ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញចុះពិនិត្យមើលការដ្ឋានកសាងផ្លូវលំ ១ខ្សែរ នៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ដែលបានបើកការដ្ឋានកសាងនាពេលកន្លងមក


ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានកសាងផ្លូវលំ ១ខ្សែរ នៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានបើកការដ្ឋានកសាងនាពេលកន្លងមក ។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែគិតគូខ្ពស់ដល់ជីវភាព និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយបានជំរុញដល់អ្នកដឹកនាំថ្នាក់ក្រោម ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាករបស់បងប្អូននៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ជាក់ស្តែង ដោយមានការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នាពេលកន្លងមក អំពីការលំបាកក្នុងធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សា នៅលើកំណាត់ផ្លូវលំ១ខ្សែនេះ អាជ្ញាខេត្ត បានបើកការដ្ឋានកសាងផ្លូវ១ខ្សែនេះជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋឱ្យបានងាយស្រួល។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា បានកសាងឡើងស្ទើរគ្រប់តំបន់ មិនថានៅទីប្រជុំជន ឬទីជនបទនោះទេ ដែលទាំងនេះ គឺមកពីស្រុកទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវនេះ ត្រូវចូលរួមថែរក្សាដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង ព្រមទាំងជួយផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ហើយជាពិសេសកុំភ្លេចបំពេញ កាតព្វកិច្ចជាពលរដ្ឋល្អ គឺត្រូវអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា៖ ផ្លូវលំដែលបើកការដ្ឋានកសាងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដោយឯកឧត្តម ផាន់ ចាន់ធុល គឺជាប្រភេទផ្លូវលំក្រួសល្បាយថ្មភ្នំ មាន ប្រវែង ៥៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងដាក់សំណង់លូអង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង ៨ម៉ែត្រ ចំនួន ២កន្លែង ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិទួលខៀវ និងភូមិបរឌិននៀវ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជួបការលំបាកជាច្រើនឆ្នាំមកហើយ ដោយមានប្រជាពលរដ្ឋទទួលផលផ្ទាល់សរុប ២៨១៥នាក់ ស្មើនឹង ៤៦៩គ្រួសារ។
តមកនៅថ្ងៃដដែល ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលផ្លូវលំចំនួន ២ខ្សែរ ទៀត នៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីមានសំណូមពរ ពីសំណាក់ប្រជាពលរដ្ឋ ដើម្បីគ្រោងផែនការសម្រាប់ធ្វើការកសាងនាពេលខាងមុខ៕ វួច ពឿន