(07-03-02017) ប៉ៃលិន៖ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន, និង ឯកឧត្តម ឡីចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីណាក់ឯកឧត្តម សេង ប៊ុនឃាង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្តម ស្រាង រតនៈ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោកមេបញ្ជាការ បញ្ជាការរងកងកំលាំងប្រដាប់អាវុធ លោកប្រធាន អនុប្រធានមន្ទីរ លោកអភិបាលក្រុង ស្រុក ព្រមទាំងមន្រ្តីរាជការក្នុងខេត្តប៉ៃលិនជាច្រើនរូបទៀត។
តាមព្រះរាជក្រិត្យ ន.ស/រ.ក.ត ០២១៧/២៤៧ បានត្រាស់បង្គាប់ តែងតាំងលោក តូច សុភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ជំនួសលោក លោកជុំ សែនសុធា អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដែលត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ ផ្ទេរមុខតំណែងអោយមកបំរើការងារជាព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ សំដែងការរីករាយ អបអសាទរ និងគាំទ្រពេញទំហឹងចំពោះការផ្តល់ទំនុកចិត្តយ៉ាងធំធេងរបស់ក្រសួងយុទ្តិធម៌ ដែលបានផ្តល់ឱកាស និងតួនាទីដ៏មានសារៈសំខាន់ជូនលោក តូច សុភក្តី ជាព្រះរាជអាជ្ញាថ្មី ដើម្បីលោកអាចដឹកនាំស្ថាប័នអយ្យការ និងសហការី បន្តបំពេញភារកិច្ចបំរើជាតិ និងប្រជាជនទទួលបានជោគជ័យថ្មីៗ និងជំរុញការការលើកស្ទួយវិស័យយុត្តិធម៌ក្នុងខេត្តប៉ៃលិនអោយកាន់តែរីកចំរើនថែមទៀត។ឯកឧត្តមបានមានប្រសាសន៍ថាៈ វិស័យតុលាការគឺជាយន្តការដ៏មានសារៈសំខាន់បំផុតសំរាប់ដោះស្រាយវិវាទ។ ជាការពិតណាស់ក្នុងសង្គមមួយដែលមានមនុស្សច្រើនរស់នៅផ្តុំគ្នា គឺតែងតែមានបញ្ហាវិវាទនឹងគ្នា។ ជាធម្មតារាល់វិវាទដែលកើតមានឡើងគេតែងតែធ្វើការដោះស្រាយដោយពិភាក្សា ឬ ដោយការសម្របសម្រួល ឬ ដោយការផ្សះផ្សារគ្នា ក្រោមការដឹកនាំរបស់ចាស់ព្រឹទ្ធាចារ្យ ឬអាជ្ញាធរណាមួយ។ ក្នុងករណីដែលគេមិនអាចដោះស្រាយវិវាទទាំងនោះបាន ទើបគេនាំយកករណីវិវាទទាំងនោះ មកដោះស្រាយតាមវិធានតុលាការ ដែលជាមធ្យោបាយចុងក្រោយដើម្បីឈានទៅបិតបញ្ចប់បញ្ហាទាំងនោះតាមច្បាប់ជាធរមាន។ ឯកឧត្តមបានសំណូមពរសូមអោយព្រះរាជអាជ្ញាដែលទើបតែងតាំងថ្មី សូមអនុវត្តការងារតាមគន្លងរបស់ព្រះរាជអាជ្ញាចាស់ ពោលគឺត្រូវសហការអោយបានល្អជាមួយរដ្ឋបាលខេត្តដោយត្រូវ៖ ទី១ អនុវត្តច្បាប់អោយបានត្រឹមត្រូវ និង ទី២ ត្រូវចូលរួមការពារផលប្រយោជន៍ប្រជាជនទូទៅ ក៏ដូចជា ផលប្រយោជន៍របស់រដ្ឋាភិបាល។
ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរព្រះរាជអាជ្ញានាពេលនេះ គឺដើម្បីធានានូវនិរន្តរភាពការងាររបស់អយ្យការអមសាលាដំបូងខេត្ត សំរាប់ជាប្រយោជន៍របស់ជាតិ និង ប្រជាជនយើង។ ឯកឧត្តមបានណែនាំសូមអោយព្រះរាជអាជ្ញាដែលទើបបានទទួលការតែងតាំងថ្មីត្រូវ៖ ទី១ប្រកាន់ភ្ជាប់ឧត្តមគតិខ្ពស់ ស្វែងរកនូវយុត្តិធម៌ជូនប្រជាជន។ ទី២ ត្រូវយកចិត្តទុកដាក់រៀនសូត្របន្ថែមទៀតពីការងារជំនាញ ពីច្បាប់ និងស្ថានភាពប្រជាពលរដ្ឋមួលដ្ឋានជាដើម។ ទី៣ ត្រូវគោរពតាមតួនាទីភារកិច្ចរបស់ខ្លួន និងប្រកាន់ខ្ចប់នូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ។ ទី៤ លើកកំពស់ឯករាជ្យភាពរបស់ស្ថាប័នតុលាការ ។ ទី៥ ត្រូវមានស្មារតីសាមគ្គីភាព និង កិច្ចសហការល្អ ជាមួយអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ សំរាប់ឈានទៅរកការអនុវត្តការងារយុត្តិធម៌ជូនប្រជាពលរដ្ឋអោយបានល្អប្រសើ។ ទី៦ ត្រូវតំកល់សំណុំរឿងទាំងអស់អោយបានច្បាស់លាស់ គត់មត់ល្អ៕
[youtube id= “573uhl1QAZU”]