(26-07-2015) ប៉ៃលិន៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម កើត សុធា សមាជិកគណកម្មាធិការកណ្តាលនិងជា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញ ប្រជុំផ្សព្វ ផ្សាយគោលការណ៍សំខាន់ៗ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណកម្មាធិការ រៀបចំការបោះឆ្នោត ជូនដល់សមាជិកសមាជិការក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ពីគោលការសំខាន់ៗនៃច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ដែលមាន12ជំពូក និង171មាត្រា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណកម្មាធិការ រៀបចំការបោះឆ្នោត។ឯកឧត្តមបន្តថាៈក្រោមកិច្ចព្រមព្រៀងរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គជប ថ្មីមានសមាជិក៩រូបមកពីគណបក្សប្រជាជនកម្ពុជា៤រូប គណបក្សសង្រ្គោះជាតិ៤រូប និងអង្គការសង្គមស៊ីវិល១រូប មានប្រធាន១ រូបអនុប្រធាន១រូប ។រីឯគណកម្មាធិការរៀបចំការបោះឆ្នោតរាជធានីខេត្តមានប្រធាន១រូបអនុប្រធាន១រូប និងសមាជិក៣រូបឬ៥រូបទៅតាមរាជធានីខេត្តតូចឬធំ។ ឯកឧត្តមបានលើកឡើងថាៈការបង្កើតស្ថាប័នគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតថ្មីគឺជារឿងចាំបាច់ ក្នុងការបញ្ចប់វិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ។ ទន្ទឹមនេះគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែនក៏បានបង្កើតនូវវប្បធម៌សន្ទនាជាមួយបក្សសង្គ្រោះជាតិតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានគឺដើម្បីបំរើផលប្រយោជជាតិនិងប្រជាជន កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើន។ដូច្នេះសុំឲ្យសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវស្វែងយល់ពីច្បាប់នានាដែលពាក់ព័ន្ធនិងច្បាប់បោះឆ្នោតដើម្បីយកផ្សព្វផ្សាយពន្យល់ដល់សមាជិកសមាជិការនៅតាមមូលដ្ឋានឲ្យជ្រួតជ្រាបទាំងអស់គ្នា ព្រោះថាច្បាប់បោះឆ្នោតថ្មីមិនអនុញ្ញាត្តិឲ្យបក្សណាមួយជេគ្នាតាមចិត្តនោះទេ ហើយបើមានបុគ្គលណាជេប្រមាទគ្នាត្រូវផាកពិន័យធ្ងន់ធ្ងរ។ព្រមជាមួយនេះក្រុមការងារចុះជួយឃុំស្ទឹងត្រង់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចុះមូលដ្ឋានឲ្យសកម្មថែមទៀត ដើម្បីក្តាប់កម្លាំងនិងពង្រឹងពង្រីកសមាជិកបក្សថ្មីឲ្យច្រើនថែមទៀត ជាពិសេសពង្រឹងកម្លាំងយុវជនដែលជាកម្លាំងស្នូលដ៏សំខាន់របស់បក្ស។ក្រុមការងារទាំងអស់ត្រូវ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណគំរូបថ្មីឲ្យបាន គ្រប់ៗគ្នា។ជាពិសេសត្រូវពង្រឹងសាមគ្គីភាពឯកភាពគ្នាឲ្យបានល្អ បំផុសប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពឲ្យមានប្រសិទ្ធិភាព ។ ចំពោះបញ្ហាសុខភាពវិញ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះអនាម័យ ហូបស្អាត ផឹកស្អាត បើមានជម្ងឺត្រូវប្រញាប់ទៅព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត ជៀសវាងព្យាបាលគ្រូខ្មែរ ឬគ្រូពេទ្យគ្មានវិជ្ជាជីវៈត្រឹមត្រូវដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។
[youtube id= “CjV_GCoD75I”]