នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានអញ្ជើញបើកវិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧-២០១៨ នៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តនូវគោលនយោបាយកំណែទម្រង់លើវិស័យអប់រំ ប្រកបដោយគុណភាព ប្រសិទ្ធភាព ដើម្បីយុវជនខ្មែរមានធនធានចំណេះដឹង បច្ចេកទេសច្បាស់លាស់សំរាប់ការ កសាងប្រទេសជាតិអោយបន្តរីកចំរើនថ្មីៗទៀត។ ឯកឧត្តមបានបន្តថា ថ្ងៃនេះជាថ្ងៃដ៏មានសារៈសំខាន់ និងមានខ្លឹមសារណាស់ សំរាប់ក្មួយៗសិស្សានុសិស្សដែលបានចូលរួមក្នុងការប្រលងសញ្ញាបត្រនាពេលនេះ ព្រោះជាពេលដែលក្មួយត្រូវបង្ហាញពីសមត្ថភាពរបស់ខ្លួន ថាមានចំណេះដឹងគ្រប់គ្រាន់ផ្នែកចំណេះដឹងទូទៅ និងឈានមួយជំហាទៀត គឺបន្តទៅសិក្សាជំនាញនៅថ្នាក់មហាវិទ្យាល័យ សំរាប់អនាគត់ដ៏ភ្លឺស្វាងរបស់ក្មួយៗ។ ឯកឧត្តមក៏បានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំធ្វើកិច្ចការរបស់ខ្លួនដោយសមត្ថភាព កុំចំលងគ្នា កុំមើលប្រយ៉ុង និងត្រូវធ្វើកិច្ចការដោយផ្ចិតផ្ចង់ប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការសរសេខុសដោយការធ្វេសប្រហែស នាំអោយលទ្ធផលប្រលងមិនបានល្អ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អនុរក្សប្រចាំការតាមបន្ទប់នីមួយៗ ត្រូវមើលសិស្សានុសិស្សជាបេក្ខជនប្រឡងអោយល្អ ហ្មត់ចត់ ហាមស៊ីសំណូកសូកម៉ាន់ ហើយបើមានហេតុការអ្វីមិនស្រួលត្រូវមានចំណាត់ការណាមួយជាបន្ទាន់។
បើតាមការបញ្ជាក់ពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនបានអោយដឹងថា៖ ខេត្តប៉ៃលិនមានមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសរុប ២មណ្ឌល គឺមណ្ឌលវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិនប៉ែកខាងលិច គឺថ្នាក់វិទ្យាសាស្រ្ត, មានបេក្ខជនសរុបចំនួន២៤៧នាក់ ស្រី១១៩នាក់ មានបន្ទាប់សរុបចំនួន១០បន្ទាប់។ មណ្ឌលវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិនប៉ែកខាងកើត គឺថ្នាក់ជាសង្គមវិទ្យា មានបេក្ខជនសរុបចំនួន១៣៩នាក់ ស្រី៧៩នាក់ ក្នុងនោះមានបេក្ខជនស្វៃរិន៧៨នាក់ ស្រី៤៥នាក់ ,មានបន្ទប់សរុបចំនួន ៦បន្ទប់៕ វួច ពឿន