លោកជំទាវ បាន ស្រីមុំ អញ្ជើញសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូឌុប និងអ្នករត់តាក់ស៊ី ក្នុងក្រុងប៉ៃលិន


ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ បាន ស្រីមុំ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយ ឯកឧត្តម ផាន់ ចាន់ធុល អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខា បានអញ្ជើញសំណេះសំណាល ជាមួយបងប្អូនអ្នករត់ម៉ូតូឌុប និងអ្នករត់តាក់ស៊ី ប្រមាណជាង ១០០នាក់ នៅសាលរោងកុនចាស់ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា៖ ការជួបសំណេះសំណាលនេះ មានគោលបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់ បងប្អូនជាអ្នកម៉ូតូឌុប និងអ្នករត់តាក់ស៊ីទាំងអស់នៅក្នុងក្រុងប៉ៃលិន ដែលមិនសូវបាននៅផ្ទះ ដោយជាប់រវល់ក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ ។ ការជួបសំណេះសំណាលនេះដែរ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយបងប្អូនជាអ្នករត់ម៉ូតូឌុប និងអ្នករត់តាក់ស៊ីទាំងអស់ សំរាប់ការចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គម ជាពិសេសការចូលរួមការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ លោកជំទាវបានមានប្រសាសន៍បន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងចង់ដឹងពីសុខទុក្ខរបស់ ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ប្រកបដោយសេចក្ដីស្រឡាញ់ ចំពោះបងប្អូន និងក្រុមគ្រួសារជនរួមជាតិទាំងអស់។ លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគតិ​បណ្ឌិត​របស់សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, តាមរយៈនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ។ កត្តាសន្តិភាពនេះហើយ បាន   ផ្តល់ឱកាសឱ្យយើងបានធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖  ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត តាំងពីទីប្រជុំជន រហូតដល់ជនបទ ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង។ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ អំពាវនាវដល់បងប្អូនទាំងអស់ ដោយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសំរាប់អាណត្តទី៦បន្តទៀត។

សូមបញ្ជាក់ថា៖ នៅពេលខាងមុខ លោកជំទាវ បាន ស្រីមុំ គ្រោងបង្កើតសមាគមន៍អ្នកម៉ូតូឌុប និងអ្នករត់តាក់ស៊ី នៅក្នុងខេត្តប៉ៃលិន ដោយលោកជំទាវនឹងឧបត្ថម្ភឈុតសម្លៀក និងធ្វើកាតសមធម៌ សុខភាព សម្រាប់ព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ដើម្បីកាត់បន្ថយការចំណាយទៅលើសេវ៉ាសុខភាព៕ វួច ពឿន