ថ្នាក់ដឹកនាំខេត្តស្នើរដល់មេឃុំចៅសង្កាត់ ស្មៀន ត្រូវយកចិត្តទុកដាក់ សិក្សារៀនសូត្រ ស្វែងយល់ ពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ អោយបានច្បាស់លាស់


មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការ      គ្រប់​​​​​គ្រង​រដ្ឋបា​ល  ឃុំសង្កាត់ ក្រុមប្រឹក្សា​ឃុំសង្កាត់ថ្មី​ដែលទើប​ជាប់ឆ្នោត​អាណត្តិ​ទី៤​ឆ្នាំ២០១៧ នៅសាលាខេត្តព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិ​បាល​ខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើរដល់មេឃុំចៅសង្កាត់ និងស្មៀនទាំងអស់ ត្រូវយកចិត្ត​ទុកដាក់ស្វែងយល់ សិក្សារៀនសូត្រ ពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់អោយ​បានត្រឹម​ត្រូវ ច្បាស់លាស់ ស្របទៅតាមច្បាប់នៃការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ និង ​ត្រូវ​មាន​​ទំនួលខុសត្រូវខ្ពស់ ដើម្បីបំរើ ផ្តល់សេវាសាធាណៈ​ជូនប្រជាពលរដ្ឋអោយ​បាន​ទាន់​ពេលវេលា។ ឯកឧត្តម បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ ចេញនូវក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិមជ្ឈការ និងវិសមជ្ឈការ ដើម្បីធានាដល់ដំណើរការអភិបាលកិច្ចល្អ​ និងការអភិវឌ្ឍ​មូល​ដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិអោយមានការរីក​   ចំរើន និង​បានរៀបចំបង្កើត​ជាច្បាប់​ស្តីពី​ការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់​សម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិ​។ ដូច្នេះ​មេឃុំចៅសង្កាត់ និងស្មៀន​ត្រូវរៀប​ចំធ្វើផែនការអភិវឌ្ឍន៍ និង កម្ម​វិធីវិនិយោគ​ឃុំ សង្កាត់ ទៅ​តាមរដ្ឋបាលរបស់ខ្លួនអោយ​ច្បាស់​លាស់ ដើម្បី ​ពង្រីក​​ការអភិវឌ្ឍន៍​នៅ​តាមមូលដ្ឋានអោយមានការរីកចំរើន​ជាបន្តទៀត និងផ្តល់​សេវាផ្សេងៗ ចំពោះ បងប្អូនប្រជាពលរដ្ឋ អោយបានឆាប់រហ័ស។ ឯកឧត្ដមបន្តថា៖ ​ក្នុងនាម​ជា​ក្រុម​ប្រឹក្សាឃុំសង្កាត់ គឺជាអ្នកបម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់  សេវាសាធារណៈ និង​សេវារដ្ឋបាលនានា ជាពិសេស ត្រូវគិតគូរ រិះរកគ្រប់មធ្យោបាយ និងវិធីសាស្ត្រផ្សេងៗ ដើម្បីបំរើប្រជាពលរដ្ឋទូទៅប្រកបដោយសមធម៌ តម្លាភាព មិនមានការរើសអើង និងមាន​ប្រសិទ្ធ​ភាពខ្ពស់​។ទន្ទឹមនឹងនេះត្រូវចូល​រួមទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ​ដែលកើន​មាន​នៅ​​តាមមូល​ដ្ឋានរបស់ខ្លួន ​ក្នុង​ន័យ​ការពារសន្តិសុខសណ្តាប់​ធ្នាប់ជូនប្រជា​ពលរដ្ឋ​អោយបានល្អ៕ វួច ពឿន