ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និង វិស័យឯកជន សំដៅឆ្លើយតបនឹងវត្ថុបំណងនៃអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តប៉ៃលិនបានប្រកាសដាក់ឲ្យដំណើរជាផ្លូវការ នូវ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និង លោក លោកស្រី ប្រធានអនុប្រធានមន្ទីរ អភិបាលក្រុង/ស្រុក ព្រមទាំងមន្ត្រីរាជការនៃមន្ទីរអង្គភាពពាក់ព័ន្ធ ជាច្រើនផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ព្រមទាំង មន្ទីរអង្គភាពពាក់ព័ន្ធ និង គណៈកម្មាធិការបច្ចេកទេស ដែលបានចូលរួមសហការរៀបចំប្រកាសដាក់អោយដំណើរការអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ដើម្បីរួមចំណែកអនុវត្តនូវកម្មវិធីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅតាមរដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងគោលបំណងបង្កើនការលើកកម្ពស់គុណភាពការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ អោយមានប្រសិទ្ធិភាព ។ ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការចាំបាច់ឲ្យទាន់ពេលវេលា និងតាមនីតិវិធីសាមញ្ញ និងជាកន្លែងប្រមូលផ្តុំសេវាកម្ម និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ ដើម្បីអោយប្រជាពលរដ្ឋ មកទទួលទម្រង់បែបបបទ និងទទួលបាននៅព័ត៌មានគ្រប់គ្រាន់ ច្បាស់លាស់ពីការផ្តល់សេវារដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវារដ្ឋបាល សំរាប់ផ្តល់លទ្ធផលសំរេចជាផ្លូវការលើសេចក្តីស្នើសុំពីប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះឯកឧត្តមក៏ជំរុញនិងណែនាំដល់មន្ទីរជំនាញទាំង១២មន្ទីរអ្គភាព ដែលមានភារៈកិច្ចនៅក្នុងការិយាល័យច្រកចេញចូលតែមួយ នៃ រដ្ឋបាលខេត្តប៉ៃលិនត្រូវពង្រឹងសមត្ថភាពចំណេះដឹង និង ជំនាញ ប្រកបដោយក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីរួមចំណែកឆ្លើយតបទៅនឹងការអនុវត្ត និងផ្តល់សេវាអោយបានទាន់ពេលវេលាតាមតំរូវការរបស់បងប្អូនប្រជាពលរដ្ឋ និង រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់ការផ្ដល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរឡើង ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត គ្រប់មន្ទីរស្ថាប័នជាប់ពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការផ្សព្វផ្សាយឱ្យបានច្បាស់លាស់ អំពីតម្លៃសេវា និង ព័ត៌មានសំខាន់ៗផ្សេងទៀតស្តីពីការផ្តល់សេវារដ្ឋបាលរបស់ខ្លួន ព្រមទាំងប្រមូលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋអំពីការបំពេញកិច្ចការរបស់ខ្លួន និង ធ្វើការកែលម្អនូវចំនុចខ្វះខាតឱ្យបានល្អប្រសើរឡើង៕ វួច ពឿន