ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តីទី២


នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ច​ប្រជុំសាមញ្ញ ​លើកទី​៥២ អាណត្តិទី២របស់ខ្លួន ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល ក្រុង/ស្រុក ប្រធាន- អនុប្រធានមន្ទីរស្ថាប័នជំវិញខេត្ត លោកមេឃុំ ចៅ​សង្កាត់ ​​និងតំណាង កងកំលាំងប្រដាប់អាវុធទាំង៣ស្ថាប័ន ផងដែរ។

​     កិច្ចប្រជុំក្រុមប្រឹក្សាខេត្តដើម្បី៖ទី១/ ពិនិត្យ និងអនុម័តរបៀបវារៈកិច្ចប្រជុំ​សាមញ្ញ​លើក​ទី៥២។ ទី២/  ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥១។ ទី៣/ពិនិត្យ និងអនុម័តរបាយការណ៏ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត​ប្រចាំខែសីហា  ២០១៨  និង ទី៤/ បញ្ហាផ្សេងៗ។

បន្ទាប់ពីតំណាងរដ្ឋបាលខេត្តបានអាន របាយការណ៏ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត​ប្រចាំខែសីហា  ២០១៨ រួចមក,  សមាជិកនៃអង្គប្រជុំ​ ក៏បានលើក​ឡើង​អំពីបញ្ហាប្រឈមនានាដើម្បីពិនិត្យ និង ធ្វើការដោះស្រាយរួមមាន៖ទី១/បញ្ហាការធ្វើរបាយការណ៏នៅតាមអង្គភាពមន្ទីរជំនាញមួយចំនួននៅមានភាពយឺតយ៉ាវខ្លាំង។ទី២/បញ្ហារថយន្តធ្វើអាជីវកម្មដឹកដី ធ្វើអោយធ្លាក់មកលើផ្លូវបណ្តាលអោយខូចខាតផ្លូវ និង រថយន្តធនធំបើកលឿន និង ​ដឹក​លើសទម្ងន់ធ្វើប៉ះពាល់ដល់​បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈ។​ទី៣/​ប្រជាពលរដ្ឋនៅតែបោះចោលសំរាមចូលទៅក្នុងលូដែលបណ្តាលអោយស្ទះលូ។ ទី៤/បញ្ហាការធ្វើ ប័ណ្ណព្រំដែនមិនទាន់ច្បាស់លាស់។​ ទី៥/បញ្ហាឃុំស្ទឹងត្រង់ នៅបណ្តាភូមិ​ខ្លះមិន​ទាន់មានការ​តភ្ជាប់ បណ្តាញភ្លើងអគ្គីសនីជូនប្រជាពលរដ្ឋប្រើប្រាស់នៅឡើយ។​ទី៦ /បញ្ហាការបង់ពន្ធ​ពីការ​ផ្ទេរកម្មសិទ្ធិ ធ្វើមិនទាន់បានតាមផែនការ។ ទី៧/អំពីបញ្ហាការជួញដូប្រើប្រាស់​គ្រឿង​ញៀននៅតែមាននៅតាមមូលដ្ឋានមួយចំនួន និងទី៨/មានជនមិន​ស្គាល់​មុខធ្វើការកាយ​យក​ដីពីភ្នំធ្វើអោយប៉ះពាល់ដល់ធនធានព្រៃឈើ ភ្នំរបស់រដ្ឋ។

ឯកឧត្តម ផាន់ចាន់ ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖​ បញ្ហាដែល​សមាជិកនៃកិច្ចប្រជុំបានលើកឡើងនៅពេលនេះ រដ្ឋបាលខេត្តនឹងខិតខំយកចិត្តទុកដាក់ ជំរុញដល់មន្ទីរជំនាញ និង អង្គភាព​ដែលជាប់ពាក់​ព័ន្ធទាំងអស់ ប្រឹងប្រែងដោះស្រាយអោយបាន, ក្នុងន័យកែលំអ និងបំរើសេវាជូនប្រជាពលរដ្ឋ​អោយបាន​ល្អ​ប្រសើ​។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ផាន់ចាន់ ធុល ក៏​បាន​ស្នើរមន្ទីរ អង្គភាព ជំនាញ និងអាជ្ញាធរក្រុង/ស្រុកទាំងអស់ ​ត្រូវខិតខំថែរក្សា​ការពារព្រៃឈើ និង ភ្នំ អោយបានគង់វង្ស និង ត្រូវមានឆន្ទះ ស្មារី សាមគ្គី សហការគ្នាអោយបានល្អ ខិតខំអនុវត្ត​ការ​ងារអោយបានហ្មត់ច្មត់ ជា​ពិសេសមន្ទីរ អង្គភាពជំនាញត្រូវសហការជាមួយរដ្ឋបាលខេត្ត ក្នុង​ការ​ចូលរួមដោះស្រាយបញ្ហានានា ទៅ​តាម    ​សេចក្តី​ត្រូវការរបស់បងប្អូនប្រជាពល​រដ្ឋ​អោយ​បាន​ទាន់ពេលវេលា។

ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានមាន​ប្រសាសន៍កោតសសើរ​ដល់​រដ្ឋ    បាលខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយរាល់​បញ្ហាប្រឈមនានា​ដែល​កើតមានឡើងកន្លងមក ទទួល​បានលទ្ធផលល្អ ជាពិសេសបាន​យក​ចិត្តទុកដាក់​ ពង្រឹងកិច្ចការពារសន្តិសុខ   សណ្តាប់ធ្នាប់សង្គមបានល្អ និងអភិវឌ្ឍន៍​ខេត្ត​ប៉ៃលិនអោយមានការរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមក៏បានស្នើរ ដល់​​រដ្ឋបាលខេត្ត​ និង​មន្ទីរស្ថាប័នជំវិញខេត្ត ​ត្រូវបន្តខិតខំរួមគ្នាធ្វើការដោះស្រាយបញ្ហា រាល់ទុកកង្វល់​ និងសំនូម​ពរ​ពីបងប្អូនប្រជា​ពលរដ្ឋ​អោយបានល្អ។ ចំពោះបញ្ហាប្រជាពលរដ្ឋ នៅតែចោល​សំ​រាម​​ចូលក្នុងលូ, រដ្ឋ​បាល​ក្រុង ​មន្ទីរអង្គភាពពាក់ព័ន្ធ​ត្រូវចុះត្រួតពិនិត្យ ដោះ​ស្រាយ​​អោយបានទាន់ពេលវេលា។ ទន្ទឹមនេះ ឯកឧត្តមក៏​បានសំនូមពរដល់ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម ​និង មន្ត្រីជំនាញត្រូវពន្យល់ណែនាំពីបច្ចេកទេស​ដាំដុះដល់កសិក​អោយយល់​កាន់ច្បាស់ ក្នុងន័យលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ៕