ក្រុមការងារយោធភូមិភាគទី៥ធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីការកសាង ពង្រឹងអង្គភាពរឹងមាំ នៅផ្នែកសឹករងក្រុងប៉ៃលិន


នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៧ ក្រុមការងារយោធភូមិភាគទី៥ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ទោឈៀង អិត មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការ​ប្រចាំទិស​ទី៣ ប៉ៃលិន-សំឡូត និងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង បាន​អញ្ជើញ​ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីការកសាង ពង្រឹងអង្គភាពរឹងមាំ នៅទីបញ្ជាការ​ផ្នែក​សឹករង​ក្រុងប៉ៃលិន ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ដែលស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន។

លោកវរសេនីយ៍ទោ ជួប វុទ្ធី មេបញ្ជាការផ្នែកសឹករងក្រុងប៉ៃលិន បានបញ្ជាក់ថា ក្នុងត្រី​មាស​ទី៣ ឆ្នាំ ២០១៨ នេះ ផ្នែកសឹករងក្រុងប៉ៃលិន បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ​ខិតខំពង្រឹងកិច្ចការពារព្រំដែនគោក ដែលអង្គភាពខ្លួនទទួលខុសត្រូវ​បានរឹងមាំ​ និងបានរួម​ចំណែក​​ការពារសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានការពារសន្តិ​សុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ​និងគណបក្សនយោបាយ ក្នុង​ពេលធ្វើយុទ្ធនាការឃោស​នា​បោះឆ្នោត ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោតផងដែរ។ ​ទន្ទឹមនេះ នាយ និង​ ពលទាហាន​ក៏បាន​ខិតខំកសាងសមិទ្ធិផលនានា ដូចជា កសាងអាគារការិយ៉ាល័យ អាគារស្នាក់នៅ លេណ​ដ្ឋាន​ប្រយុទ្ធ និងចិញ្ចឹមសត្វ ដាំដំណាំបន្លែបង្ការ ដើម្បីធានាដល់​ជីវភាពរស់​នៅរបស់​កងទ័ព​អោយ​ប្រសើរឡើង។

លោកឧត្តមសេនីយ៍ទោ ឈៀង អិត មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការ​ប្រចាំទិសទី៣ ប៉ៃលិន-សំឡូត បានកោតសសើរដល់ នាយទាហាន និងពលទាហាន ផ្នែក​សិករង​​ក្រុង​​ប៉ៃលិន​ទាំងអស់ ដែលបានខិតខំកសាង​ និងពង្រឹងអង្គភាពរបស់ខ្លួន​បានល្អ​ជាពិសេសបានពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ មានការគោរពវិន័យកងទ័ពបានល្អ និងបានចូលរួមជួយដល់ការងារសង្គមផងដែរ។ លោក​ឧត្តមសេនីយ៍ទោ ឈៀង អិត ក៏បាន​ផ្តាំផ្ញើ​ដល់នាយ និងពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់ ​លើ​ការងារ​អប់រំ​ចិត្តសាស្ត្រ​ការងារ​ចិញ្ចឹម​ទ័ព និង ​ត្រួតពិនិត្យ​ ថែរ​រក្សា​អាវុធ​យុទ្ធ​ភ័​ណ្ឌ និងសម្ភារ​យោធា​ផ្សេង​ៗ​ទៀត​អោយបានម៉ឺងម៉ាត់ និង​ ​​បានគងវង់​ល្អ ដោយ​ទប់ស្កាត់បាននូវ​រាល់​ការចរាចរណ៍​លក់ដូរ​អាវុធ​ឆ្លងកាត់​ព្រំដែន។​ព្រមជាមួយគ្នានេះ​ត្រូវមានកិច្ចសហការល្អ​ជាមួយសមត្ថកិច្ចពាក់ព័ន្ធ​នៅតាមព្រំដែន ​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើសឆ្លង​តាម​ដែនខុសច្បាប់គ្រប់ប្រភេទ ជាពិសេសត្រូវ​សហការ​ជាមួយអាជ្ញាធរ​មូលដ្ឋានអោយបានជិតស្និទ្ធ ក្នុងការចូលរួមអនុវត្តគោលនយោបាយ​​ភូមិ -ឃុំ​មាន​សុវត្ថិភាពរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាព៕ វួច ពឿន