អភិបាលខេត្តប៉ៃលិន ព្រលែងពស់ថ្លាន់ ១ក្បាល ទម្ងន់ជាង ១០គីឡូក្រាម ចូលក្នុងព្រៃធម្មជាតិវិញ


ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការ​អមដំណើរមួយចំនួនទៀត បានអញ្ជើញព្រលែងពោះថ្លាន់ ១ក្បាល ទម្ងន់ជាង ១០គីឡូក្រាម អោយទៅរស់នៅក្នុងព្រៃធម្មជាតិ តំបន់អភិរក្ស​ធនធានធម្មជាតិ ប្រើ​ប្រាស់ច្រើនយ៉ាង សំឡូត-ប៉ៃលិនវិញ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ពស់ថ្លាន់ ១ក្បាលនេះ គឺជាប្រភេទពស់ថ្លាន់ក្រឡាហូល ពណ៌មាស មានទម្ងន់ជាង ១០គីឡូក្រាម ដែលមន្ត្រីឧទ្យាននុរក្ស នៃមន្ទីរបរិស្ថានខេត្ត ទទួលបានពីប្រជាពលរដ្ឋល្អ រស់នៅភូមិក្បាល​ព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បន្តថា៖ បច្ចុប្បន្ន សត្វព្រៃ​បានកំពុង​រង​ការ​គំរាមកំហែង​ដោយសារ​ការបាត់បង់​ជម្រក ​ដែល​បណ្ដាល​មក​ពី​បទ​ល្មើស​កាប់​ព្រៃឈើ​ខុស​ច្បាប់ ការ​ដាក់​អន្ទាក់ និង​ការ​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ជាដើម។ ដូច្នេះ សូម​អោយប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ រួម​គ្នា​ការពារ​​សត្វព្រៃ ពិសេសមិនត្រូវ​បរិភោគ​សាច់​សត្វ​ព្រៃនោះឡើយ៕