អភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តចាន់បូរី ប្រទេសថៃ អញ្ជើញបិតវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជួសជុលម៉ាស៊ីនត្រជាក់ និងជួសជុលគ្រឿងយន្តកសិកម្ម និងម៉ាស៊ីនធុនតូច


ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន មានពិធីបិតវគ្គវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជួសជុលម៉ាស៊ីនត្រជាក់ និងជួស​ជុលគ្រឿងយន្តកសិកម្ម និងម៉ាស៊ីនធុនតូច ជូនដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន, ក្រោមអធិប​តី​ភាពឯកឧត្តម ផាន់ ចាន់ ធុល អភិបាលខេត្តប៉ៃលិន ប្រទេសកម្ពុជា និងឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បូរី ប្រទេសថៃ។

ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានមាន​ប្រសាសន៍ថា៖ ដើម្បី​បង្កើនកិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នា​ទៅវិញទៅមក រវាងការិយាល័យអភិវឌ្ឍន៍ជំនាញ ​ខេត្តច័ន្ទបុរី និងមជ្ឍមណ្ឌលបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន យើងបានរួមគ្នា​បើក​វគ្គបណ្តុះបណ្តាលជំនាញ ដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន​ផ្ទាល់តែម្តង ដោយភាគីថៃ បញ្ជូនគ្រូជំនាញ និងសម្ភារៈបច្ចេកទេស មកបើកបណ្តុះបណ្តាល​នៅក្នុងមជ្ឈ​មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តប៉ៃលិន។ ឯកឧត្តមបានបន្តថា ​នៅ​ឆ្នាំបន្ទាប់ៗទៀត ការិយាល័យអភិវឌ្ឍន៍ជំនាញ ខេត្តច័ន្ទបុរី នឹងបន្តសហការបើកវគ្គ​បណ្តុះបណ្តាល់ជំនាញដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ឱ្យ​បាន​​​ច្រើនជាងនេះ ដើម្បីជួយបណ្តុះបណ្តាលកម្មករជំនាញអោយមានសមត្ថភាព បច្ចេកទេសគ្រប់គ្រាន់ សមស្របទៅនឹងតម្រូវការការងារទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសថៃ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណ​ដល់ មន្រ្តីជំនាញខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ ដែលបានជួយបើកវគ្គបណ្តុះ​បណ្តាល​ជំនាញដល់​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន, ឱ្យពួកគាត់មានចំណេះជំនាញច្បាស់លាស់ ដើម្បី​យកទៅប្រកបមុខរបរចិញ្ចឹមជីវិត។ ឯកឧត្តមអភិបាលខេត្ត ក៍បានជំរុញ​ដល់​មន្ត្រីជំនាញ​នៃខេត្តទាំង២ បន្តសហការគ្នាឱ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃ​ប្រទេសទាំង២ ជាពិសេសការសហការបើកវគ្គបណ្តុះបណ្តាលជំនាញ ដល់​ប្រជាពលរដ្ឋខេត្ត​ប៉ៃលិន ឱ្យបានកាន់តែច្រើនឡើងថែមទៀត។

បើតាមការបញ្ជាក់របស់លោក គឺន សុគុន្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះ​បណ្តាលវិជ្ចាជីវៈ​ខេត្តប៉ៃលិន បាន​ឱ្យដឹងថា៖ ក្នុងវគ្គបណ្តុះបណ្តាលដែលសហការរវាង កម្ពុជា និង ថៃ នេះ គឺមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ ០៧ខែកញ្ញា ឆ្នាំ២០១៨ ដោយមានសិក្ខា​កាមចំនួន ៤០នាក់ លើមុខជំនាញបច្ចេកទេស ជួសជុលម៉ាស៊ីនត្រជាក់ និងជួសជុល​គ្រឿងយន្តកសិកម្ម/ម៉ាស៊ីនធុនតូច៕ វួច ពឿន