ពិធីបិទការប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៦-២០១៧


​( 07-03-2017) ប៉ៃលិន៖ នៅ​ពហុ​កីឡា​ដ្ឋាន​ភ្នំ​ចេក​រសៀល​នៅ​ថ្ងៃ​ទី៧​ខែ​មិនា​ ឆ្នាំ​២០១៧​ ឯក​ឧត្តម​ ធូ ភា​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​ អញ្ជើញ​ជា​អធិប​តី​ភាព ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​ និង​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ខេត្ត​ ប្រចាំ​ឆ្នាំ​២០១៦ ​-​២០១៧​  ។

​លោក ​សួន​ សុភ័ក្រ​ ប្រធាន​ការិយា​ល័យ​យុវជន​និង​កីឡា​បាន​អាន​របាយ​ការណ៏​លទ្ធ​ផល​អោយ​ដឹង​ថា៖​ការ​ប្រកួត​កីឡា​សិស្ស​បឋម​និង​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​សិក្សា​២០១៦​-​២០១៧​ ​មាន​ចំនួន៤ ​ប្រភេទ​កីឡា ​២៦​វិញ្ញាសារ​ក្នុង​នោះ​អត្ត​ពល​កម្ម​២២​ប្រកួត ​បាល់​បោះ១០​ប្រកួត​ បាល់​ទះ​១៣ប្រកួត​ បាល់​ទាត់​៥២​ប្រកួត​ សរុប​១០៥​ប្រកួត ​ប្រើ​រយៈ​ពេល​១០ថ្ងៃ​ហើយ​កីឡា​ករ​និង​ការិនី​ដែល​ទទួល​បាន​ជ័យ​លាភី​បឋម​សិក្សា​២៥២​នាក់​ កុមារី​១៦៣​នាក់​ មធ្យម​សិក្សា​២៣៨​នាក់​នារី​១២៣​នាក់​ សរុប​ជ័យ​លាភី​បឋម​និង​មធ្យម​សិក្សា​ទូទាំង​ខេត្ត​ប្រចាំ​ឆ្នាំ​២០១៦​-​២០១៧​ស្មើ​៤៩០​នាក់​ស្រី​២៨៦​នាក់​។​

​លោក​ តង់ ​ធារ៉ា ​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​កោត​សសើរ​ដល់​អ្នក​គ្រូ​លោក​គ្រូ​ អាជ្ញា​កណ្តាល ​ គ្រូ​ពេទ្យ ​និង​ សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​សហ​ការ​ សាមគ្គី​គ្នា​បាន​ល្អ​ធ្វើ​អោយ​ដំណើ​ការ​ប្រកួត​កីឡា​ទទួល​បាន​លទ្ធ​ផល​ល្អ​ រួម​ចំណែក​ ការ​អភិវឌ្ឍន៏​វិស័យ​កីឡា​នៅ​ខេត្ត​ប៉ៃលិន​មាន​ការ​រីក​ចំរើន​ ត្រៀម​ខ្លួន​ទៅ​ចូល​រួម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។​លោក​បន្តថា​៖​មន្ទីរ​អប់រំ​យុវ​ជន​និង​កីឡា​ខេត្ត​តែង​តែ​ខិត​ខំ​បញ្ចូន​ក្រុម​កីឡា​សិស្ស​បឋម​សិក្សា ​និង​មធ្យម​សិក្សា​ទៅ​ចូល​រួម​ការ​ប្រកួត​​ថ្នាក់​ជាតិ​ទូទាំង​ប្រទេស​មិន​ដែល​ខក​ខាន​មួយ​ឆ្នាំ​ណា​ឡើយ​ដែល​ឆ្នាំ​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​យក​រាជ​ធានី​ភ្នំពេញ​សម្រាប់​ប្រកួត​ថ្នាក់​ជាតិ ​សិស្ស​បឋម​សិក្សា​ចាប់​ពី​ថ្ងៃទី​២៨ខែ​មិនា​ ឆ្នាំ​២០១៧​រហូត​ដល់​ថ្ងៃទី​៦​ខែ​មេសា ​ឆ្នាំ​២០១៧ ​និង​ប្រកួត​ថ្នាក់​មធ្យម​សិក្សា​ចាប់​ពី​ថ្ងៃ​ទី០៥​ដល់​១៥​ខែឧសភា​ឆ្នាំ២០១៧​នៅ​ខេត្ត​កំពង់​ចាម​ ធ្វើ​ជា​កន្លែង​ប្រកួត​ថ្នាក់​ជាតិ​។​ មិន​ត្រឹម​តែ​ប៉ុណ្តោះ​ពេល​ទៅ​ចូល​រួម​ការ​ប្រកួត​ម្តងៗ​ក្រុម​កីឡា​ករ​ និង​កីឡា​ការិនី​ របស់​យើង​បាន​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​កីឡា​ សហការ​អធ្យា​ស្រ័យ​ សាមគ្គី​ភាព​ផ្ទៃ​ក្នុង​មាន​សុជីវ​ធម៌​ត្រឹម​ត្រូវ ​ទទឹម​នឹង​នេះ​ការ​រស់​នៅ​ជា​ក្រុម​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូ​ដ៏​ឧត្តុង្គ​ឧត្តម​។​

​ឯក​ឧត្តម ​ធូ ​ភា ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖​វិស័យ​កីឡា​គឺ​ជា​វិស័យ​ដ៏​អាទិភាព​មួយ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​ហ៊ុន​ សែន​ ពិសេស​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ទទួល​ខុស​ត្រូវ​ផ្ទាល់ ​និង​យក​ចិត្ត​ទុក​ដាក់​ ក្នុង​គោល​បំណង​អភិវឌ្ឍ​ដើម្បី​បង្កើន​សមត្ថភាព​ និង​ទេព​កោស​ល្យ​របស់​កីឡា​ករ​ កីឡា​ការិនី​ ។​ជាក់​ស្តែង​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ​បាន​រៀប​ចំ​ពិធី​ប្រកួត​នេះ​ឡើង​ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធ​និង ​បង្ក​ឱកាស​អោយ​បាន​ជួបគ្នា ​ស្គាល់​គ្នា​ អោយ​ក្លាយ​ជា​មិត្តិ​ភាព​។​ម្យ៉ាង​វិញ​ទៀត​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ ​និង​កីឡា​ នៅ​គ្រប់​សាលា​ទូទាំង​ខេត្ត​ យើង​ឃើញ​ថា​មាន​ការ​ប្រែប្រួល​ពី​ មួយ​ឆ្នាំ​មួយ​ឆ្នាំ ​គួ​អោយ​កត់​សំគាល់​ជា​ការ​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​អប់​រំ​ដែល​មាន​ការ​ ប្រែប្រួល​ថ្មី​ ក្នុង​ការ​ការពារ​ថែ​រក្សា​សុខ​ភាព​ជា​សំខាន់​ដើម្បី​ស្តារ ​និង​កសាង​ធន​ធាន​មនុស្ស​ប្រកប​ដោយ​កាយ​សម្បទា​មាំ​មួន​សុខ​ភាព​ល្អ​ប្រាជ្ញា​វាង​វៃ ​មាន​ស្មារតី​រហ័ស​រហួន​មាន​ទំនាក់​ទំនង​ល្អ​មាន​សាមគ្គី​ភាព​ភាតរភាព​ ចេះ​យោគ​យល់​គ្នា ​និង​មាន​អធ្យា​ស្រ័យ​ល្អ​ ចេះ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​វាង​កីឡា​ករ​កីឡា​ការិនី​ទូទាំង​ខេត្ត​ពី​សាលា​មួយ​ទៅ​សាលា​មួយ​ទៀត​។​ឯក​ឧត្តម​បន្តថា៖​ការ​ទទួល​បាន​រង្វាន់​ដែល​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ជា​​ជ័យ​លាភី​ ពិត​ជា​ល្អ​និង​មាន​អារម្មណ៏ថា​សប្បាយ​រីករាយ​ណាស់​ ដូច្នេះ​ហើយ​ត្រូវ​ខិត​ខំ​ហ្វឹង​ហាត់​បន្ថែម​ទៀត​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​ទូទាំង​ប្រទេស​ ផ្នែក​បឋម​សិក្សា​នៅ​រាជធានី​ភ្នំពេញ ​និង​កីឡា​ផ្នែក​មធ្យម​សិក្សា​​នៅ​ខេត្ត​កំពង់​ចាម​នា​ពេល​ខាង​មុខ។​

​ក្នុង​ឱកាស​នោះ​ដែរ​ឯក​ឧត្តម​ ធូ​ ភា ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ និង​ លោក​តង់​ ធារ៉ា​ ប្រធាន​មន្ទី​អប់រំ​យុវ​ជន​និង​កីឡា​ខេត្ត​ប៉ៃលិន​ បាន​ប្រគល់​ពាន់​ជើង​ឯក​ និង​ចំណាត់​ ថ្នាក់​ជ័យ​លាភី​ចាប់​ពី​លេខ​១ដល់​លេខ៣​សំរាប់​ក្រុម​កីឡា​ករ​-​ការនី​ផង​ដែរ​។​

cpp-07-03-2017-009 cpp-07-03-2017-010 cpp-07-03-2017-011 cpp-07-03-2017-012 cpp-07-03-2017-013 cpp-07-03-2017-014vv

[youtube id= “mb5csDvd-BE”]