គណកម្មាធិការទី៧នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់អំពីវិស័យ អប់រំ យុវជន និងកីឡា , វិស័យធម្មការ និងសាសនា , វិស័យវប្បធម៌ និងវិស័យទេសចរណ៍ នៅខេត្តប៉ៃលិន


(22-02-2017) ប៉ៃលិន៖ ​ថ្ងៃទី២២ ​ខែកុម្ភៈ​ ឆ្នាំ២០១៧ ​គណ​កម្មា​ធិការ​ទី៧ ​នៃ​រដ្ឋ​សភា ​មាន​ ឯក​ឧត្តម​ យ៉ែម ​បុញ​ឫទ្ធិ ​ជា​ប្រធាន​ បាន​ដឹកនាំ​គណ​ប្រតិភូ ​ចុះ​សិក្សា​ស្វែង​យល់​អំពី​វិស័យ​ទាំង​៤ ​ដែល​ជា​សមត្ថ​កិច្ច​ទទួល​ខុស​ត្រូវ​របស់​គណៈ​កម្មា​ការ​ទី៧ ​រួម​មានៈ ​ វិស័យ​អប់រំ​ យុវជន ​និង​កីឡា,​ វិស័យ​ធម្មការ ​និង ​សាសនា ​, វិស័យ​វប្បធម៌ ​និង​ វិស័យ​ទេស​ចរណ៍ ​នៅ​ខេត្ត​ប៉ៃលិន​។ ​កិច្ច​ប្រជុំ​សំណេះ​សំណាល​សិក្សា​ស្វែង​យល់​នេះ​ បាន​ធ្វើ​ឡើង​នៅ​ សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​ ដោយ​មាន ​ឯក​ឧត្តម​ អៀង ​វុធ ​អភិបាល​ស្តីទី​ខេត្ត​ប៉ៃលិន​ តំណាង​ឯក​ឧត្តម​ កើត ​សុធា​ អភិបាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​វិស័យ​ទាំង៤ ​និង​មន្រ្តី​រាជ​ការ​សាលា​ខេត្ត​ប៉ៃលិន​មួយ​ចំនួន​ទៀត​។​

​ឯក​ឧត្តម​ អៀង ​វុធ ​អភិ​បាល​ស្តីទី​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ វត្ត​មាន​របស់​ គណៈ​ប្រតិភូ​ គណ​កម្មា​ការ​ទី៧​នៃ​រដ្ឋ​សភា​នា​ពេល​នេះ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជា​ជន​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​មន្ត្រី​រាជ​ការ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំង​មូល​។​ ជា​មួយ​នឹង​វត្ត​មាន​ដ៏​ខ្ពង់ខ្ពស់​នេះ ​រដ្ឋ​បាល​ខេត្ត​នឹង​ទទួល​បាន​នូវ​អនុ​សាសន៍​ល្អៗ ​ពី ​ឯក​ឧត្តម ​និង ​ គណៈ​ប្រតិភូ​ ដើម្បី​ជួយ​ឲ្យ​រដ្ឋបាល​ខេត្ត​ ធ្វើ​ការ​កែលំ​អរ​សកម្ម​ភាព​ការងារ​របស់​ខ្លួន ​សំដៅ​ធ្វើ​ឲ្យ​មាន​វឌ្ឍន​ភាព​ នៃ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិប​តេយ្យ​ ក្រោម​ការ​ដឹក​នាំ​របស់ ​ម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដែល​សម្តេច​តែង​តែ ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​ ចំពោះ​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​ទូទៅ​ ពិសេស​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ខេត្ត​ឆ្ងាយៗ ​ដូច​ជា​ខេត្ត​ប៉ៃលិន​ជា​ដើម​។​ ឯក​ឧត្តម ​បាន​មាន​ប្រសាសន៍​បន្តថា ​សំរាប់​វិស័យ​អប់រំ​ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ​នា​ឆ្នាំ​សិក្សា​២០១៦​-​២០១៧ ​មាន​សាលា​រៀន​សរុប​ចំនួន ​៨៥ ​សាលា ​ ក្នុង​នោះ​មាន​សាលា​មត្តេយ្យ​សិក្សា​មាន ​២៧ ​កន្លែង ​មាន​សិស្ស​សរុប ​ចំនួន ​១ ០០១ ​នាក់ ​ស្រី ​៤៨៧ ​នាក់​ បឋម​សិក្សា​មាន​ ៥០​ កន្លែង​ មាន​​សិស្ស​សរុប ​១០ ​៣៦៤ ​នាក់​ ស្រី ​៤ ៩៩៧ ​នាក់​ មធ្យម​សិក្សា​បឋម​ភូមិ​មាន​ ០៦ ​កន្លែង​ មាន​សិស្ស​សរុប​ចំនួន ​១ ៤៩៧​នាក់​ ស្រី​ចំនួន ​៧០៨ ​នាក់​ មធ្យម​សិក្សា​ទុតិយ​ភូមិ​មាន​ ២ ​កន្លែង​ មាន​សិស្ស​សរុប​ ចំនួន ​២ ២៧៨ ​នាក់​ ស្រី ​១ ១៣៣ ​នាក់ ​និង​បុគ្គលិក​អប់រំ​ទូទាំង​ខេត្ត​សរុប​ចំនួន​ ៧៥៩ ​នាក់ ​ ស្រី​ ៣២៨ ​នាក់​។ ​វិស័យ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​ក្នុង​ឆ្នាំ​២០១៦ ​មន្ទីរ​បាន​ បើក​វគ្គ​បំប៉ន​របាំ​ក្ងោក ​និង​ល្ខោន​និយាយ​​រឿង​ខ្លី​ជា​ប្រចាំ​។ ​ដឹកនាំ​បេក្ខ​ជន​ជ័យ​លាភី​លេខ១ ​ចំនួន ​០៣ ​រូប ​ទៅ​ចូល​រួម​ប្រឡង​ក្នុង​ពិធី​មហោ​ស្រព​កំណាព្យ​ និង​ចម្រៀង​ខ្មែរ​ជា​សកល ​លើក​ទី៤ ​,ឆ្នាំ​២០១៦​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១​ ផ្នែក​ចំរៀង​សម័យ​ និង​លេខ២​ ផ្នែក​ស្មូត​។​ វិស័យ​ធម្មការ​ និង​សាសនា ​ខេត្ត​ប៉ៃលិន ​មាន​វត្ត​អារាម​ចំនួន ​៣២ ​វត្ត ​ និង​មណ្ឌល​វិបស្សនា​ធុរៈ ​០១ ​កន្លែង​ មាន​ព្រះ​សង្ឃ​ស្នាក់​នៅ​មាន​ចំនួន​ ៣៦២ ​អង្គ ​ក្នុង​នោះ​មាន​វត្ត​គណ​មហា​និកាយ​មាន​ ២៥ វត្ត​ មាន​ព្រះ​សង្ឃ​សរុប​ចំនួន​ ៣១០ ​អង្គ ​វត្ត​គណធម្ម​យុត្តិក​និកាយ​មាន ​០៦ ​វត្ត​ មាន​ព្រះ​សង្ឃ​សរុប​ចំនួន ​៥២ ​អង្គ។​ សាលា​ពុទ្ធិក​អនុ​វិទ្យាល័យ​មាន ​០១ ​កន្លែង ​មាន ​០៣ ថ្នាក់ ​មាន​សម​ណសិស្ស​សរុប ​៨២​ អង្គ​ និង​គ្រូ​ចំនួន ​១០ ​អង្គ ​នាក់ ​។​ សាលា​ពុទ្ធិក​បឋម​សិក្សា​មាន ​០៩ ​សាលា ​ មាន​សមណ​សិស្ស​សរុប ​២១២​ អង្គ​ រូប​។​ សាលា​ធម្មវិ​ន័យ​មាន​ ០៨​ សាលា ​មាន​សមណ​សិស្ស​សរុប ​២២៤ ​អង្គ ​រូប​។​ ផ្សព្វផ្សាយ​នា​ទី​ព្រះពុទ្ធ​សាសនា​ផ្សារភ្ជាប់​នឹង​សង្គម ​ និង​សម្តែង​ព្រះធម៌​ទេសនា​តាម​ប៉ុស្តិ៍​វិទ្យុ ​និង​ប៉ុស្តិ៍​ទូរទស្សន៍​ខេត្ត​ប៉ៃលិន​ ជា​រៀង​រាល់​ថ្ងៃ ​ដោយ​ក្នុង​មួយ​ថ្ងៃ ​០២ ​ម៉ោង​។​ វិស័យ​ទេសចរណ៍ៈ ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​នេះ ​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ​ មក​លែង​ និង​ទស្សនា​រមណីយ៍​ដ្ឋាន​នានា ​ក្នុង​ខេត្ត​ប៉ៃលិន​ មាន​ចំនួន ​១៤៨ ០៤៥ ​នាក់​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ​១៣៥ ២៩៦​ នាក់ ​និង​ភ្ញៀវ​អន្តរ​ជាតិ​១២ ៧៤៩ ​នាក់ ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៥​ មាន​ការ​ថយ​ចុះ​។​ រមណីយ​ដ្ឋាន​ក្នុង​ខេត្ត​ប៉ៃលិន ​សរុប​ចំនួន ​១២​ កន្លែង ​ក្នុង​នោះ​មាន​ រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ ០៨ ​កន្លែង​រមណីយ​ដ្ឋាន​កែ​ឆ្នៃ​ ០៣​ កន្លែង​ រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ ​០១​ កន្លែង ​។​

​ឯក​ឧត្តម ​យ៉ែម ​បុញ​ឫទ្ធិ​ ប្រធាន​គណៈ​កម្មការ​ទី៧ ​នៃ​រដ្ឋ​សភា​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ និង​កោត​សរសើ​ដល់​ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម​ លោក​ជំទាវ ​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម​ លោក​ជំទាវ​ អភិ​បាល​រង​ខេត្ត ​មន្រ្តី​រាជការ​ កង​កំលាំង​ប្រដាប់​អាវុធ​ និង​ ប្រជា​ពល​រដ្ឋ​ទាំង​អស់​ ដែល​បាន​រួបរួម​គ្នា​កសាង​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​អោយ​មាន​ការ​រីកចំរើន ​ប្រែ​មុខ​ ប្រែ​មាត់​គួជា​ទី​មោទនៈ​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​ថា ​វិស័យ​អប់រំ ​វិស័យ​សាសនា ​និង​វិស័យ​វប្បធម៌​មាន​សារ​សំខាន់​ណាស់​ ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​បញ្រ្ជាប​ការ​យល់​ដឹង​ផ្នែក​វប្បធម៌​ ប្រពៃណី ​ដែល​ជា​អត្ត​សញ្ញាណ​ជាតិ​យើង ​អោយ​បាន​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​ព្រំ​ដែន ​ដើម្បី​ពួក​គាត់​បាន​យល់​ដឹង​ និង​ចូល​រួម​ថែរក្សា​អភិរក្ស​នូវ​ប្រពៃណី​វប្បធម៌​របស់​ជាតិ​យើង ​អោយ​បាន​គង់​វង្ស​។​ ឯក​ឧត្តម​បាន​បន្តថា​ វិស័យ​អប់រំ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ការ​រីកចំរើន​ច្រើន​ ដែល​ខេត្ត​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​ គួ​តែ​រៀន​សូត្រ​នូវ​បទ​ពិសោធ​ល្អៗ​ពី​ខេត្ត​ប៉ៃលិន ​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​គោល​បំណង​សំខាន់​នៃ​បេសក​កម្ម​របស់​គណ​កម្មា​ទី៧​នេះ​ គឺ​ស្វែង​យល់​ពី​គុណ​ភាព​អប់រំ​ក្នុង​ខេត្ត​ប៉ៃលិន​ដែល​មាន​៖ទី​១ ​គុណ​ភាព​គ្រូ​បង្រៀន ​ដែល​សំដៅ​ដល់​ ក្រម​សីលធម៌​គ្រូ​បង្រៀន​ ប្រាក់​បៀវត្សន៍​គ្រូ​បង្រៀន ​ការ​គោរព​វិន័យ​របស់​គ្រូ​បង្រៀន​ជា​ដើម​។​ ទី២ ​គុណ​ភាព​នៃ​កម្ម​វិធី​សិក្សា​ ថា​តើ​បាន​សម​ស្រប ​និង​មាន​ភាព​ប្រហាក់​ប្រហែល​ទៅ​នឹង​ប្រទេស​ជិត​ខាង​ហើយ​ឬ​នៅ​។​ ទី៣​គុណ​ភាព​បរិស្ថាន​សាលា​រៀន​ ថា​តើ​មាន​សួន​ច្បារ​ មាន​អនាម័យ ​មាន​ការ​តុបតែង​រៀបចំ​អោយ​មាន​បរិស្ថាន​ល្អ ​ឬ​នៅ។​ ទី៤ ​គុណ​ភាព​សិស្សៈ​ ថា​តើ​សិស្សា​នុសិស្ស​ មាន​ការ​គោរព​វិន័យ ​ខិត​ខំរៀន​សូត្រ ​ផ្តល់​តម្លៃ​អោយ​លោក​គ្រូ ​អ្នក​គ្រូ​ដែរ​ឬ​ទេ ​និង​ទី៥​គឺ ​គុណ​ភាព​សង្កមៈ ​ តើ​មាន​ការ​ចូល​រួម​ពី​អាណា​ព្យាបាល​សិស្ស​ ប្រជា​ពល​រដ្ឋ ​មេភូមិ ​ឬ​ព្រះ​សង្ឃ​ដែរ​ឬទេ​ ក្នុង​ការ​ជួយ​ជំរុញ​ការ​សិក្សា​របស់​កុមារ​ សិស្សា​នុសិស្ស​ទាំង​អស់​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ ​ឯក​ឧត្តម​ យ៉ែម ​បុញ​ឫទ្ធិ ​ប្រធាន​គណៈ​កម្មការ​ទី៧​ នៃ​រដ្ឋ​សភា​ ក៏​បាន​ដឹក​នាំ​គណ​ប្រតិ​ភូ​មួយ​ក្រុម​ចុះ​ដល់​មន្ទីរ​អប់រំ ​យុវជន ​និង​កីឡា​ខេត្ត​ ដើម្បី​សំណេះ​សំណាល​សាក​សួរ​នូវ​ព័ត៌​មាន​បន្ថែម ​ជា​មួយ​លោក​គ្រូ ​អ្នក​គ្រូ ​មន្រ្តី​រាជការ​នៃ​មន្ទីរ​អប់រំ ​យុវ​ជន ​និង​កីឡា​ខេត្ត​ប៉ៃលិន​។​

cpp-22-02-2017-001 cpp-22-02-2017-002 cpp-22-02-2017-003 cpp-22-02-2017-004vv

[youtube id= “sO6tOeiDkkw”]