ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អណត្តិទី៦ បានជួយសាងសង់ផ្ទះជូនលោកយាយ យឹម អេង អាយុ ៧៨ឆ្នាំ ដែលមានជីវភាពទីទាល់ក្រ គ្មានទីពឹង រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមលោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា៖ បើទោះជា លោកជំទាវ បាន ស្រីមុំ មានការមមាញឹកក្នុងការងារក្តី តែលោកមិនដែលភ្លេច ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តនោះឡើយ និងបានខិតខំគៀងគររកសប្បុរសជន និងការចូលរួមពីគ្រមមជ្ឍដ្ឋាន ដើម្បីជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ជួបការលំបាកក្នុងជីវភាពរស់នៅ។ ឯកឧត្តម សៅ សារ៉ាត់ ក៍បានមានប្រសាសន៍ជំរុញដល់ ក្រុមយុវជន ស.ស.យ.ក ទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាព និងមានសាមគ្គីភាព ប្រកបដោយឆន្ទះមុះមុត ដើម្បីបំពេញការងាររបស់ខ្លួនជាច្រើនទៀត អោយទទួលបានជោគជ័យ។
សូមបញ្ជាក់ថា៖ ផ្ទះដែល យុវជន ស.ស.យ.ក ខេត្ត ជួយសាងសង់ជូនលោកយាយ យឹម អេង គឺមានទទឹង ៤ម៉ែត្រ បណ្តោយ ៥ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ដោយចំណាយថវិកាផ្ទាល់របស់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន៕ វួច ពឿន