មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងអភិវឌ្ឍន៍សក្តានុពលអេកូទេសចរណ៍ធម្មជាតិនៅក្នុងខេត្តប៉ៃលិន នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍សក្តានុពលទេសចរណ៍ក្នុងខេត្តឱ្យអស់ពីលទ្ធភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកកំសាន្តកាន់តែច្រើន ជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត និងជីវភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ផាន់ ចាន់ធុល បានប្រសាសន៍ថា៖ ខេត្តប៉ៃលិនមានសក្តានុពលទេសចរណ៍ជាច្រើន ដែលយើងមិនប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ។ ដូច្នេះយើងត្រូវខិតខំបង្កលក្ខណៈងាយស្រួល និងគៀងគររកដៃគូវិនិយោគមកធ្វើការសិក្សា ដាក់វិន្និយោគទុនជាមួយសក្តានុពលទេសចរណ៍របស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្ត ក៏ដូចជាការលើកំពស់ជីវភាពប្រជាពលរដ្ឋយើង។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់ មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ ពង្រីកការឃោសនា និងផ្សព្វផ្សាយទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការសម្រួល ការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ការពង្រីកយន្តការគ្រប់គ្រងការអនុវត្តច្បាប់ ការពង្រឹងប្រព័ន្ធសន្តិសុខ និងសុវត្តិភាពទេសចរណ៍ ។
សូមបញ្ជាក់ថា៖ ក្នុងមួយឆ្នាំៗ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ បានមកកំសាន្តក្នុងខេត្តប៉ៃលិន ប្រមាណ៧៤.៤២២ នាក់ ដែលមានរម្មណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋានវប្បធម៌ ដូចជា៖ រម្មណីយ៍ដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ រម្មណីយ៍ដ្ឋានវប្បធម៌ភ្នំយ៉ាត រម្មណីយ៍ដ្ឋានស្ទឹងភ្នំដំបង រម្មណីយ៍ដ្ឋានអូរឈើក្រំ រម្មណីយ៍ដ្ឋានទឹកធ្លាក់ក្បាលដំរី រម្មណីយ៍ដ្ឋានចំការខ្នុរ រម្មណីយ៍ដ្ឋានកូលាបប៉ៃលិន រម្មណីយ៍ដ្ឋានស្ទឹងតារាប រម្មណីយ៍ដ្ឋានភ្នំកុយ រីសតមែម៉ូរីយ៉ា រម្មណីយ៍ដ្ឋានអូរអែម និងរម្មណីយ៍ដ្ឋានរហាត់ទឹក ដោយមានសណ្ឋាគារចំនួន ១០កន្លែង ផ្ទះសំណាក់ចំនួន ១៤កន្លែង សម្រាប់ផ្គត់ផ្គង់ការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ផងដែរ៕ វួច ពឿន