(27-03-2017) ប៉ៃលិន៖ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ នៅវត្តរតនគិរីសិលារាម ហៅវត្តបហ៊ុយ មានរៀបចំពិធីបុណ្យកាត់ ឬសីមាព្រះវិហារថ្មី ក្រោមអធិបតីភាពឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និង លោកជំទាវ គង់ស្តី កើតសុធា ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លោកជំទាវ ស៊ុម ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្ត ឯកឧត្តម ធូ ភា អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ។
លោក លឹម សំបូរ ចៅសង្កាត់បយ៉ាខា បានមានប្រសាសន៍ថា ព្រះវិហាថ្មីនេះចាប់ផ្តើមកសាងតាំងពី ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០០៨ ដោយអតីតព្រះគ្រូចៅអធិការវត្តព្រះនាម សុត្តសិលោ ចាន់ សឿន និង អាចារ្យគណកម្មាការវត្ត ដែលសំរេចបានប្រមាណ២៥%។ ក្រោយមកព្រះវិហារនេះបានបន្តការកសាងដោយព្រះចៅអធិការវត្តថ្មី ព្រះនាម រក្ខិតធម្មោ ជៀប សារ៉ាន់ ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦មក ដែលមានបណ្តោយ៣៨ម៉ែត្រ ទទឹង ២៤ម៉ែត្រ ចំណាយថវិកាសរុបចំនួន ១៦០៣៩៥ $។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ក្នុងម្លប់សុខ សន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យើងមានការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងអោយមានការរីកចំរើន ទាំង វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន វត្តអារាម និងជីវភាពរបស់ប្រជាពលរដ្ឋយើង។ សព្វថ្ងៃយើងមានឱកាសធ្វើបុណ្យ ធ្វើទានសន្សំកុសលសំរាប់ជាតិនេះ និងជាតិខាងមុខ។ ដូច្នេះ យើងត្រូវ តែរួមគ្នាការពារនូវសន្តិភាពរបស់យើងអោយបានគង់វង្ស សំរាប់តដល់កូនចៅរបស់យើងនៅជំនាន់ក្រោយ ៗទៅទៀត។ ឯកឧត្តម ក៏បានណែនាំសូមអោយ យុវវ័យ ប្រជាពលរដ្ឋទាំងអស់ត្រូវនៅអោយឆ្ងាយពី គ្រឿង ញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ជៀសវាងកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ និងត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល ការពារ កុំអោយមានអំពើរហឹង្សារក្នុងគ្រួសារ ក្មេងទំនើង អំពើចោរលួច ចោរប្លន់ និងការលេងល្បែង ស៊ីសងគ្រប់ប្រភេទ។
[youtube id= “”]