មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលស្តីពីការស្វែងរកទីផ្សារកសិផលដំឡូងមី និងពោត


នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៨នេះ មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន សហការ​រៀបចំដោយ វិទ្យាស្ថាន បណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និង នាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការស្វែងរកទីផ្សារ កសិ​ផលដំឡូងមី និងពោត ជូនដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ ម្ចាស់សៃឡូ អាជីវករ ពាណិ​ជ្ជករ ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្មនានា និងប្រជាពលរដ្ឋខេត្តប៉ៃលិនមួយចំនួនទៀតផងដែរ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោកជំទាវ ជា លាភ អភិបាលរងខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត និង លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះ​បណ្តាល​ពាណិជ្ជ​កម្ម ​និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម។

លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានអោយដឹងថា៖ ការរៀបចំអោយមាន វគ្គ​បណ្តុះ​​បណ្តាលនេះគឺមានសារះ​សំខាន់ ​ដែលអាចជម្រុញសេដ្ឋកិច្ចនៅក្នុងខេត្តប៉ៃលិនអោយមានការរីកចំរើន  និងលើក​កម្ពស់​អាជីវកម្មខ្នាតតូច និងមធ្យមឲ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។

លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃ​ក្រសួង​ពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ បច្ចុប្បន្នទីផ្សារដំឡូងមី និងពោត កំពុងមានសក្តានុពលជាខ្លាំង ​សម្រាប់​ប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា មានខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ  ។ លោកបានបន្តថា ចំពោះទីផ្សារកសិផលដំឡូងមី និងពោត របស់ប្រជាពលរដ្ឋយើង មានប្រទេស ០៣ សំខាន់ៗ រួមមាន៖ ប្រទេសថៃ ប្រទេសវៀត​ណាម និងប្រទេសចិន ។

ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ក្រួងពាណិជ្ជកម្ម និងមន្ទីរ​ពាណិជ្ជកម្មខេត្តប៉ៃលិន ដែលរៀបចំអោយមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រជាពលរដ្ឋខេត្តប៉ៃលិន។ ឯកឧត្តមបាន​បន្ត​ថាៈ​ ការស្វែងរកទីផ្សារកសិផលដំឡូងមី និងពោត គឺជាតម្រូវការ​ចាំបាច់​មិនអាច​ខ្វះ​បានឡើយ ព្រោះប្រជាពលរដ្ឋខេត្តប៉ៃលិនភាគច្រើនគឺជាអ្នកចំការ។ ដូច្នេះការធ្វើយ៉ាងណាអោយតម្លៃកសិផលរបស់ប្រជាពលរដ្ឋខ្ពស់នៅលើទីផ្សារ គឺជាជោគជ័យរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់យើង។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា៖ បច្ចុប្បន្នខេត្តប៉ៃលិន​បានកំពុង​មានក្រុមហ៊ុនបរទេសធំៗជាច្រើនមកវិនិយោគលើផ្នែកកសិកម្ម ព្រមទាំងលើកកម្ពស់ទីផ្សារកសិកម្ម​អោយ​កាន់​តែសម្បូរបែបទៀតផង ដែលនេះជាឱកាសមួយដែលអាចអោយប្រជាកសិករ​យើងមានភាព​ងាយ​ស្រួលក្នុងការទិញ-លក់ និង មានទីផ្សារ ស្ថិតស្ថេរ ច្បាស់លាស់៕  វួច ពឿន