ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា+ថៃ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន បានចាប់ផ្តើមកសាងជំហានទី២ ប្រវែង ១៥គីឡូម៉ែត្រ បន្ថែមទៀត


​ (04-02-2017) ប៉ៃលិន៖ ផ្លូវ​ក្រវ៉ាត់​ព្រំ​ដែន ​កម្ពុជា​+​ថៃ ​១ខ្សែរ ​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​ បាន​កំពុង​ចាប់​ផ្តើម​កសាង​ជំហាន​ទី២​ ឆ្នាំ២០១៧​ ប្រវែង ​១៥​គីឡូ​ម៉ែត្រ ​បន្ថែម​ទៀត​ ដែល​កសាង​ដោយ​ កង​កម្លាំង​វិស្វកម្ម​នៃ​ក្រសួង​ការ​ពារ​ជាតិ ​ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​។​

​ផ្លូវ​ក្រវ៉ាត់​ស្រប​ព្រំ​ដែន​កម្ពុជា​ថៃ១​ខ្សែរ​នេះ​ កំពុង​ចាប់​ផ្តើម​ កសាង ​ជំហាន​ទី២ ​ដើម្បី​ទៅ​ផ្សារ​ភ្ជាប់​ផ្លូវ​ក្រវ៉ាត់​ព្រំ​ដែន​ដែល​កំពុង​កសាង​ចេញ​ពី​ខេត្ត​កោះ​កុង​ឆ្ពោះ​មក​ត​ភ្ជាប់​គ្នា​នឹង​ខ្សែរ​ផ្លូវ​ដែល​កង​វិស្វកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​កំពុង​ដំណើរ​ការ​កសាង​នេះ ​ហើយ​ផ្លូវ​នេះ​គឺ​ជា​ចក្ខុ​វិស័យ​ក្នុង​យុទ្ឋ​សាស្រ្ត​បំរើ​ប្រជា​ពល​រដ្ឋ​ ក្នុង​រយៈ​ពេល​យូរ​អង្វែង​របស់​សម្តេច​តេជោ ​ហ៊ុន​ សែន ​ដោយ​ផ្លូវ​មួយ​ខ្សែរ​ស្រប​ព្រំដែន​កម្ពុជា​-​ថៃ​នេះ ​មាន​សក្តា​នុពល​លើ​វិស័យ​ការ​ពារ​ជាតិ ​និង​បង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ដឹក​ជញ្ជូន​ កសិផល​របស់​ប្រជា​កសិករ​តាម​ព្រំដែន​ទៅ​កាន់​ទីផ្សារ​បាន​ឆាប់​រហ័ស ​ធ្វើ​ឱ្យ​ឈ្មួញ​កាត់​បន្ថយ​ការ​ចំណាយ​សោហុយ​លើ​ការ​ដឹក​ជញ្ជូន ​ស្មើ​នឹង​ការ​បង្កើន​ តម្លៃ​កសិផល​របស់​ប្រជា​ពល​រដ្ឋ​។​ជាក់​ស្តែង​នៅ​តំបន់​ព្រំដែន​ ក្នុង​ភូមិ​សាស្ត្រ ​ខេត្ត​ប៉ៃលិន​ អជ្ញាធរ​ខេត្ត​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​អង្គភាព ​បាន​កំពុង​ជំរុញ​បន្ថែម​នូវ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ្តបតិ​ការ​ជា​មួយ​ ប្រទេស​ថៃ​ជា​មិត្ត ​ដើម្បី​ប្រែ​ក្លាយ​តំបន់​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ទៅ​ជា​ព្រំដែន​ មួយ​ដែល​មាន​សន្តិភាព​មិត្ត​ភាព​ កិច្ច​សហ​ប្រតិបត្ត​ការ ​និង​ការ​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​វិស័យ ​សំដៅ​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​ រស់​នៅ​តាម​តំបន់​ព្រំដែន​នៃ ​ប្រទេស​ទាំង​ពីរ​ឱ្យ​ល្អ​ប្រសើ​ឡើង​។​

​គួរ​រំលឹក​ថា​៖​ ផ្លូវ​មួយ​ខ្សែរ​នេះ ​កសាង​ជំហាន​ទី១​ ឆ្នាំ​២០១៦ ​មាន​ប្រវ៉ែង​២០​គីឡូ​ម៉ែត្រ​ ទទឹង​ ០៩ម៉ែត្រ​ ធ្វើ​ស្ពាន​ចំនួន​ ០៥ ​កន្លែង​ ដាក់​លូ​ ២៩កន្លែង​ លូ​ប្រអប់​ចំនួន ​០៩កន្លែង​ ហើយ​កសាង​ចាប់​ពី​ផ្លូវ​បំបែក​ផ្លូវ​ជាតិ​លេខ ​៥៧ ​ត្រង់ ​ចំណុច​ភូមិ​ផ្សារ​ព្រំ ​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ឆ្ពោះ​ទៅ​ដល់​ចំណុច​អូរអែម ​ភូមិ​បរតាំង​ស៊ូ ​សង្កាត់​បរយ៉ាខា ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន ​ដោយ​ផ្លូវ​នេះ​គឺ​ជា​ផ្លូវ​ក្រាល​គ្រួស​ថ្ម​ភ្នំ​ជំហាន​ដំបូង​ស្រប​តាម​ បណ្តោយ​ព្រំដែន ​កម្ពុជា​+​ថៃ ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ប៉ៃលិន​ ជា​គំរោង​ថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ និង​អនុវត្តន៍​គំរោង​ដោយ​កង​វិស្វ​កម្ម​ក្រសួង​ការពារ​ជាតិ​។

​ញ៉ឹប​ បូរី​ ប៉ៃលិន​ 05​-​02​-​2017​

cpp-04-02-2017-001 cpp-04-02-2017-002 cpp-04-02-2017-003 cpp-04-02-2017-004vv

[youtube id= “I8Gmn_2APTk”]