ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត ឯកឧត្តម សៅ សារ៉ាត់ និង លោក ឧត្តមសេនីយត្រី ទី សុខា ប្រធានស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារ អន្តរ ជាតិព្រំ និងសប្បុរសជន បានអញ្ជើញប្រគល់ឯកសណ្ឋាន និងវិទ្យុទាក់ទង ព្រមទាំងសម្ភារៈ បច្ចេកទេស មួយចំនួនទៀត ដល់ប្រជាការពារភូមិ ចំនួន ១៩នាក់, នៅទីស្នាក់ការភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានធ្វើការផ្សព្វផ្សាយ ពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច និងអំពីតួនាទីភារកិច្ច សិទ្ធអំណាច របស់ប្រជាការពារភូមិ ដល់ប្រជាការពារភូមិទាំងអស់ ដើម្បីបានយល់ជ្រាប សំរាប់យកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃអោយទទួលលទ្ធផលល្អ។ ឯកឧត្តមក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាការពារភូមិទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាពេលកន្លងមក និងការគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិ ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត។
សូមបញ្ជាក់ថា៖ ឯកសណ្ឋានប្រជាការពារ និងវិទ្យុទាក់ទងចំនួន ១៩ឈុត ព្រមទាំងសម្ភារៈមួយចំនួន ដែលប្រគល់ជូនដល់ប្រជាការពារភូមិនាពេលនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជននៅក្នុងខេត្ត ។ នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រមទាំងសប្បុរសជន ក៍បានប្រគល់កង់ ចំនួន ០៣គ្រឿង ដល់សិស្សក្រីក្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅសាលារៀនផងដែរ ។ វួច ពឿន