(11-07-2015) ប៉ៃលិន៖ ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម កើត សុធា សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានជួបចំណេះសំណាលជាមួយសមាជីក សមាជិការគណបក្សចំនួន១៥០នាក់ មកពីភូមិនានាក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ កិច្ចប្រជុំសំណេះសំណាលនេះបានធ្វើឡើងនៅ វត្តភ្នំកុយ ដោយមានវត្តមានចូលរួមពី លោក រាមសុមាន ប្រធានក្រុមការងារចុះជួយឃុំសាលាក្រៅ និងសមាជិក សមាជិការក្រុមការងារចុះជួយឃុំជាច្រើននាក់ទៀត។
ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធំ រឹងមាំ និង មានភាពចាស់ទុំផ្នែកនយោបាយ ដូច្នេះការគាំទ្រមករបស់សមាជិក សមាជិការទាំងអស់មកលើគណបក្សប្រជាជនកម្ពុជា គឺជាការសំរេចចិត្តដ៏ត្រឹមត្រូវ មានការវិន្និច្ឆ័យខ្ពស់។ ឯកឧត្តមបានបន្តថា យើងជាសមាជិក របស់គណបក្សប្រជាជនកម្ពុជា ត្រូវរក្សានូវសមិទ្ធិផលនានារបស់គណបក្ស ដែលបានកសាងឡើង និងបំផុសផ្សព្វផ្សាយអោយមហាជនទូទៅបានយល់ដឹងពីសមិទ្ធផលរបស់គណបក្សយើង ក្នុងអាណត្តដឹកនាំប្រទេសកន្លងមក។ ឯកឧត្តមកើត សុធា បានណែនាំដល់ក្រុមការងារចុះជួយឃុំ ក៏ដូចជាសមាជីក សមាជិការទាំងអស់ត្រូវយកចិត្តទុកដាក់លើយុវជន ជាកូន ជាចៅរបស់យើង ដោយត្រូវជំរុញអោយពួកគេដែលគ្រប់អាយុ ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរអោយបានគ្រប់ៗគ្នា សំរាប់ការបោះឆ្នោតនាពេលខាងមុខ ហើយក៏ត្រូវពន្យល់បំពាក់បំប៉នអោយពួកគេបានយល់និងចងក្រងគ្រប់គ្រងអោយចូលរួមក្នុងសកម្មភាពនយោបាយ របស់យើង និងកិច្ចការសង្គមនៅមូលដ្ឋានព្រោះថា យុវជនជាទំពាំងស្នងឬស្សីសំរាប់ថ្ងៃអនាគត់ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម កើតសុធា និងក្រុមការងារទាំងអស់បានអញ្ជើញចុះពិនិត្យទីតាំងកសាងស្នាក់ការគណបក្សប្រជាជន កម្ពុជា ឃុំអូអណ្តូង នៅចំនុចជាប់ជើងភ្នំកុយ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ។
[youtube id= “ptNi1mG5kis”]