងឋានៈជាអភិបាលនៃគណអភិបាលខេត្តប៉ៃលិន ដែលកន្លងមកបានដឹកនាំអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលជាផ្លែផ្កា ធ្វើអោយខេត្តប៉ៃលិន បានប្រែមុខមាត់ថ្មីជាលំដាប់ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ សម្តេចវិបុលសេនាភក្តី ក៍បានផ្ដាំផ្ញើដល់ឯកឧត្តម ផាន់ ចាន់ធុល ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដឹកនាំ កសាងខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និង កម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះ អោយបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃអោយបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអាណត្តក្រោយៗទៀត អោយទទួលបានលទ្ធផលជោគជ័យ៕ ពិនិត្យ កែសម្រួលៈ វួច ពឿន