ថ្នាក់ដឹកនាំ មន្ត្រីរាជការ ខេត្តប៉ៃលិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកស្រី ឃាង ធីរ៉ាផន នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្តប៉ៃលិន


នៅ​ព្រឹក​ថ្ងៃ​ទី២​ ខែ​កញ្ញា​ ឆ្នាំ​២០១៨ ឯកឧត្តមចេង ញ៉ាន់ អភិបាលស្តីទីខេត្តប៉ៃលិន រួមដំណើរដោយលោកជំទាវ ជាលាភ អភិបាលរងខេត្ត ឯកឧត្តម ហែម រិទ្ធី អភិបាលរង​ខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការអង្គភាព ស្ថាប័ន ជំវិញខេត្ត អញ្ជើញដាក់កំរងផ្កា​ គោរ​ព​វិញ្ញាសពលោកស្រី ​ឃាង​ ធីរ៉ាផន នាយករងទីចាត់ការហិរញ្ញវត្ថុ​សាលាខេត្ត​ប៉ៃលិន​នៅគេហដ្ឋាន​នៃ​សព ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន។

​        ឯកឧត្តម​ ចេងញ៉ាន់ អភិបាលស្តីទីខេត្ត​ក្នុង​នាម​ក្រុម​ប្រឹក្សា​ខេត្ត  ​គណៈអភិបាល​ខេត្ត​ថ្នាក់​ដឹក​នាំ​​មន្រ្ដី​រាជការ ​នៃ​រដ្ឋបាល​ខេត្តប៉ៃលិន កងកម្លាំង​ប្រដាប់​អាវុធ បាន​សំដែង​នូវការ​ចូល​រួម​រំលែក​ទុក្ខ​យ៉ាងគ្រៀមក្រំ​ជាមួយក្រុមគ្រួសារនៃសព ចំពោះ​ការ​ការ​បាត់បង់​លោកស្រី ​ឃាង​ ធីរ៉ាផន នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្តប៉ៃលិន​ ដែល​ជាបាត់​បង់​មន្ត្រី​រាជ​ការ​ម្នាក់ ដែល​មាន​ស្នាដៃល្អ​ ក្នុងការបំពេញភារកិច្ចបំរើជាតិ​មាតុភូមិ ​និង​ជាការបាត់បង់ប្រពន្ធ និងជាម្តាយបងប្អូន ជាទីស្រឡាញ់របស់ប្តី និងកូនៗ។

ក្នុងឱកាសនោះដែរឯកឧត្តម ចេង ញ៉ាន់ និងមន្រ្តីរាជការទាំងអស់ក៏បាន​អញ្ជើញ​ដាក់កំរងផ្កា និងអុចធូប បួងសួងសុំឲ្យវិញ្ញាណក្ខ័ន្ធរបស់លោកស្រី ឃាង​ ធីរ៉ាផន បានទៅកាន់សុខតិភពសុខកុំបីខាន។

សូមបញ្ជាក់ថាៈនៅ​ថ្ងៃ​ទី៣១ ​ខែ​សីហា ឆ្នាំ​២០១៨ វេលាម៉ោង ២០:៥៤នាទី យប់ ,​លោក​ស្រី ឃាង ធា​រ៉ា​ផន អាយុ​៤០​ឆ្នាំ ជានា​យក​រងទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ប៉ៃលិន​​​បានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកពោណាំរ៉ន ប្រទេសថៃ ដោយគ្រោះថ្នាក់ចរាចរ ៕ វួច ពឿន