នៅសាលាខេត្តប៉ៃលិន ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដា បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីវប្បធម៌បង់ពន្ធ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជូនដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអាជីវករ ទូទាំងខេត្តប៉ៃលិន។ ពិធីបើកសិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អឿ សំរិទិ្ធ តំណាងអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមានការចូលរួមពីលោក- លោកស្រីអភិបាលរងក្រុង/ស្រុក លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកមេឃុំ/ចៅសង្កាត់ និង ម្ចាស់សហគ្រាស ក្រុមហ៊ុន អាជីវករជាច្រើនអ្នកផងដែរ។
បន្ទាប់ពីលោក ម៉ី សីលា អនុប្រធានការិយាល័យសវនកម្មពន្ធនៃសាខាពន្ធដារខេត្តប៉ៃលិនបានធ្វើបទបង្ហាញស្តីពីសិទ្ធិ និងកាតព្វកិច្ចអ្នកជាប់ពន្ធ ជូនដល់ម្ចាស់សហគ្រាស់ក្រុមហ៊ុន និងអាជីវកររួចមក , លោក អឿ សំរិទិ្ធ តំណាងដ៍ខ្ពងខ្ពស់របស់ឯកឧត្តមអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា៖ ការបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីវប្បធម៌បង់ពន្ធ និងបទប្បញ្ញត្តិស្តីពីពន្ធដារ នៅពេលនេះមានសារៈសំខាន់ណាស់ចំពោះការកែទម្រង់គោលនយោបាយហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅបង្កើនចំណូលថវិកាជាតិ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ ឲ្យស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដែលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។ ដូច្នេះសហគ្រាសអ្នកជាប់ពន្ធទាំងអស់ត្រូវចូលរួម និងគាំទ្រការពង្រឹងវប្បធម៌ នៃការបង់ពន្ធឲ្យបានគ្រប់ៗគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជាអោយមានការរីកចំរើនជាបន្តទៀត។
ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ ឆ្លងតាមសិក្ខាសាលានាពេលនេះ នឹងធ្វើអោយម្ចាស់ក្រុមហ៊ុន សហគ្រាស និងអាជីវករទាំងអស់បានយល់ដឹងពីនិតិវិធីនៃការបង់ពន្ធ និងអ្នកជាប់ពន្ធ ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋអោយបានគ្រប់ៗគ្នា និង ជាការជំរុញដល់អង្គភាពជាប់ពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់សម្របសម្រួលក្នុងការបំរើសេវាសាធាណៈ និងណែនាំប្រជាពលរដ្ឋអោយយល់ពីការបង់ពន្ធអោយបានត្រឹមត្រូវ ឆ្លើយតបទៅនឹងផែនការប្រមូលចំណូលពន្ធរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលកំពុងធ្វើការកំណែទម្រង់ និង ពង្រឹងការអនុវត្តច្បាប់ពន្ធដា ស្របតាមយុទ្ធសាស្រ្តកៀរគរកចំណូល ធានាបាននូវអភិបាលកិច្ចល្អ បរិយាកាសធុរកិច្ចដ៏ប្រសើរ តាមរយៈការប្រមូលចំណូលពន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសមធម៌។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់អង្គភាពជាប់ពាក់ព័ន្ធទាំងអស់ ត្រូវចងចាំពីអនុក្រមរបស់រាជរដ្ឋាភិបាលគឺ ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ និង វះកាត់។ ទន្ទឹមនឹងនេះត្រូវចេះសាមគ្គីសហការឯកភាព និងខិតខំបំពេញការងារអោយបានត្រឹមត្រូវទៅតាមតួនាទីភារៈកិច្ចរបស់ខ្លួនអោយទទួលបានជោគជ័យ៕ វួច ពឿន