មានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន នាល្ងាចថ្ងៃទី១៤ សីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អ និង បង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈអោយបានជាប្រចាំ ដើម្បីបំរើការងារលើវិស័យព័ត៌មានអោយមានភាពរីកចំរើន។ ឯកឧត្តមបានមានប្រសាសន៍ថា វិស័យព័ត៌មានមានតួនាទីសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សកម្មភាពនានារបស់ថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំខេត្ត និងការអភិវឌ្ឍន៍សព្វបែបយ៉ាងនៅក្នុងខេត្ត អោយប្រជាពលរដ្ឋបានយល់ជ្រាប។ ដូច្នេះទាមទាអោយមន្រ្តីព័ត៌មាន ត្រូវមានសមត្ថភាព វិជ្ជាជីវៈខ្ពស់ មានចំនេះដឹងទូលំទូលាយ។ ឯកឧត្តមបានផ្តាំផ្ញើសូមអោយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានត្រូវរៀបចំរចនាសម្ព័ន្ធមន្ទីរអោយបានច្បាស់លាស់ និងបែងចែកការងារទទួលខុសត្រូវដល់អនុប្រធានមន្ទីរ និង ប្រធានការិយាល័យជំនាញនិមួយៗអោយបានត្រឹមត្រូវតាមច្បាប់ និងការណែនាំរបស់ថ្នាក់លើរបស់ខ្លួន៕ វួច ពឿន