(11-03-2017) ប៉ៃលិន៖ ល្ងាចថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម កើត សុធា គណៈអភិបាលខេត្តប៉ៃលិនបានដឹកនាំមន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធជាច្រើននាក់ ចូលរួមបុណ្យផ្កាប្រាក់សាមគ្គីវេរប្រគេនព្រះសង្ឃដែលគង់នៅក្នុង វត្តព្រះពុទ្ធត្រៃរតន៍មង្គល (ហៅវត្តអូរប្រើស) ដែលស្ថិតនៅ ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីប្រមូលបច្ច័យយកកសាងសាលាធម្មសភា។
ពិធីបុណ្យផ្កាប្រាក់សាមគ្គីត្រូវបានប្រារព្ធឡើង តាមវិស័យព្រះពុទ្ធសាសនារបស់យើង ដើម្បីជួបជុំពុទ្ធបរិស័ទ្ធជិតឆ្ងាយដើម្បីកសាងវិស័យនានានៅទីអារាមមួយនេះ ហើយមានរៀបចំនូវកម្មវិធីកិច្ចនមសក្ការ ព្រះរតនៈត្រៃ សមាទានសីល ព្រះសង្ឃចម្រើនព្រះបរិត្ត និង សម្តែងព្រះធម៌ទេសនាផងដែរ។ ព្រះពុទ្ធសាសនាកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីជួយដល់ការងារអភិវឌ្ឍន៍សង្គមកម្ពុជា។ ក្នុងនោះព្រះសង្ឃបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព្រះធម៌ អប់រំសីលធម៌សង្គម តាមវិទ្យុ ទូរទស្សន៍ និងនៅតាមសាលារៀន។ នៅពេលមានគ្រោះមហន្តរាយដោយទឹកជំនន់ ដោយខ្យល់ព្យុះ គឺវត្តអារាមបានជួយជាថវិកា ជាសម្ភារៈ និងកម្លាំងកាយ ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយពីរងការខូចខាតពីសង្គ្រាម ហើយការចូលរួមបុណ្យផ្កាប្រាក់សាមគ្គីកសាងរបស់ ឯកឧត្តម កើត សុធា គណៈអភិបាលខេត្ត នាពេលនេះ ជាការចូលរួមរួមមួយដ៏ប្រសើរថ្លៃថ្លាក្នុងព្រះពុទ្ធសាសនានៃយើង ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់បច្ច័យដែលពុទ្ធបរិស័ទ្ធចូលរួមបុណ្យផ្កាប្រាក់សាមគ្គីនាពេលនេះ មានចំនួន ១១,២១៨,០០០រៀល ( ដប់មួយលានម្ភៃមួយមឺនប្រាំបីពាន់រៀល) ។
[youtube id= “tNA3soOGf0c”]