(11-02-2017) ប៉ៃលិន៖ ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧ ត្រូវនិងថ្ងៃពេញបូរមីណ៍ ខែមាឃ ឆ្នាំវក ព.ស ២៥៦០ ឯកឧត្ដមឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ, ឯកឧត្តម កើតសុធាអភិបាលនៃគណៈខេត្តប៉ៃលិន និងលោកជំទាវ ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការនិងពុទ្ធបរិស័ទជា ច្រើននាក់ទៀត បានអញ្ជើញប្រារព្ធពិធីបុណ្យមាឃបូជានៅវត្ដរតនសោភ័ណ្ឌ ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ព្រះគ្រូ ក្ដៀង សារ៉ាត់ ព្រះសមុគណខេត្ត និងជាព្រះចៅអធីការវត្តរតនសោភ័ណបានមានសង្ឃដីកាបានឲ្យដឹងថា ថ្ងៃពេញបូរមីខែមាឃ ជាថ្ងៃមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនាប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមានបុណ្យពិសាខបូជា អាសាឍបូជា និងបុណ្យចេញវស្សាជាដើម។ បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរឹលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំមុន គ.ស គឺនៅថ្ងៃ១៥កើត ខែមាឃ ក្រោយការត្រាស់ដឹងរបស់ព្រះអង្គ៩ខែគត់។ព្រះអង្គបានបន្តរថា ថ្ងៃមាឃបូជានេះ ព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់ប្រទាននូវឪវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័នដែលជាវត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនា ក្នុងនោះមានហេតុការណ៏សំខាន់៤យ៉ាងកើតឡើង៖១.ព្រះសង្ឃសមណៈទូត ១២៥០អង្គ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បញ្ជូនទៅកាន់តំបន់ផ្សេងៗ ដើម្បីផ្សព្វផ្សាយគោលកាណ៍ធម៌ បានវិលត្រឡប់ចូលមកគាល់ព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា ដោយគ្មានការនិមន្តឡើយ។ទី២.ព្រះសង្ឃទាំងអស់សុទ្ធតែឯហិភិក្ខុដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួសឪ្យដោយផ្ទាល់។ទី៣.ព្រះសង្ឃទាំងអស់សុទ្ធតែព្រះអរហន្ដបានអភិញ្ញាណ ៦ គឺៈ អាចសម្ដែងឬទ្ធិបាន ,មានត្រចៀកទិព្វ , ភ្នែកទិព្វ នឹងកំណត់ដឹងចិត្តអ្នកដទៃបាន និង រំលឹកជាតិបាន ។ ទី៤ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបជុំគ្នានោះត្រូវនឹងថ្ងៃពេញបរណ៏មីខែមាឃ ដែលហៅម្យ៉ាងទៀតថា ចតុរង្គសន្និបាត ឬកិច្ចប្រជុំប្រកបដោយអង់៤។
លោកសំ សាវឿនប្រធានមន្ទីរធម្មការនិងសាសនាបានមានប្រសាសន៏ថា ថ្ងៃនេះជាថ្ងៃដែលយើងទាំងអស់គ្នាបានប្រារព្ធខួបនៃបុណ្យមាឃបូជា សំរាប់រំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធនៃយើង។ ពិតមែនដែលព្រះអង្គបានយាងចូលបរិនិព្វានដ៏យូរ តែព្រះអង្គបានប្រតិស្ថាននូវក្បួនគម្ពីព្រះត្រៃបិតក មានក្បួនព្រះសូត្រ ព្រះវិន័យ ព្រះអភិធម្ម ទុកសម្រាប់ សាវ័ក ភិក្ខុ និងពុទ្ធបរិស័ទ សំរាប់ប្រតិបត្តិ ដូចពេលដែលព្រះអង្គនៅមានជន្មាយុនៅឡើយអញ្ចឹងដែរ ។ លោកបានបន្តថា ដើម្បីឆ្លើយតបនូវការដឹងគុណដ៍ជ្រាលជ្រៅ ចំពោះព្រះបរមគ្រូនៃយើង យើងបានប្រារព្វទិវាបុណ្យមាឃបូជានេះឡើងជារៀងរាល់ឆ្នាំ ដែលការរៀបចំនៃពិធីបុណ្យនេះធ្វើឡើងដូចទៅនឹងសម័យកាលដែលព្រះអង្គជួបប្រជុំសាវកទាំង២៥៥០អង្គនោះ អញ្ចឹងដែរ។
ឯកឧត្តម កើតសុធាអភិបាលនៃគណៈភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ប្រជាពលរដ្ឋ៨០% គឺជាប្រជាពុទ្ធបរិស័ទ ,មានជំនឿជឿជាក់លើពុទ្ធសាសនា,ដើរតាមមាគ៌ាអប់រំ របស់ព្រះពុទ្ធបរមគ្រូនៃយើង។ ឯកឧត្តមបានមានប្រសាសន៏បន្តថា ទ្រឹស្ដីអប់រំរបស់ព្រះពុទ្ធសាសនា បាននាំមកនូវសេចក្ដី សុខសន្តិភាព និង ការអភិវឌ្ឍន៍នៅក្នុងសង្គមជាតិរបស់យើង។ ព្រះពុទ្ធសាសនាតែងតែប្រដៅពុទ្ធបរិស័ទ ឲ្យប្រព្រឹត្តតែអំពើល្អ អំពើអហិស្សា ប្រព្រឹត្តតែអំពើកុសល។ឯកឧត្តមក៏បានសំណូមពរសូមឲ្យព្រះសង្ឃគ្រប់វត្តអារាម បន្តជួយអប់រំផ្សព្វផ្សាយ ពន្យល់ ណែនាំដល់ពុទ្ធបរិស័ទពិសេសយុវវ័យ សូមឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជៀសវាងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ៕
[youtube id= “XC9e7h0hBqE”]