មន្ទីរផែនការខេត្តប៉ៃលិនបើកវគ្គបណ្តុះបណ្តាលស្តីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់


ព្រឹកថ្ងៃច័ន្ទ​១រោច​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ឋិស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹងថ្ងៃទី២៧​ ខែសីហា ឆ្នាំ២០១៨ មន្ទីរផែនការខេត្ត​ប៉ៃលិន សហការជាមួយ​អគ្គនាយក​វិទ្យា​​​​ស្ថានជាតិស្ថិតិ​ ក្រសួងផែនការ​ បានបើកវគ្គបណ្តុះ​បណ្តាល​ស្តីពី​ស្ថិតិគណនេយ្យជាតិ​ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ខេត្ត​ ក្រោមអធិបតីភាព​ឯក​ឧត្តម​ ទុយ​ ចំរើន​ អនុរដ្ឋលេខាធិការក្រសួងផែនការ​ និងមានការអញ្ជើញពីសំណាក់ឯក​ឧត្តម​ ហែម រីទ្ធី អភិបាលរងខេត្តប៉ៃលិន ព្រមទាំងលោក-លោកស្រី​ប្រធាន អនុ​ប្រធាន​មន្ទីរ មន្រ្តីរាជការពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ឯកឧត្តម ហែម រីទ្ធី អភិបាលរងខេត្តបានអោយដឹងថា៖ ខេត្តប៉ៃលិនមានអំណោយ​ផល​​ធម្មជាតិយ៉ាងសំខាន់ដល់ដំណាំកសិកម្ម និងកសិឧស្សាហកម្ម ដែលប្រជាពលរដ្ឋប្រកបមុខ​របប​កសិកម្មជាចម្បងមានចំនួន៦៩.៩% និងប្រកបមុខរបបសិប្បកម្ម​  និងសេវាកម្មមាន​ចំនួន​៣០.១%​​ ។ ឯកឧត្តមបានបន្តថា៖ ដោយអនុវត្តន៍តាមយុទ្ធសាស្រ្តចតុកោណរបស់​រាជរដ្ឋា​ភិ​បាលក្នុងការកាត់បន្ថយភាពក្រីក្រ និងការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាព និង​ដៃគូអភិវឌ្ឍន៍ទាំងអស់​ បាន​​សម្រេចនូវការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។ ​ ឯកឧត្តមបានបន្តថា ​ការរៀប​ចំវគ្គ​បណ្តុះ​បណ្តាល (ការគណនាផលិតផលក្នុងស្រុកសរុបGDPនិងការគណនាសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់CPI) ដ៏មានសារៈសំខាន់នេះ នឹងធ្វើអោយខេត្តមានចំណេះ ធនធាន មធ្យោបាយក្នុងការវាស់វែងអំពីកំរិតនៃការរីកចម្រើនរបស់ខេត្ត  និងសម្រាប់គៀង​គរវិនិ​យោ​គិន​នានា មកដាក់ទុនវិន្និយោគក្នុងខេត្តប៉ៃលិន។ ឯកឧត្តម​បាន​មានប្រសាសន៍បន្ត​ថា៖ កន្លង​មក​ខេត្ត​ប៉ៃលិន គឺមិនធ្លាប់មានការគណនាផលិតផល​ក្នុងស្រុកសរុប​(GDP)​ថ្នាក់ខេត្តនោះទេ ទើបតែពេលនេះយើងមានវគ្គបណ្តុះបណ្តាលការគណនា(GDP)នេះ ហើយ​នៅពេលខាងមុខ​ខេត្តប៉ៃលិន នឹងមានទិន្ន័យ(GDP)របស់ខេត្ត សម្រាប់បង្ហាញដល់ភ្ញៀវ ជាតិ អន្តរជាតិ និងអ្នក​ពាក់ព័ន្ធ ជាពិសេសអ្នកវិនិយោគដែលមានបំណង​ចង់ធ្វើការវិនិយោគ​ក្នុងខេត្តប៉ៃលិន។

ឯកឧត្តម​ ទុយ​ ចំរើន​ អនុរដ្ឋលេខាធិការក្រសួងផែនការបានមានប្រសាសន៍ថា៖ រាជ​រដ្ឋា​​ភិបា​លកម្ពុជា បានអនុវត្តន៍ជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ គឺរក្សា​ស្ថេរ​ភាពម៉ាក្រូសេដ្ឋកិច្ច និងនិរន្តរភាពកំណើន​សេដ្ឋ​កិច្ច​ជាតិក្នុងវង្វង់៧,០%  ហើយលទ្ធផល​ក្នុង​រយៈពេល១០ឆ្នាំកន្លងមក សេដ្ឋកិច្ចជាតិកម្ពុជាមានកំណើនជាមធ្យម៧,៧% ដែល​ជាកំណើន​ខ្ពស់ក្នុងបណ្តាប្រទេសក្នុងតំបន់ ដែលត្រូវបានដៃគូរអភិវឌ្ឍន៍ដូចជា៖ ធនាគារពិភពលោក ធនាគារ​អភិវិឌ្ឍន៍អាស៊ី  មូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃខ្ពស់និងកោតសសើរ។ ឯកឧត្តមបានបន្តថា រាជរដ្ឋា​ភិ​បាល​​ក៏បានរក្សាស្ថេរភាពអតិផរណាក្នុងកំរិតក្រោម៥,០% ដែលជាលក្ខខណ្ឌធានា ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច និងនិរន្តរភាពកំណើនសេដ្ឋកិច្ច ជាពិសេសខេត្តប៉ៃលិនមានសក្តានុពល​រួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តមបានបន្តថា៖ រាជរដ្ឋាភិបាល​កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវិឌ្ឍន៍ ទាំងហេដ្ឋារចនា​សម្ព័ន និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអោយថ្នាក់ខេត្ត មានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការអភិវិឌ្ឍន៍ ទាក់ទាញការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខេត្ត ​ពីមួយឆ្នាំ​ទៅមួយឆ្នាំ។ ម្យ៉ាងទៀតដើម្បីធ្វើការវាស់​វែងកំណើនសេដ្ឋកិច្ចខេត្ត យើងត្រូវ​មានស្ថិតិ​គណ​នេយ្យជាតិ ដែលធ្វើការគណនាផលិតផលក្នុងស្រុកសរុប( Gross Domestic Product ឬ GDP) ក្នុងមួយឆ្នាំសម្រាប់ខេត្ត។ ឯកឧត្តម​បានបន្ត​ទៀត​ថា៖ គណនេយ្យជាតិ និងសន្ទ​ស្ស​ន៍​​ថ្លៃទំនិញប្រើប្រាស់មានសារសំខាន់​ខ្លាំងណាស់ក្នុងការ​គណ​នា​អតិផរណាសម្រាប់ខេត្ត។ ការ​គ្រប់គ្រងអតិផរណាបានក្នុងកម្រិតទាប អាចរក្សាបានស្ថេរភាពជីវភាព ប្រជាជនអោយ​កាន់តែ​ប្រសើរឡើង ។ ឯកឧត្តមបានសំណូមពរដល់សិក្ខាកាម​ទាំងអស់ត្រូវ​យកចិត្តទុកដាក់​ស្វែង​យល់​​និង​លើកជាសំនួរ សម្រាប់គ្រូបង្គោល ព្រោះថាស្ថិតិគណនេយ្យជាតិជាបន្តុំ​នៃគណនី​សេដ្ឋកិច្ចជាច្រើនក្នុងសេដ្ឋកិច្ចជាតិ មានលក្ខណៈស្មុកស្មាញនិងត្រូវ​ការទិន្ន័យពីប្រភពច្រើន​សម្រាម់ចងក្រង។

គួរបញ្ជាក់ថា៖ ការបើកវគ្គបណ្តុះបណ្តាលស្តីពីស្ថិតិគណនេយ្យជាតិ​ និងសន្ទស្សន៍ថ្លៃ​ទំនិញ​ប្រើប្រាស់ថ្នាក់ខេត្តនេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ រហូត​​ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានសិក្ខាកាមចូលរួមចំនួន៤៥នាក់ ស្រីចំនួន១២នាក់៕ វួច ពឿន