អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ សុខាភិបាល


ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ហែម ឫទ្ធី អភិបាលរងខេត្ត និងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរសុខាភិបាល ខេត្ត​ប៉ៃលិន ដើម្បី​ពង្រឹង​ប្រសិទ្ធភាពការងារ និងការផ្តល់សេវ៉ាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និង​វិជ្ជាជីវៈ ជាពិសេសគឺបង្កើនភាព​ស្និទស្នាលរវាង​ថ្នាក់ដឹកនាំមន្ទីរជាមួយ​មន្រ្តីរាជការក្រោមឱវាទ។

នៅក្នុងពីធីសំណេះសំណាលនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​ថា៖ ការធ្វើឱ្យ​ប្រជាពល​រដ្ឋកាន់តែមាន​ជំនឿជឿជាក់លើវិស័យ​សុខាភិបាល គឺ ក្រុមគ្រូពេទ្យត្រូវមានការយក​ចិត្តទុកដាក់ ពិនិត្យព្យាល​បាល​​អ្នកជំងឺ ត្រូវគោរពតាមក្រមសីលធម៌​វិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលកន្លង​មកក៏មានក្រុមគ្រូពេទ្យខ្លះ មានឥរិយាបទ​មិនសមរម្យ​ទៅ​លើ​អ្នកជំងឺ  និងទាមទារកសេវាព្យាបាលមុនសិន ទើបព្យាបាលតាមក្រោយ។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ការកែប្រែសកម្មភាពអវិជ្ជមាន​ទាំងអស់នេះនឹងធ្វើឱ្យការថ្នាំង​ថ្នាក់​​របស់​​ប្រជាពលរដ្ឋមក​លើវិស័យសុខាភិបាល​​នៅក្នុងខេត្ត និងថ្នាក់ដឹកនាំ​ខេត្ត កាន់តែ​ត្រូវកាត់បន្ថយ ។ នៅក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំ​ផ្ញើឱ្យមន្ទីរ​សុខាភិបាលខេត្ត ត្រូវ​ធ្វើយ៉ាងណាផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយដល់ប្រជាពលរដ្ឋអំពី​ការរីកចម្រើន និងការ​ផ្តល់សេវ៉ានានា ​លើវិស័យ​សុខាភិបាល ដើម្បីធ្វើយ៉ាង​ណាឱ្យប្រជាពលរដ្ឋដែល​មាន​បញ្ហាសុខភាព​ចូលរួម​ពិគ្រោះពិនិត្យ​ និងព្យាបាល​នៅមន្ទីរ​ពេទ្យរដ្ឋកាន់​តែច្រើនឡើងថែមទៀត។

បើតាមរបាយការណ៍របស់ លោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន ១ និងមណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ នៅស្រុកសាលាក្រៅចំនួន ៣៕ វួច ពឿន