(18-01-2017) ប៉ៃលិន៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ លោកវេជ្ជបណ្ឌិត អាង នាង អតីតអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសុខាភិបាលខេត្ត បន្ទាប់ពីលោក វេជ្ជបណ្ឌិត សេង រ៉ន ប្រធានមន្ទីរសុខាភិបាលចាស់បានចូលនិវត្តន៍។ ពិធីប្រកាសចូលកាន់តំណែងថ្មីនេះ បានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម កើតសុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង អភិបាលស្រុក ព្រះរាជអាជ្ជាអមសាលាដំបូងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ជាច្រើននាក់។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលលេខ ៧៥៤ ស.ន.ប ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ បានសំរេចតែងតាំងលោកវេជ្ជបណ្ឌិត អាង នាង ជាប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ជំនួសលោកវេជ្ជបណ្ឌិត សេង រ៉ន ដែលបានស្នើសុំចូលនិវត្តន៍មុនអាយុកំណត់។
លោកវេជ្ជបណ្ឌិត សេង រ៉ន អតីតប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានធ្វើរបាយការណ៍ស្តីពីសមិទ្ធផលដែលសំរេចបាន ក្នុងឱកាសនៃការទទួលខុសត្រូវរបស់លោក អោយដឹងថា ក្រោយពីក្រុងប៉ៃលិនត្រូវបានធ្វើសមាហរណកម្មក្នុងឆ្នាំ១៩៩៦ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រុងប៉ៃលិនបានរៀបចំចងក្រង ជាក្រុមគ្រូពេទ្យ, ជារចនាសម្ព័ន្ធដឹកនាំមន្ទីរសុខាភិបាល ដែលមានមន្ទីរពេទ្យបង្អែកក្រុងមួយ និងថ្នាក់ខ័ណ្ឌ មានមណ្ឌលសុខភាពចំនួន២។ ក្រោយពីមានការធ្វើកំណែទំរង់ជាបន្តបន្ទាប់ ផ្អែកតាមតម្រូវការ និងកំណើនរបស់ប្រជាពលរដ្ឋ វិស័យសុខាភិបាលត្រូវបានពង្រីកជាលំដាប់ដែល រហូតដល់បច្ចុប្បន្ននេះ មន្ទីរសុខាភិបាលខេត្តប៉ៃលិនគ្របដណ្តប់ប្រជាជនទូទាំងខេត្ត ចំនួន៦៧៦០១នាក់ មានស្រុកប្រតិប័ត្តចំនួន១ មន្ទីរពេទ្យបង្អែកខេត្ត CBA2 មួយកន្លែង មណ្ឌលសុខភាពMPA ពេញលេញ៦កន្លែង និង VCCT ៣កន្លែង និងមានគ្លីនិចកាមរោគមួយកន្លែង។ មានគ្រែសរុបក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន៦៥គ្រែ ក្នុងនេះគ្រែសំរាប់អ្នកជំងឺរបេងចំនួន១០គ្រែ ដោយគិតជាមធ្យមគ្រែមួយសំរាប់ប្រជាជន១០៤០នាក់។ បុគ្គលិកសុខាភិបាលដែលកំពុងបំរើការក្នុងវស័យសុខាភិបាលសាធារណៈទូទាំងខេត្តមានចំនួន១៩១នាក់ ស្រី៨៨នាក់ ។
ឯកឧត្តម កើតសុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ប្រធានមន្ទីរសុខាភិបាលដែលឡើងកាន់តំណែងថ្មីនេះ ត្រូវរក្សាអោយបានល្អនូវសមិទ្ធិផលចាស់ៗដែលមានកន្លងមក និងខិតខំកសាងអភិវឌ្ឍន៍អោយសំរេចបាននូវសមិទ្ធិផលថ្មី, ស្នាដៃថ្មីៗបន្ថែមទៀត ជំរុញវិស័យសុខាភិបាល អោយមានការរីកចំរើន បំរើសេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋយើង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តី មានការគិតគូខ្ពស់ពីសុខទុក្ខ ជីវភាពរបស់មន្រ្តីរាជការយើង។ ជាក់ស្តែងតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺមន្រ្តីរាជការយើងត្រូវបានតម្លើងប្រាក់បៀវត្សន៍ ជារៀងរាល់ឆ្នាំ ដើម្បីលើកកំពស់ជីវភាពរបស់មន្រ្តីរាជការ។ ឯកឧត្តមបានមានប្រសាសន៍ណែនាំសូមអោយលោកប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបែងចែកការងារទទួលខុសត្រូវរបស់មន្រ្តីរាជការ ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរសុខាភិបាលអោយបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួន និងត្រូវយកចិត្តទុកដាក់ខ្ពស់ពង្រឹងការអនុវត្តច្បាប់ លិខិតប្រទាក់ដ្ឋាននានា ដើម្បីធានានូវការអនុវត្តការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋអោយបានល្អ។ ឯកឧត្តម ក៏បានណែនាំសូមអោយក្រុមគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ប្រើឥរិយាបទ ពាក្យសំដីអោយបានសមរម្យ ជាមួយប្រជាពលរដ្ឋ អ្នកជំងឺ ទើបមានការគាំទ្រ និងកោតសរសើពីប្រជាពលរដ្ឋមកវិញ ។
ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ខេត្តប៉ៃលិនមានមន្ទីរពេទ្យបង្អែក និងមានមណ្ឌលសុខភាពសុទ្ធតែល្អៗ ហើយរបៀបរបបធ្វើការងារ, ការស្លៀកពាក់ របស់ក្រុមគ្រូពេទ្យ ក៏មានការល្អប្រសើផងដែរ ពិសេសមានទឹកចិត្តជួយដល់ប្រជាពលរដ្ឋ អ្នកជំងឺដោយអស់ពីសមត្ថភាព អស់ពីចិត្តពីថ្លើម ដែលជាគុណសម្បត្តដ៏ធំរបស់ក្រុមគ្រូពេទ្យយើង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា តាមការពិនិត្យជាក់ស្តែង គឺមន្ទីរពេទ្យបង្អែករបស់យើងក៏នៅមានទំហំតូចចង្អៀត មិនទាន់សមស្របទៅនឹងចំនួនប្រជាពលរដ្ឋក្នុងខេត្តនៅឡើយ ដូច្នេះនៅថ្ងៃខាងមុខនេះ យើងនឹងពង្រីកមន្ទីរពេទ្យបង្អែកខេត្តអោយបានកាន់តែធំជាងនេះបន្ថែមទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ក្រុមគ្រូពេទ្យ និងមន្រ្តីរាជការទាំងអស់ គឺជាមន្រ្តីរបស់រដ្ឋ ត្រូវធ្វើការងារជំនាញអោយបានល្អ ត្រឹមត្រូវទៅតាមគោលនយោបាយ ការណែនាំរបស់រដ្ឋាភិបាល។ អំពើខុសឆ្គងរបស់មន្រ្តី គឺបានធ្វើអោយខូចខាត ប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាល ដែលយើងត្រូវតែធ្វើការកែលំអរអោយបានឆាប់រហ័ស។ឯកឧត្តមបានណែនាំសូមអោយមន្រ្តីរាជការ ក្រុមគ្រូពេទ្យទាំងអស់ ត្រូវមានការសាមគ្គីសហការគ្នាអោយបានល្អ និងត្រូវចូលរួមការអប់រំ បណ្តុះបណ្តាល បំប៉ន ធនធានមនុស្សរបស់យើងអោយបានកាន់តែខ្លាំងខ្លា និងសមស្របតាមជំនាញរបស់ខ្លួន៕
[youtube id= “-_qw2tKm7L8”]