ឯកឧត្តម អ៊ី ឈាន ៖ ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសក្មេងតូចៗ នៅក្នុងរដូវវស្សានេះ


មានប្រសាសន៍នៅក្នុងឱកាស អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការរូលរួមពីសំណាក់ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន, ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បាន​ណែនាំ និង​អំពាវនាវ​ដល់​ពលរដ្ឋ​ ក៍ដូចជា​អ្នក​ជម្ងឺ​ដែល​កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ទាំងអស់ ត្រូវ​ចេះ​ថែទាំ​សុខភាព ជាពិសេស​កុមារ​តូចៗ នៅក្នុងរដូវវស្សានេះ។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថា៖  ក្នុងរដូវវស្សានេះ មានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ដូចជា៖ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងរន្ទះបាញ់ជាដើម។ ម្យ៉ាងទៀតត្រូវប្រុងប្រយ័ត្តន ថែទាំសុខភាពអោយបានល្អ ត្រូវមានអនាម័យ ពិសេសសម្រាប់កុមារតូចៗ ហើយបើសង្កេតឃើញកូនៗមានសភាពមិនសូវស្រួល ត្រូវនាំទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យ ជៀសវាងទុកឲ្យកុមារមានសភាពជម្ងឺធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៍បានថ្លែងការកោតសរសើ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋយើង ឱ្យកាន់តែល្អថែមទៀត។ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ក៍បាន ឧបត្ថម្ភដល់អ្នកជម្ងឺក្នុងម្នាក់ៗ ឃីត ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល និងបានឧបត្ថម្ភដល់ស្ត្រីសម្រាលកូនទីទាល់ទាល់ក្រ ឈ្មោះ ឈឿន សោភី ប្តីឈ្មោះ   ម៉ិច ហ៊ន រស់នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ចំនួន ១លានរៀលផងដែរ។

បើតាមការបញ្ជាក់របស់លោក អាង នាង ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា៖ ​អ្នក​ជម្ងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ​៦៩​នាក់​ ក្នុងនោះ​មាន​កុមារ​ចំនួន ១៩​នាក់​ ជម្ងឺវះកាត់ ចំនួន ១១នាក់ ជម្ងឺទូទៅ ចំនួន ១២នាក់ ជម្ងឺសង្គ្រោះបន្ទាន់ ចំនួន ១៧នាក់ និងស្ត្រីសម្រាលកូន ចំនួន ១០នាក់៕ វួច ពឿន