រដ្ឋបាលខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល នៅថ្នាក់ក្រោមជាតិ


​(03-02-2017) ប៉ៃលិន៖ ថ្ងៃទី៣ ​ខែកុម្ភៈ​ឆ្នាំ២០១៧ ​នៅ​សាលា​ខេត្ត​ប៉ៃលិន ​មាន​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​អន្តរ​ក្រសួង​ ស្តីពី​ការ​ផ្តល់​សេវា​រដ្ឋ​បាល​នៅ​ថ្នាក់​ក្រោម​ជាតិ ​ក្រោម​អធិបតីភាព​ឯក​ឧត្តម ​អៀង ​វុធ​ អភិបាល​ស្តីទី​ខេត្ត​ប៉ៃលិន ​និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯក​ឧត្តម ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ​លោក​អភិបាល​ក្រុង/​ ស្រុក ​ក្រុម​ប្រឹក្សា​ក្រុង/​ ស្រុក ​ លោក​មេឃុំ ​/ចៅសង្កាត់ ​,ស្មៀន​ឃុំ ​/សង្កាត់ ​លោក​មេភូមិ​ និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​។​

​តាម​សេចក្តី​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​ការ​ផ្តល់​សេវា​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​ រវាង​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ បាន​សម្រេច​៖​ ប្រការ១ ​អនុញ្ញាតិ​អោយ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ អនុវត្ត​ការ​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋ​បាល​របស់​ខ្លួន ​ ដើម្បី​ជា​គុណ​ប្រយោជន៍​ ដល់​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។ ​ប្រការ២​ សេវា​រដ្ឋបាល​ដែល​ផ្តល់​ដោយ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​បាន​រៀបចំ​ជា​កម្រង​សេវា​រដ្ឋបាល​ដែល​មាន​រាយ​លម្អិត​ពី​តម្លៃ​សេវា ,​ រយៈ​ពេល​អតិបរមា​នៃ​ការ​ផ្តល់​សេវា, ​ និង​សុពល​ភាព​  ទៅ​តាម​ប្រភេទ​សេវា​រដ្ឋបាល​នីមួយៗ​។​ តម្លៃ​សេវា​រដ្ឋ​បាល​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​មាន​ចែង​នៅ​ក្នុង​តារាង​ឧបសម្ព័ន្ធ​ មាន​ពី​ប្រភេទ​គឺៈ ​ទី១​ត្រូវ​បាន​កំណត់​តម្លៃ​អតិបរមា ​និង​ ទី២​ ត្រូវ​បាន​កំណត់​តម្លៃ​សេវា​ជាក់​លាក់​។​ ប្រការ៣​ ក្រុម​ប្រឹក្សា​នៃ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ ​ត្រូវ​ដាក់​ចេញ​នូវ​ដីការ​ដើម្បី​កំនត់​នូវ​តម្លៃ​សេវា​រដ្ឋ​បាល​ជាក់​ស្តែង​ សម្រាប់​ប្រតិបត្ត​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ ដោយ​ផ្អែក​តាម​ស្ថាន​ភាព​ និង​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន ​ ប៉ុន្តែ​មិន​ត្រូវ​លើស​ពី​តម្លៃ​អតិបរមា​ដែល​បាន​កំណត់​ក្នុង​តារាង​ឧបសម្ព័ន្ធ​នៃ​ប្រកាស​អន្តរ​ក្រសួង​នេះ​ឡើយ​។ ​ចំពោះ​តម្លៃ​ជាក់​លាក់​ដែល​បាន​កំណត់​ក្នុង​តារាង​ឧបសម្ព័ន្ធ​នៃ​ប្រកាស​អន្តរ​ក្រសួង​នោះ ​គឺ​ពុំ​មាន​សិទ្ធ​កែ​សម្រួល​តម្លៃ​សេវា​រដ្ឋ​បាល​ទាំង​នោះ​ឡើយ។​  ប្រការ៤ ​ក្នុង​ការ​កំណត់​តម្លៃ​សេវា​រដ្ឋ​បាល​នេះ​ ក្រុម​ប្រឹក្សា​នៃ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ​ត្រូវ​ពិចារ​ណា​លើ​ការ​កំនត់​តម្លៃ​អនុគ្រោះ​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រីក្រ ​ដែល​បញ្ជាក់​ទទួល​ស្គាល់​ដោយ​មេឃុំ ​/​ចៅ​សង្កាត់​។​ ក្នុង​សេចក្តី​ប្រកាស​អន្តរ​ក្រសួង​នេះ​ ក៏​មាន​សេវា​រដ្ឋ​បាល​មួយ​ចំនួន ​មិន​ទាម​ទា​កម្រៃ​សេវា​ពី​ប្រជា​ពល​រដ្ឋ​ដូច​ជាៈ​ សំបុត្រ​កំណើត​(​ក្នុង​រយៈ​ពេល​៣០ថ្ងៃ​ក្រោយ​កើត​)​ ,សំបុត្រ​បញ្ជាក់​កំណើត,​ សេចក្តី​ចម្លង​សំបុត្រ​កំណើត,​ ឬ​បញ្ជាក់​កំណើត ​, បណ្ណ​ប្រកាស​អាពាហ៍​ពិពាហ៍​, សំបុត្រ​អាពាហ៍​ពិពាហ៍ ​, សេចក្តី​ចម្លង​សំបុត្រ​អាពាហ៍​ពិពាហ៍,​ សំបុត្រ​មរណភាព  ​និង ​សេចក្តី​ចម្លង​សំបុត្រ​មរណ​ភាព​ជា​ដើម​។​

​អៀង​ វុធ ​អភិ​បាល​ស្តីទី​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍ថា​ ​គោល​នយោ​បាយ​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ដំណាក់​កាល​ទី៣​ របស់​រាជ​រដ្ឋា​ភិបាល​ ដែល​មាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​សែន ​នាយក​រដ្ឋ​មន្រ្តី​ បាន​បន្ត​អនុវត្ត​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ​តាម​បែប​វិមជ្ឈ​ការ  ​សំដៅ​ធានា​នូវ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ​ ប្រកប​ដោយ​ចីរភាព​។​ ស្រប​គ្នា​នឹង​ការ​អនុវត្ត​កំណែ​ទម្រង់​ដ៏​មាន​សារៈ​សំខាន់​នេះ​ រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​គោល​នយោ​បាយ​ជាតិ ​ស្ដី​ពី​ការ​ផ្ដល់​សេវា​សាធារណៈ​ក្នុង​នោះ ​  បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​បណ្តា​សេវា​រដ្ឋ​បាល​នានា  ​ដែល​នឹង​ត្រូវ​ផ្ដល់​ជូន​សាធារណ​ជន​ ដោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​ថ្នាក់​ រាប់​ចាប់​តាំង​ពី​រដ្ឋបាល​ដែន​ដី​ថ្នាល់​រាជ​ធានី​/​ខេត្ត​ និង​ក្រុង/​ស្រុក​/ខណ្ឌ​  រហូត​ដល់​រដ្ឋ​បាល​មូល​ដ្ឋាន​ថ្នាក់​ឃុំ/​សង្កាត់​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា​ ប្រកាស​អន្តរ​ក្រសួង​ថ្មី​នេះ​ក៏​ មាន​គោល​បំណង​កែ​សម្រួល​បណ្តា​សេវា​មួយ​ចំនួន​ ពី​ថ្នាក់​ខេត្ត ​ទៅ​អនុវត្ត​នៅ​ថ្នាក់​ក្រុង/​ ស្រុក​ ដើម្បី​បង្ខិត​សេវា​ចាំបាច់​មួយ​ចំនួន​អោយ​កាន់​តែ​ខិត​ទៅ​ជិត​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​។​ បន្ថែម​ពីនេះ​ បាន​កែ​សម្រួល​កម្រៃ​សេវា​មួយ​ចំនួន​ទៀត​អោយ​កាន់​តែ​សម​ស្រប​ទៅ​តាម​ជីវភាព ​និង​តម្រូវ​ការ​របស់​សាធារណៈ​ជន​ផង​ដែរ​។​ ឯក​ឧត្តម​ ក៏​បាន​ណែនាំ​ដល់​រដ្ឋ​បាល​ខេត្ត ​រដ្ឋ​បាល​ក្រុង​/​ស្រុក​ និង​រដ្ឋ​បាល​ឃុំ/​ សង្កាត់​ ត្រូវ​អនុវត្ត​នូវ​ការងារ​មួយ​ចំនួន​គឺ​៖​ ទី១​ បោះពុម្ព​ និង​បិត​ផ្សាយ​នូវ​តារាង​ប្រភេទ​សេវា ​និង​កម្រៃ​សេវាថ្មី ​ដែល​រដ្ឋ​បាល​នីមួយៗ​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​។​ ទី២​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ជា​បន្ទាន់​នូវ​រាល់​ខ្លឹម​សារ​ណែនាំ​ដូច​មាន​ចែង​ក្នុង​ប្រកាស​អន្តរ​ក្រសួង​នេះ​។​ ទី៣​ ត្រូវ​រក្សា​អោយ​បាន​នូវ​ចំណង​សាមគ្គី​ភាព ​ឯក​ភាព​ផ្ទៃ​ក្នុង​រឹងមាំ ​រក្សា​ទំនាក់​ទំនង​ល្អ ​រវាង​បណ្តា​មន្ទីរ​ អង្គ​ភាព​ជំនាញ ​ដើម្បី​ទទួល​បាន​នូវ​កិច្ច​សហការ​ល្អ ​និង​ប្រសិទ្ធ​ភាព​ការងារ​។​ ទី៤ ​ចំពោះ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​ រដ្ឋ​បាល​ស្រុក​សាលា​ក្រៅ ​ដែល​ពុំ​ទាន់​មាន​ការិ​យាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​  ត្រូវ​បង្កើត​អោយ​បាន​នូវ​យន្ត​ការ​ច្រក​ចេញ​ចូល​តែ​មួយ​ដោយ​កំណត់​យក​នូវ​យន្ត​ការ​រដ្ឋ​បាល​បច្ចុប្បន្ន ​ហើយ​ធ្វើ​ការ​ប្រគល់​ភារកិច្ច ​និង​ការ​ទទួល​ខុស​ត្រូវ​ជូន​ដល់​មន្រ្តី​ជាក់​លាក់ ​ក្នុង​ការ​បម្រើ​សេវា​រដ្ឋ​បាល​ជូន​សាធារណៈ​ជន​។​ ទី៥ ​ត្រូវ​ធានា​អោយ​បាន​នូវ​ភាព​ស្អាត​ស្អំ ​ជៀស​វាង​ការ​យក​កំរ៉ៃ​លើស​ការ​កំណត់ ​ឬ​កិប​កែង​យក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយ​ពុំ​បាន​ចេញ​វិក័យ​ប័ត្រ  ​ដែល​ផ្តល់​ដោយ​មន្ទីរ​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ឡើយ​៕

cpp-03-02-2017-001 cpp-03-02-2017-002 cpp-03-02-2017-003 cpp-03-02-2017-004vv

[youtube id= “i6xqLd0qe40”]​