(11-07-2015) ប៉ៃលិន៖ លោក ស៊ុន យី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិបរតាំងស៊ូ បានជួបសំណេះសណាល សាខាក្រុមបក្សប្រជាជន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ដើម្បី រៀបចំសមាជិកក្រុមបក្ស និងការចុះធ្វើបច្ចុប្បន្នភាពសមាជិកបក្ស នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោក ឡុង ប៊ី ប្រធានសាខាបក្សភូមិបរតាំងស៊ូ បានអោយដឹងថា ក្នុងភូមិបរតាំងស៊ូមានសាខាក្រុមបក្សចំនួន៣៧ក្រុម ហើយក្នុង១ក្រុមៗបានរៀបចំ៨នាក់ទៅ៩នាក់។ ការរៀបចំនេះគឺធ្វើឡើងដោយដាក់បញ្ចូលជាសមាជិកសមាជិការគណបក្សប្រជាជនតែប៉ុណ្ណោះ ។
លោក ស៊ុន យី ប្រធាន ក្រុមការងារចុះពង្រឹងនៅភូមិបរតាំងស៊ូបានមានប្រសាសន៍លើកឡើងថា ការរៀបចំសមាជិកក្រុមបក្សមានសារៈសំខាន់ណាស់គឺធ្វើអោយមានមូលដ្ឋានជាក់លាក់ពិតប្រាកដ ហើយការរៀបចំនេះយើងត្រូវជ្រើសរើសសមាជិកបក្សចាប់ពីអាយុ១៥ឆ្នាំឡើងទៅ។លោកបន្តថា ចំពោះធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គឺចង់ដឹងចំនួនប្រជាពលរដ្ឋពិតប្រាកដ ព្រោះកន្លងមកប្រជាពលរដ្ឋមានតែតួលេខច្រើន តែជាក់ស្តែងមនុស្សមានតិច ដូច្នេះប្រធានសាខាបក្សភូមិត្រូវពិនិត្យបញ្ហានេះអោយបានច្បាស់ហើយធ្វើរបាយការណ៍ជូនថ្នាក់លើអោយបានដឹងផង។ លោកបន្ថែមថា ប្រធានសាខាក្រុមបក្សមានតួនាទីយ៉ាងសំខាន់ ព្រោះប្រធានក្រុមបក្សរស់នៅជាមួយប្រជាពលរដ្ឋពិតប្រាកដ ដឹងសុខ ដឹងទុក្ខ និងការរស់នៅរបស់ពួកគាត់ ដូច្នេះបើសិនមានបងប្អូនណាម្នាក់មានបញ្ហាអ្វីកើតឡើងក្នុងក្រុម សូមរាយការណ៍មកក្រុមការងារយើងជាបន្ទាន់ ដើម្បីអោយក្រុមការងារចុះដោះស្រាយជួយពួកគាត់តាមលទ្ធភាពជាក់ស្តែង។
លោកក៏បានសំណូមពរដល់សមាជិកបក្សទាំងអស់ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមអោយបានរឹងមាំ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាលអោយមាន ប្រសិទ្ធភាព ព្រមទាំងពង្រឹងសមាជិកបក្សដែលមានស្រាប់ និងពង្រីកសមាជិកថ្មីក្នុងជួរយុវជន និងគណបក្សដ៏ទៃបន្ថែមទៀត ជាពិសេស ក្រុមការងារទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសាមគ្គី ឯកភាពផ្ទៃឲ្យបានរឹងមាំ ដើម្បីបន្តអនុវត្តការងារកសាងកម្លាំងបក្សនៅមូលដ្ឋានអោយបានបន្ថែមទៀត។
[youtube id= “WccnBre7oOc”]