ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចុះរៀបចំតុបតែងកែលម្អ ដាំផ្កា និងបំពាក់ភ្លើងបំភ្លឺ នៅរង្វង់មូលប្រជុំជនស្រុកសាលាក្រៅ ដើម្បីបង្កើនសោភ័ណភាព ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ នៅថ្ងៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចុះមករៀបចំតុបតែងកែលម្អ ដាក់ភ្លើងបំភ្លឺ និងដាំផ្កា នៅសួនរង្វង់មូល ស្រុកសាលាក្រៅ ក្នុងគោលបំណងទី១-ចង់ឱ្យមន្ត្រីរាជការចូលរួមចំណែកក្នុងការងារសំអាត និងកែលម្អបរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងទី២-គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និតស្នាល និងការទទួលខុសត្រូវ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំយកចិត្តទុកដាក់កែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ដាំផ្កា ដើម្បីបរិស្ថានល្អ ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង។
សូមបញ្ជាក់ថា៖ នៅលើដងផ្លូវជាតិលេខ ៥៩ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានរង្វង់មូលធំៗ ចំនួន ២ គឺរង្វង់មូលព្រះគោ និងរង្វង់មូលប្រជុំជនស្រុកសាលាក្រៅ ដែលបច្ចុប្បន្នអាជ្ញាខេត្ត បានកំពុងរៀបចំធ្វើការកែរកម្អ ដើម្បីបង្កើនសោភ័ណភាព ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តនៅខេត្តឱ្យបានកាន់តែច្រើនឡើង ជាពិសេសចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតផងដែរ៕ វួច ពឿន