បើតាមការលើកឡើងក្នុងមហាសន្និបាតបូកសរុបការងារលើកទី៣ ឆ្នាំ២០១៨ របស់សហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិសាត់, នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ , ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន, បានឱ្យដឹងថា៖ បច្ចុប្បន្នសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន ផលិតបានចំនួន ៥៥៩០តោន ក្នុងឆ្នាំ២០១៧ ដោយបានកើនឡើងជាង ៣០% សំរាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។ លោក ស្រេង ស្រៀង ប្រធានសមាគមន៍មៀនប៉ៃលិនបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ ប្រជាកសិករនៅខេត្តប៉ៃលិន បានងាកមកដាំដំណាំយុទ្ធសាស្ត្រឈើហូបផ្លែ ដូចជា ដំណាំមៀនប៉ៃលិន ស្វាយកែវរមៀត ស្វាយចន្ទី សាវម៉ៅ ធុរេន ជាដើម ជំនួសដំណាំដំឡូង ពោត សណ្តែក ដែលមិនសូវអំណោយផល និងទទួលបានទន្និផលទាប។ ជាច្រើនឆ្នាំមកនេះ ចំពោះបញ្ហាដែលកសិករដាំមៀនប៉ៃលិនកំពុងជួបប្រទះ គឺការធ្វើច្បាប់ស្តង់ដាភូតគាម អនាម័យ SPS ដែលកំពុងធ្វើឱ្យរាំងស្ទះដល់ការនាំចេញកសិផលរបស់ខ្មែរយើងត្រង់ ទៅក្រៅប្រទេស ជាពិសេស គឺផ្លែមៀនប៉ៃលិន និងផ្លែស្វាយកែវល្មៀត។
ឯកឧត្តម សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្ម បានឱ្យដឹងថា៖ ផ្លែមៀននៅខេត្តប៉ៃលិន មានបរិមាណកើនឡើងជារៀងរាល់ឆ្នាំ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងពាណិជ្ជកម្មផ្ទាល់ គឺកំពុងជួយសម្របសម្រួល និងបើកផ្លូវឱ្យការនាំចេញផ្លែមៀនប៉ៃលិន ទៅលក់នៅប្រទេសចិនដោយត្រង់តែម្តង ដោយមិនបាច់ឆ្លងកាត់ប្រទេសថៃ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ សហគមន៍កសិកម្ម មានតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ជីវភាពរបស់ប្រជាកសិករ។ ដូច្នេះយើងត្រូវជួយជំរុញអោយសហគមន៍កសិកម្មទាំងអស់មានវឌ្ឍនភាព មានការរីកចំរើន ហើយដើម្បីអោយសហគមន៍មានការរីកចំរើន មាននិរន្តរភាពទៅបាន គឺថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ទាំងមូល ត្រូវបង្កើននូវជំនឿចិត្ត មានភាពស្មោះត្រង់ និងតម្លាភាព ហើយខិតខំស្វែងដៃគូសហការ និងវិនិយោគ ជាពិសេសទីផ្សារច្បាស់លាស់។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា៖ ការធ្វើមហាសន្និបាតរបស់សហគមន៍នាពេលនេះ គឺជាឱកាសមួយយ៉ាងសំខាន់សម្រាប់ថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ទាំងអស់បានបញ្ចេញនូវមតិយោបល់នានា ព្រមទាំងបានបង្ហាញនូវលទ្ធផលការងារដែលសហគមន៍បានអនុវត្តន៍នាពេលកន្លងមក និងផែនការទិសដៅផ្សេងៗដែលសហគមន៍ត្រូវធ្វើបន្ត។ ដូចនេះបើបងប្អូនមានចម្ងល់ត្រូវសួរ និងត្រូវបញ្ចេញមតិយោបល់ ផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា ដើម្បីរកការរីកចំរើនក្នុងរហគមន៍របស់ខ្លួន។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ ក្រសួងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរសក្តិ បានខិតខំធ្វើការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ សំដៅស្វែងរកដំណោះស្រាយបញ្ហានានា ជូនដល់វិស័យឯកជនជាតិ និងអន្តរជាតិ ជាមួយរាជរដ្ឋាភិបាល ដូចជាការគាំទ្រការរៀបចំជំនួបធុរកិច្ច ក៏ដូចជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៍បានមានប្រសាសន៍កោតសរសើដល់សហគមន៍មៀនប៉ៃលិន ដែលបានខិតខំរួមចងក្រងគ្នាជាសហគមន៍ និងចូលរួមលើកស្ទួយគុណភាពកសិផលខ្មែរ សម្គាល់ភូមិសាស្ត្រ ហើយក្នុងនោះ សហគមន៍ត្រូវរួមគ្នាផលិតផ្លែមៀនឱ្យបានបរិមាណច្រើន ព្រមទាំងមានគុណភាព និងអនាម័យ ស្រមតាមស្តង់ដា និងតម្រូវការទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ថា៖ បច្ចុប្បន្ននេះ សហគមន៍ផលិតផលមៀនប៉ៃលិន មានសមាជិកចំនួន ២២៨នាក់ ស្រី៤២នាក់ មកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ និងប៉ៃលិនផ្ទាល់ ហើយសហគមន៍បានចុះកុងត្រាលក់ផ្លែមៀនទៅឱ្យក្រុមហ៊ុនចិន នៅក្នុងប្រទេសថៃ ដោយមានផ្ទៃដីដាំដុះចំនួន ៧៤៦ហិចតា ស្មើរនឹង ១១១៩០០ដើម មានប្រាក់ភាគហ៊ុនសរុប ចំនួន ២៣៣ ៩០០ ០០០រៀល ស្មើរនឹង ២៣៣៩ហ៊ុន និងទុនសរុបចំនួន ៣៧៥ ៤២៩ ៩០០រៀល៕ វួច ពឿន