រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធពិធីបុណ្យ រុក្ខទិវា ៩កក្កដា ២០១៨


ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានប្រារព្ធពិធី​បុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុក សុផល អភិបាលខេត្តស្តីទីខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ បណ្តាមន្ទីរ ស្ថាប័ន​ជំនាញជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ គោលនយោបាយរបស់រាជរដ្ឋភិបាល គឺ ផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ សំដៅធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បរិស្ថាន និងការបំរ៉ែបំរួលអាកាសធាតុ។ លោកបានបន្តថា ការប្រារព្ធពិធី​បុណ្យរុក្ខទិវា ៩កក្កដានេះ គឺបានផ្តល់ឱកាសឱ្យ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សបានចូលរួម ដើម្បីបណ្តុះគំនិត និងការយល់ដឹងស្តីពីគុណ​ប្រយោជន៍របស់ព្រៃឈើសម្រាប់ការរស់នៅ ទាំងក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត។

ឯកឧត្តម ហុក សុផល អភិបាលខេត្តស្តីទីខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ព្រៃឈើបានផ្សារភ្ជាប់ទៅ​នឹង​ជីវិតរបស់មនុស្សយើង។ បើគ្មានព្រៃឈើទេ នឹងធ្វើឱ្យអាកាសធាតុមានការ​ប្រែប្រួល​ខ្លាំង រដូវកាលមិនទៀងទាត់ បង្កជាគ្រោះធម្មជាតិផ្សេងៗ ដូចជា៖ អាកាសធាតុក្តៅខ្លាំង ខ្វះខាតទឹក​ប្រើ​​ប្រាស់ ទឹកជំនន់ ខ្យល់ព្យុះ ភ្លៀងជន់ ខ្យល់កន្រ្តាក់ជាដើម ដែលបណ្តាលអោយខូចខាតផ្ទះសំបែង ផលដំណាំរបស់ប្រជាពលរដ្ឋ។ ដូច្នេះយើង​ទាំង​អស់គ្នា ត្រូវបំផុសស្មារតី ស្រលាញ់ធនធានធម្មជាតិ និងចូលរួមដាំដុះ ថែរក្សាការពារ​ព្រៃ​​ឈើរបស់យើង ជាពិសេសចូលរួមទប់ស្កាត់ការកាប់ទន្រ្ទានដី​ព្រៃ​ធ្វើចំការ និងត្រូវរួមគ្នាដាំដើមឈើឡើងវិញ ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ជាច្រើនឆ្នាំមកនេះ យើងបានដាំដើមឈើបានច្រើន  តែជាលទ្ធផល​ដើម​​ឈើមួយចំនួនធំត្រូវបានងាប់ទៅវិញដោយកត្តាផ្សេងៗ ពិសេសខ្វះការថែទាំ។ ដូច្នេះយើងត្រូវរួមគ្នាកែរប្រែឥរិយាបទ​នេះ ដោយត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការដាំ ការថែទាំ ដើមឈើរបស់យើង ឱ្យរស់រាន​មានជីវិត ធំលូតលាស់បានល្អ។

បើតាមរបាយការណ៍របស់លោក ឱម វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើខេត្តប៉ៃលិន​បាន​ឱ្យ​ដឹងថា ​កូន​ឈើ​ដែលបានយកមកដាំ និងចែកជូនដល់បណ្តាអង្គភាព និងប្រជាពលរដ្ឋនាពេលនេះ សរុបមានចំនួន ២.៥០០ដើម មានដូចជា លឿងរាជ ត្របែកព្រៃ ក្ងោក បេង គគីរ គ្រញូង អាកាស្យា ដើម្បីយកទៅដាំតាមផ្លូវជាតិលេខ៥៧ ចាប់ពីភូមិទឹកចេញ  រហូតដល់ភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕ វួច ពឿន