ដើម្បីអបអរសាទរទិវាសម្អាតពិភពលោក , នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ លោក ហ៊ុន បិន នាយករដ្ឋបាលសាលាស្រុក និង លោក ឈា ហឿន អនុប្រធានមន្ទីរបរិស្ថាន ជាប្រធាន, បានដឹកនាំមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចុះរើសសំរាមនៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ,ពីចំណុចសាលាស្រុកសាលាក្រៅ រហូតដល់រង្វង់មូល ប្រជុំជនស្រុក ដោយកាត់តាមផ្សារសាលាក្រៅ ដើម្បីប្រមូលសំរាម មានថង់ប្លាស្ទិក សំបកដបជាដើម ដើម្បីធ្វើការកំទេចចោល។
លោក ឈា ហឿន បានបញ្ជាក់ថា ការចុះរើសសំរាមតាមដងផ្លូវនាពេលនេះមានគោលបំណង៖ ទី១ ដើម្បីសំអាតតាមដងផ្លូវអោយមានសោភណភាពល្អ។ ទី២ ដើម្បីអប់រំណែនាំ បណ្តុះស្មារតីប្រជាពលរដ្ឋអោយចេះស្រឡាញ់ ថែរក្សាបរិស្ថានអោយបានល្អ ចេះទុកដាក់សំរាមអោយមានសុវត្ថភាព។ លោក ឈា ហឿន ក៏បានពន្យល់ណែនាំប្រជាពលរដ្ឋដែលលក់ដូរនៅតាមបណ្តោយផ្លូវ ក្នុងផ្សារសាលាក្រៅ អោយទុកដាក់សំរាមក្នុងធុងសំរាមអោយបានត្រឹមត្រូវ ពិសេសបានណែនាំដល់ប្រធានផ្សារសាលាក្រៅ ត្រូវយកចិត្តទុកដាក់មើលថែរក្សាបរិស្ថាន អនាម័យ ក្នុងបរិវេណផ្សារអោយបានល្អ ត្រូវចាក់ដីលុបថ្លុកទឹកដែលដក់ក្នុងបរិវេណផ្សារ និងរៀបចំកន្លែងទុកដាក់សម្រាមអោបានត្រឹមត្រូវ៕ វួច ពឿន