ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងជាប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ និងក្រុមការងារ បានបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៣០០នាក់ មកពីភូមិផ្ទះស្បូវ និងភូមិកូនដំរី ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីបង្ហាត់បង្រៀនប្រជាពលរដ្ឋអោយចេះគូសលើសន្លឹកឆ្នោត និងពន្យល់ពីគោលនយោបាយ និងសមិទ្ធផលនានាដែលគណបក្សប្រជាជនកម្ពុជាសំរេចបាន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ឯកឧត្តម កើត សុធា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនឆ្នាំមកនេះ ធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចុប្បន្ននេះយើងមានស្ពាន ផ្លូវ មានទឹកស្អាត ភ្លើងអគ្គីសនី ស្ទើរគ្រប់ភូមិ ឃុំ ទូទាំងប្រទេសកម្ពុជា ហើយទាំងជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ក៏មានការរីកចំរើន សំបូរសប្បាយជាលំដាប់ផងដែរ។ ឯកឧត្តមបានបន្តថា នៅអាណត្តក្រោយនេះ តាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបន្តការកសាង ស្ពាន ផ្លូវ ប្រព័ន្ធធារាសាស្រ្ត និងតភ្ជាប់បណ្តាញភ្លើងអគ្គីសនី អោយបានគ្រប់ភូមិ ឃុំ ទូទាំងប្រទេសកម្ពុជា។ ស្រ្តីក្រីក្រ នឹងទទួលបានការឧបត្ថម្ភនៅពេលមានផ្ទៃពោះ ពេលទារកកើត រហូតដល់កុមារមានអាយុ២ឆ្នាំ។ប្រាក់បៀវត្សមន្រ្តីរាជការ កម្មករ និយោជិតនឹតត្រូវបានតម្លើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ដូច្នេះយើងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវផលប្រយោជន៍ទាំងអស់នេះ និងផលប្រយោជន៍យ៉ាងច្រើនដទៃទៀត តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា៕ វួច ពឿន