ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការបារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន លោកជំទាវ បានស្រីមុំ អ៊ីឈាន អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧតកតម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការបណ្តាមន្ទីរ អង្គភាពជំនាញជុំវិញខេត្តប៉ៃលិន បានអញ្ជើញមកកាន់អាស្រមលោកយាយយ៉ាត ស្ថិតនៅជើងភ្នំយ៉ាត ដើម្បីថ្វាយភ្លេងពិណពាទ្យ បួងសួងសុំសេចក្តីសុខសប្បាយពីលោកយាយយ៉ាត ដែលមហាជនមានជំនឿថាមានបារមីសាកសិទ្ធ ខ្លាំងពូកែ និងកំពុងចាំថែរក្សាប្រជាពលរដ្ឋខេត្តប៉ៃលិន។
សូមបញ្ជាក់ថា៖ រូបសំណាកធំរបស់លោកយាយយ៉ាតដែលស្ថិតនៅជើងភ្នំយ៉ាតភាគខាងកើតនេះ ត្រូវបានកសាងឡើងនៅខែមេសា ឆ្នាំ២០១១ ដោយចំណាយថវិកាផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ,ធ្វើពីថ្មភក់នៅខេត្តកំពង់ធំ មានកម្ពស់៣,៨០ម៉ែត្រ បល្ល័ង្កទំហំប្រវែង ២,៤០ម៉ែត្រការ៉េ និងមានទម្ងន់សរុប ៣២តោន៕ វួច ពឿន