បន្ទាប់ពីចាប់ផ្តើមអនុវត្តន៍ជាមន្ទីរពេទ្យស្រឡាញ់ទារក ចាប់ពីពាក់កណ្តាលឆ្នាំ២០១៣មក ក្រោមការចូលរួមជួយឧបត្ថម្ភពីអង្គការKofih និងមានការជ្រោមជ្រែងដោយមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់ថាជាមន្ទីរពេទ្យស្រឡាញ់ទារក និងបានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ប្រធានមន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ តំណាងអង្គការជាដៃគូ និងប្រជាពលរដ្ឋជាម្តាយយ៉ាងច្រើនផងដែរ។
លោកគ្រូពេទ្យ អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ដោយមានការជួយគាំទ្រពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរសុខាភិបាលខេត្ត បានខិតខំអនុវត្តការងាររបស់ខ្លួនតាំងពីពាក់កណ្តាលឆ្នាំ២០១៣ រហូតទទួលបាននូវការវាយតម្លៃពីថ្នាក់ជាតិ ថាជាមន្ទីរពេទ្យស្រឡាញ់ទារក។ លោកបានបន្តថា ការងារ គាំពារមាតា និងទារកនេះ មន្ទីរសុខាភិបាលខេត្តបានពង្រីកដល់សហគមន៍មូលដ្ឋានប្រជាពលរដ្ឋ ដោយបានបណ្តុះបណ្តាលមេភូមិ និងក្រុមទ្រទ្រង់សុខភាពភូមិចំនួន៤១ភូមិ ឱ្យពួកគាត់ជួយដល់ម្តាយ ដែលចាកចេញពីមន្ទីរពេទ្យ ក៏ដូចជា ម្តាយ និងអ្នកថែទាំកុមារក្នុងសហគមន៍អោយ ចេះវិធីសាស្ត្រល្អៗក្នុងការអនុវត្តកិច្ចការ ចិញ្ចឹមកូនឱ្យមានសុខភាពល្អ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ អត្រាឈឺ និងស្លាប់របស់មាតា ទារក និង កុមារ នៅតែជាបញ្ហាចម្បងចំពោះប្រទេសកម្ពុជា ដែលមានបរិមាណខ្ពស់ បើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ដូច្នេះការផ្សព្វផ្សាយ ដាស់តឿន ក្រើនរំលឹក ជំរុញដល់មាតាគ្រប់រូបឱ្យយល់ដឹងអំពីការបំបៅកូនដោយទឹកដោះម្តាយក្រោយកើតភ្លាមៗ ព្រមទាំងបំបៅដោះតែមួយមុខគត់ រហូតដល់ទារកអាយុ៦ខែ និងបន្តរហូតដល់ក្រោម២ឆ្នាំ គឺមានសារសំខាន់ក្នុងកិច្ចរួមចំណែកកាត់បន្ថយអត្រាឈឺ ស្លាប់របស់ទារក និងកុមារ។
លោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ ក្រសួងសុខាភិបាល មានការព្រួយបារម្ភពីការរីករាលដាលយ៉ាងឆាប់រហ័យ នូវផលិតផលអាហារផ្សេងៗសម្រាប់ចិញ្ចឹម ទារក និងកុមារ ព្រមទាំងការប្រើដបបំបៅទារកទើបនឹងកើត។ លោកជំទាវ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់សហការជាមួយកម្មវិធី ជាតិអាហារូបត្ថម្ភ និងដៃគូរអភិវឌ្ឍន៍ ដើម្បីបង្កើនចំនួនមន្ទីរពេទ្យស្រឡាញ់ទារក ឱ្យបាននៅទូទាំងខេត្ត ខណៈមកដល់ពេលនេះ ខេត្តប៉ៃលិន គឺមានចំនួនតែ ១កន្លែងប៉ុណ្ណោះ៕ វួច ពឿន