ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញសួរសុខទុក្ខ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ១គ្រួសារ ដែលគ្រោះថ្នាក់ចរាចរណ៍


ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការ និងអំណោយជាស្បៀងអាហារ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ១គ្រួសារ ដែលជាជនពិការ ហើយបានរងគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក កំពុងសម្រាកព្យាបាលជម្ងឺ នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី មិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់អាហារមិបានដឹងឡើយ។ ជាក់ស្តែងនៅពេលនេះ គ្រាន់តែទទួលបានព័ត៌មានពីមូលដ្ឋានមកថា មានប្រជាពលរដ្ឋទីទាល់ក្រ ១គ្រួសារ កំពុងជួបការលំបាក ដោយជាជនពិការ ហើយជួបគ្រោះថ្នាក់ចរាចរណ៍ទៀត  ឯកឧត្តម ក៍បានដឹកនាំក្រុមការងារ ចុះមកសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិការ មកឧបត្ថម្ភឱ្យបានទាន់ពេលវេលា ដើម្បីដោះស្រាយជីវភាព និងទុក្ខលំបាករបស់គាត់បានមួយកំរិត។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ ផ្តាំផ្ញើដល់ក្រុមគ្រួសារបងប្រុសដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវយកចិត្តទុកដាក់ព្យាបាល ធ្វើយ៉ាងណាឱ្យឆាប់ជាសះស្បើយ​ពីជម្ងឺ​ ដើម្បី​​​​ឱ្យគាត់ឆាប់បានវិលត្រឡប់ទៅប្រកបរបររកស៊ីចិញ្ចឹមជីវិតវិញ។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសអញ្ជើញសួរសុខទុក្ខនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានឧបត្ថម្ភ អង្ករ ២៥ គីឡូក្រាម  និងថវិកាចំនួន ៥០ម៉ឺនរៀល ដល់គ្រួសារ លោក ថោង ថា អាយុ ៥៤ឆ្នាំ ដែលជាជនពិការ និងកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក៕ វួច ពឿន