មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិន បើកមហោស្រពល្ខោនរឿងខ្លីសម្រាប់យុវជន ថ្នាក់ខេត្តលើកទី ៣ ឆ្នាំ២០១៧


(31-01-2017) ប៉ៃលិន៖ ​នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ប៉ៃលិន ​ព្រឹក​ថ្ងៃទី ​៣១ ​ខែមករា ​ឆ្នាំ ២០១៧ ​បាន​រៀបចំ​ពិធី​បើក​មហោ​ស្រព​ល្ខោន​រឿង​ខ្លី​សម្រាប់​យុវជន ​ថ្នាក់​ខេត្ត​លើក​ទី ៣ ​ឆ្នាំ ​២០១៧ ​(​ក្រោម​ប្រធាន​បទ​រឿង​ បណ្តាំ​ចុង​ក្រោយ​ ​)​ដើម្បី​ត្រៀម​សម្រាប់​ចូល​រួម​កម្ម​វិធី​មហោ​ស្រព​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​ ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ ព្រម​ទាំង​មាន​កា​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ លោក​ជំទាវ ​ជា ​លាភ ​អភិបាល​រង​ខេត្ត ​និង​ថ្នាក់​ដឹកនាំ ​មន្រ្តី​រាជ​ការ​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​ផង​ដែរ​។​

​លោក ​លឹម ​ប៊ុន​ហេង ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថាៈ ​ពិធី​បើក​មហោ​ស្រព​នៅ​ថ្ងៃនេះ ​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ធន​ធាន​វប្បធម៌​ជាតិ ​អោយ​មាន​ការរីក​ចម្រើន​ឡើង​ជា​បន្ត​បន្ទាប់​។​ លោក​បន្តថាៈ​មន្ទីរ​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ប៉ៃលិន​កន្លង​មក​បាន​ចូល​រួម​មហោ​ស្រព​ចម្រៀង​ជា​ច្រើន​ដូចជា​ផ្នែក​ ចម្រៀង​យីកេ​ ស្មូត្រ ​ចម្រៀង​មហោរី​ និង​ចម្រៀង​សម័យ​ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជា​បន្ត​បន្ទាប់​ ហើយ​នៅ​ចុង​ឆ្នាំ ​២០១៦ ​នេះ​ផង​ដែរ ​ក្រុម​សិល្បះ​នៃ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ប៉ៃលិន ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​ ០១ ​ផ្នែក​ចម្រៀង​សម័យ​ និង​ចំណាត់​ថ្នាក់​លេខ​ ០២​ ផ្នែក ​ចម្រៀង​ប្រពៃណី​និង​ស្មូត្រ ​ក្នុង​កម្ម​វិធី​មហោ​ស្រព​ខ្មែរ​ជា​សកល​លើក​ទី ៣ ​នៅ​រាជ​ធានី​ភ្នំពេញ​។​

​ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍​កោត​សសើរ​ដល់​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ប៉ៃលិន ​ដែល​បាន​រៀប​ចំ​មហោ​ស្រព​ល្ខោន​រឿង​ខ្លី​សម្រាប់​យុវជន​ ថ្នាក់​ខេត្ត​លើក​ទី៣​ នេះ​ ដែល​បាន​បណ្តុះ​បណ្តាល​យុវវ័យ​ជា​ទំពាំង​ស្នង​ឬស្សី​អោយ​មាន​សមត្ថ​ភាព​ក្នុង​ការ​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​មហោ​ស្រព​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​អោយ​ទទួល​បាន​ជោគ​ជ័យ​ ។​ឯក​ឧត្តម​បន្តថាៈ​ល្ខោន​រឿង​ខ្លី​ដែល​យុវជន​បាន​បង្ហាញ​នៅ​ពេល​នេះ​មាន​ភាព​ល្អ​ប្រសើរ ​និង​ទាក់​ទាញ​ច្រើន​ ព្រោះ​សាច់​រឿង​មាន​ការ​អប់រំ​ និង​ការ​ជៀស​ឆ្ងាយ​ពី​ការ​សេពគប់​មិត្ត​ភក្តិ​មិន​ល្អ​ ល្បែង​អបាយ​មុខ​ និង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ដើម​ ដែល​បច្ចុប្បន្ន​នេះ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ថ្មីៗ​ក្នុង​យុទ្ធនា​ការ​ស្តីពី​ការ​លុប​បំបាត់​គ្រឿង​ញៀន​អោយ​អស់​នៅ​ទូទាំង​ប្រទេស​។​ ដូច្នេះ​ថ្នាក់​ដឹកនាំ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ត្រូវ​ខិតខំ​បណ្តុះ​បណ្តាល​ដល់​ក្មួយៗ​ យុវ​ជន​ដើម្បី​បង្កើន​សមត្ថ​ភាព​បន្ថែម​ទៀត ​ដើម្បី​អោយ​ការ​ចូល​រួម​ប្រកួត​ប្រជែង​មហោ​ស្រព​នា​ពេល​ខាង​មុខ​ទទួល​បាន​ជ័យ​លាភី​ជូន​ខេត្ត​។​ ឯក​ឧត្តម​បាន​លើក​ឡើង​ថា​៖​ កន្លង​មក​ក្រុម​សិល្បះ​ខេត្ត​ប៉ៃលិន​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​០១ ​ល្អ​ឯក​ផ្នែក​ចម្រៀង​សម័យ​ក្នុង​កម្ម​វិធី​មហោ​ស្រព​ចម្រៀង​ថ្នាក់​ជាតិ​  ហើយ​ថ្មីៗ​នេះ​យើង​ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​ ០១​ ផ្នែក​ចម្រៀង​សម័យ​ និង​ចំណាត់​ថ្នាក់​លេខ​ ០២​ ផ្នែក​ ចម្រៀង​ប្រពៃណី​និង​ស្មូត្រ ​ក្នុង​កម្ម​វិធី​មហោ​ស្រព​ខ្មែរ​ជា​សកល​លើក​ទី ៣​ នៅ​រាជធានី​ភ្នំពេញ​ វាជា​មោទនៈ​ភាព​មួយ​ដ៏​ល្អ​ប្រពៃ​ផ្នែក​សិល្បៈ​របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​និង​ខេត្ត​ប៉ៃលិន​ ។ ​ឯក​ឧត្តម​ កើត​ សុធា​ បាន​សង្កត់​ធ្ងន់​ថា៖​ មន្ទីរ​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ការពារ​នូវ​វប្បធម៌​និង​អរិយធម៌​ ឲ្យ​បាន​គង់​វង្ស​ស្ថិត​ស្ថេរ​យូរ​អង្វែង ​ហើយ​សូម​អោយ​មន្ទីរ​អាច​រៀបចំ​ជា​សារ​មន្ទីរ​វប្បធម៌​ ដើម្បី​ថែរក្សា​នូវ​ពាន​រង្វាន់​ក៏​ដូច​ជា​ស្នាដៃ​ទាំង​នេះ​ទុក​ជា​ស្នាដៃ​និង​កេរ្តិ៍​តំណែល​មួយ​ដ៏​ផូរ​ផង់​យូរ​លង់​ផង​ដែរ​៕​

cpp-31-01-2017-001 cpp-31-01-2017-002 cpp-31-01-2017-003 cpp-31-01-2017-004vv

[youtube  id= “032jaHbgZjk”]