(03-02-2017) ប៉ៃលិន៖ រសៀលថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិនគណៈកម្មកាទី១នៃព្រឹទ្ធសភាបានប្រជុំជាមួយរដ្ឋបាលខេត្តដើម្បីសិក្សាស្វែងយល់ពីការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថ្នាក់ក្រោមជាតិនៅខេត្តប៉ៃលិន ក្រោមអធិបតីយភាព ឯកឧត្តម ទាវ វណ្ណុល ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា ឯកឧត្តម អៀង វុធ អភិបាលខេត្តស្តីទី និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធានអនុប្រធានមន្ទីរអភិបាលស្រុក/ក្រុង កងកំលាំងគ្រប់លំដាប់ថ្នាក់ផងដែរ។
ឯកឧត្តម អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិនបានរាយការណ៏សង្ខេបស្តីពីលទ្ធផលការងារពាក់ព័ន្ធនិងការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្តឹងរបស់រដ្ឋបាលខេត្តប៉ៃលិនបានអោយដឹងថា៖ដោយអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឯកសារគតិយុត្តនានា ជាធរមាន រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាចម្បងបំផុតចំពោះការលើកតម្កើងសិទ្ធិមនុស្ស និងលើកកម្ពស់ជីវិតប្រជាពលរដ្ឋអោយបានកាន់តែមានភាពប្រសើរឡើង។រាល់ការដោះស្រាយវិវាទនានារដ្ឋបាលខេត្តពឹងផ្អែកទាំងស្រុងលើវិធានគតិយុត្តជាធរមាននិងការគោរពសិទ្ធិមនុស្សជាធំ គោរពនូវសិទ្ធិរស់រានមានជីវិត សិទ្ធិលំនៅដ្ឋាន ជាពិសេសផ្តល់សេវាដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋលើកកម្ពស់សមធម៌ទាំងសេវាអប់រំ និងសេវាសុខាភិបាល ព្រមទាំងបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវ័ន្ត ផងដែរ។ឯកឧត្តមបន្តថា៖ការដោះស្រាយពាក្យបណ្តឹងរដ្ឋបាលខេត្តបានទទួលពាក្យបណ្តឹងចំនួន៤៤ករណី ក្នុងនោះមានបណ្តឹងទំនាស់ដីធ្លីមានចំនួន២២ករណី បណ្តឹងទំនាស់ផ្សេងៗមានចំនួន២២ករណី ហើយបានដោះស្រាយរួចបានចំនួន២៩ ករណី និងករណីបណ្តឹងបញ្ជូនទៅស្ថាប័នពាក់ព័ន្ធចំនួន០៧ ។បណ្តឹងនៅសល់កំពុងដោះស្រាយបន្តមានចំនួន០៧ករណី។
កិច្ចប្រជុំក៏បានពិភាក្សានិងលើកឡើងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមានដូចជា៖១/បញ្ហាទំនាស់ដីធ្លីនៅភូមិផ្សាព្រំមានចំនួន១៣០គ្រួសារ។ទី២/បញ្ហាទំនាស់ដីធ្លីនៅឃុំស្ទឹងត្រង់មានចំនួន៧០ហិតា ជាដីស្រែ។ទី៣/បញ្ហាប្រជាពលរដ្ឋនៅសង្កាត់អូរតាវ៉ៅអាស្រ័យផលបះពាល់ដីបរិស្ថាន។ទី៤/បញ្ហាគ្រឿងញៀន។ទី៥/បញ្ហាប្រជាពលរដ្ឋត្អួញត្អែអំពីសេវា ធ្វើប្លង់ដីមានតំលៃខ្ពស់។
ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិនក៏បានបកស្រាយបំភ្លឺពីការដោះស្រាយបញ្ហាខាងលើតាមនិតិវិធី និងជំហាននីមួយៗដើម្បីអោយប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា និងគណៈប្រតិភូបានយល់កាន់តែច្បាស់ ស្របតាមច្បាប់យុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺត្រូវយកចិត្តទុកដាក់បំពេញការងារអោយបានល្អ សំដៅលើកកំពស់ជីវភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋអោយបានល្អប្រសើរ ជាពិសេសគឺថែរក្សាសុវត្តិភាពសណ្តាប់ធ្នាប់ និងភូមិឃុំមានសុវត្តិភាពបានល្អប្រសើឡើង។
ឯកឧត្តម ទាវ វណ្ណុល ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា បានមានប្រសាសន៏ថា៖កិច្ចប្រជុំនៅពេលនេះក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថ្នាក់ក្រោមជាតិនៅខេត្តប៉ៃលិន ព្រមទាំងសួនាំពីបញ្ហាដែលប្រជាពលរដ្ឋលើកឡើងដើម្បីអោយរដ្ឋបាលខេត្តប៉ៃលិនធ្វើការបកស្រាយ និងអោយសមាជិករបស់គណកម្មការទី១នៃព្រឹទ្ធសភាធ្វើការកត់ត្រាទុកសំរាប់រាយការណ៍ជូនថ្នាក់ដឹកនាំធ្វើការដោះស្រាយជូនប្រជាពលរដ្ឋជាជំហានៗ ។ឯកឧត្តមបន្តថា៖រដ្ឋបាលខេត្តប៉ៃលិនពិតជាយកចិត្តទុកដាក់ដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋទៅតាមនិតិវិធីនិងច្បាប់ទទួលបានលទ្ធផលល្អប្រសើរ។ ដូច្នេះរដ្ឋបាលខេត្តគ្រប់ថ្នាក់ត្រូវតែបន្តជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធអោយខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់អោយបានឆាប់រហ័ស ដោយឈរលើគោលការណ៍ច្បាប់និង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
[youtube id= “XfMh8_kC58c”]