អង្គការក្តីករុណារៀបចំកម្មវិធីពិព័រណ៍ចល័តគម្រោង ផ្កាស្លានិងកិច្ចពិភាក្សាអន្តរជំនាន់ស្តីពីអំពើហឹង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហម


នៅវត្តអូច្រារ ស្ថិតភូមិអូច្រារកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិននាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ អង្គការក្តីករុណាបានរៀបចំកម្មវិធីពិព័រណ៍ចល័ត គម្រោង ផ្កាស្លានិងកិច្ចពិភាក្សាអន្តរជំនាន់ស្តីពីអំពើហឹង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហមដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ទឹម មិនា នាយកអង្គការក្តីករុណា និង លោកលោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត មេបុស្តិ៍ មេភូមិចៅសង្កាត់ នាយកសាលា​ សិស្សា​នុសិស្ស បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក​ ទឹម មិនា នាយកអង្គការក្តីករុណាបានលើកឡើងថា៖ អង្គការក្តីករុណាគឺជាអង្គការក្រៅរដ្ឋភិបាល ក្នុងស្រុកមួយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុវត្តន៍ការងារតាំងពីឆ្នាំ២០០៥ នៅតាមបណ្តាខេត្តសរុបចំនួន២១ខេត្ត ដោយផ្តោតលើការងារកសាងសន្តិភាព និង​​​ផ្សព្វផ្សាយប្រវត្តិសាស្រ្តខ្មែរក្រហម ដោយផ្អែកលើចំនុចសំខាន់បីគឺ ភាពសម្រុះជាតិសាសន៍សមភាព និងសេចក្តីថ្លៃថ្នូរ។ ជាក់ស្តែងអង្គការក្តីករុណា បាននឹងកំពុងអនុវត្តន៍កម្មវិធីធំៗចំនួនពីរ៖ ទី១ ការផ្សព្វផ្សាយប្រវត្តិសាស្រ្តខ្មែរក្រហម និងយុត្តិធម៌ និងទី២ កិច្ចពិភាក្សាអន្តរជំនាន់ជាមួយអន្តរជាតិ ដោយមានគម្រោងចំនួនបួន ដើម្បីកិច្ចសន្ទនាអន្តរជំនាន់ក្នុងគ្រួសារអំពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហម និងការជាសះស្បើយ និងផ្សះ​ផ្សាររបស់ជនរងគ្រោះពីអំពើទារុណកម្មក្នុងរបបខ្មែរក្រហម។ លោកបានបន្តថា៖ ការរៀប​ចំកម្មវិធីពិព័រណ៍ចល័ត ផ្កាស្លានិងកិច្ចពិភាក្សាអន្តរជំនាន់ស្តីពីអំពើហឹង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហមនេះមានគោលបំណងចម្បង គឺដើម្បីផ្សព្វផ្សាយអំពីបទពិសោធន៍នានា របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទាក់ទងនឹងអំពើហិង្សាផ្លូវភេទ និងយេនឌ័រ ជាពិសេសការរៀបការនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ គិតចាប់ពី ១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩ ជារបបមួយដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានប្រជាជន ជាច្រើនបានស្លាប់បាត់បង់ជីវិត និងអ្នករស់រានមានជីវិតបានរងការប៉ះទង្គិចផ្លូវចិត្តរហូតដល់បច្ចុប្បន្ន។​​​ ម្យ៉ាងវិញទៀតជាឱកាសដ៏ល្អមួយសម្រាប់យុវជនដើម្បីស្វែងយល់អំពីរឿងរ៉ាវពិតដែលបានកើតឡើងកាលពីសម័យខ្មែរក្រហម តាមរយះការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នករស់រានមានជីវិត និងផ្តល់ការគាំទ្រដល់ពួកគាត់ ក៏ដូចជាចូលរួមទប់ស្កាត់កុំអោយមានអំពើហិង្សាក្នុងឧក្រិដ្ឋកម្មកើតឡើងសារជាថ្មី។

ឯកឧត្តម ធូ ភា អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ការរៀបចំកម្មវិធីពិព័រណ៍ចល័តគម្រោង ផ្កាស្លានិងកិច្ចពិភាក្សាអន្តរជំនាន់ស្តីពីអំពើហឹង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហម ដែលជាគម្រោងស្នើសុំសំណង ក្នុងសំណុំរឿង  ០០២/០២ ដោយផ្តោតទៅលើការរៀបការក្នុងរបបខ្មែរក្រហម ដែលបានដាក់ជូនទៅកាន់សាលាក្តីខ្មែរក្រហម និងដែលបានរៀបចំឡើងដោយអង្គការក្តីករុណាក្នុងទឹកដីក្រុងប៉ៃលិន ខេត្តប៉ៃលិននេះ។ឯកឧត្តមបន្តថា៖ របបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមដែលគិតចាប់ពី ១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩ ជារបបមួយដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានប្រជាជនប្រមាណ៣លាននាក់បានស្លាប់បាត់បង់ជីវិត និងអ្នករស់រានមានជីវិតបានរងការប៉ះទង្គិចផ្លូវចិត្តរហូតដល់បច្ចុប្បន្ន ហើយជាការពិតណាស់ដោយការលះបង់ដ៏ធំធេងមិនគិតពីអាយុជីវិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សៈជនបានលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះប្រទេសជាតិនិងប្រជាជនអោយចេញពីរបបដ៏ខ្មៅងងឹតនេះហើយបានបង្កើតនូវនយោបាយឈ្នះ ឈ្នះដែលជាមូលហេតុចម្បងធ្វើអោយប្រទេសកម្ពុជាយើងមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ននេះ។ ក្រោយរំដោះថ្ងៃ ៧ មករា ឆ្នាំ១៩៧៩រដ្ឋាភិបាលកម្ពុជាបានខិតខំស្តារ និងកសាងប្រទេស​ជាតិពីចំណុចសូន្យរហូតស្ថានភាពបច្ចុប្បន្ន បានកសាងផ្លូវ ស្ពាន សាលារៀនមន្ទីរពេទ្យនិងជួយបង្កើតអោយមានសមធម៌ក្នុងសង្គម ព្រោះថាក្នុងសម័យនោះសម្បូរទៅដោយស្រ្តីមេម៉ាយពោះម៉ាយ ក្មេងកំព្រាគ្មានទីពឹងជាដើម។ ឯកឧត្តមបានគាំទ្រនិងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសសិស្សានុសិស្សនិងយុវជនទាំងអស់បានចូលរួមសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ សម្រាប់ជាចំណេះដឹង និងទប់ស្កាត់កុំអោយមានរបបនេះកើតឡើងសារជាថ្មីទៀត។ ទន្ទឹមនេះយើងអាចចូលរួមចំណែកគាំទ្រ ដល់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលពួកគាត់ភាគច្រើនត្រូវទទួលរងនូវការរំលោភបំពាន ការបង្ខំអោយធ្វើការលើសកម្លាំង ការធ្វើទារុណកម្មនានា ការលុបបំបាត់សាសនា ការបាត់បងសាច់ញាតិជាទីស្រលាញ់ជាដើម ដើម្បីអោយពួកគាត់មានអារម្មណ៍ធូស្បើយនិងប្រសើរឡើង៕ វួច ពឿន