(15-01-2017) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅឃុំអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន គណៈកម្មាធិការគណបក្សឃុំអណ្តូង បានធ្វើសន្និបាតបូកសរុបសមិទ្ធិផលការងារ ០៥ឆ្នាំ និងលើកទិសដៅការងារ ៥ឆ្នាំបន្ត ២០១៧-២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ អនុប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តប៉ៃលិន និងជាប្រធានក្រុមការងារចុះជួយឃុំអូរអណ្តូង និងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាបក្សមកពីមូលដ្ឋាននានាក្នុងឃុំចំនួន ២៨៤ នាក់ ។
លោក ហ៊ឹម ឃ្លឿ ប្រធានគណកម្មាធិការគណបក្សឃុំអូរអណ្តូង បានអានរបាយការណ៍ស្តីពីសមិទ្ធិផលការងារ ០៥ឆ្នាំ របស់គណៈកម្មាធិការគណបក្សឃុំអូរអណ្តូង និងលើកទិសដៅការងារ ០៥ឆ្នាំបន្ត ២០១៧-២០២២ ដោយក្នុងរយៈពេល០៥ឆ្នាំ នៃអាណត្តិរបស់ខ្លួន កន្លងមកក្រុមប្រឹក្សាឃុំអូរអណ្តូង បានបំពេញតួនាទីសហការដឹកនាំប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនដោយខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំដ៏ឆ្នើម ដែលបានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ជាពិសេសគឺការអភិវឌ្ឍន៍សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះការងារទទួលខុសត្រូវជាក់ស្តែងជាប្រចាំ និងដោយផ្ទាល់ បានផ្តល់បទពិសោធន៍ជាច្រើន ដែលជាមូលដ្ឋាន ដ៏វិសេសវិសាល បង្កើនសមត្ថភាពដល់ក្រុមប្រឹក្សាឃុំឲ្យបំពេញភារកិច្ច បម្រើប្រជាជន ដោយផុសចេញជាសមិទ្ធិផលគួរជាទីពេញចិត្ត ហើយក៏ជាដើមទុនមួយដ៏មានប្រសិទ្ធិភាពសម្រាប់ការងារកសាង អភិវឌ្ឍន៍ឃុំក្នុងអាណត្តិទី៤ ជាបន្តទៀត ។ ក្នុងឱកាសនោះផងដែរសមាជិកបក្សដែលចូលរួមជាមតិយោបល់និងសំណូមពរផ្សេងៗដូចជាៈ ស្នើអោយគណៈកម្មធិការគណបក្សឃុំអូរអណ្តូង រកដំណោះស្រាយបញ្ហាតម្លៃកសិផលជូនប្រជាពលរដ្ឋដែលបច្ចុប្បន្នកំពុងមានតម្លៃទាបបំផុត ធ្វើអោយប្រជាកសិករជួបប្រទះបញ្ហាយ៉ាងខ្លាំង ។ ប្រជាពលរដ្ឋនៅចំណុចអូរក្របៅ ភូមិថ្នល់កែង នៅមិនទាន់មានផ្លូវ អណ្តូងទឹក និងស្រះទឹក ប្រើប្រាស់គ្រប់គ្រាន់នៅឡើយ និងបញ្ហាមួយចំនួនទៀតដែលស្នើរអោយគណៈកម្មាធិការគណបក្សឃុំជួយដោះស្រាយជូនប្រជាពលរដ្ឋប្រើប្រាស់អោយបានសមរម្យផងដែរ។
ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយឃុំអូរអណ្តូងបានមានប្រសាសន៍ថាៈ សន្និបាតនេះមានសារៈសំខាន់ណាស់ដោយបានដកស្រង់នូវបទពិសោធន៍រកចំណូចខ្លាំងនិងចំណុចខ្សោយ ក្នុងការដឹកនាំអស់រយះពេល ៥ឆ្នាំ កន្លងទៅ និងលើកទិសដៅការអភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋានសម្រាប់បម្រើប្រជាពលរដ្ឋបន្តទៀត ។ ឯកឧត្តមមានប្រសាន៍សង្កត់ធ្ងន់ថា៖ គោលនយោបាយគណបក្សបច្ចុប្បន្ន ទោះបីជាយើងអនុវត្តដូចជំហានគីង្គក់ក្តី ប៉ុន្តែវាជាដំណើរមួយឈានទៅមុខជាលំដាប់ ប្រកបដោយលទ្ធផលដ៏ល្អប្រសើរ។ នីតិវិធីនៃការបោះឆ្នោតរបស់គណៈកម្មការបោះឆ្នោត ពិតជាអនុវត្តតាមនីតិវិធីត្រឹមត្រូវ ច្បាស់លាស់ និងអាចទទួលយកបាន ។ ឯកឧត្តមប្រធានគណៈអធិបតី សូមស្នើដល់បេក្ខភាពទាំង ២៣ រូប ដែលបានឈរឈ្មោះបោះឆ្នោតនេះ បើបេក្ខជនណាដែលបានជាប់ជាបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំនាពេលខាងមុខ ត្រូវខិតខំប្រឹងប្រែងទាញយកប្រជាប្រីយ៍ភាពអោយបានច្រើនលើសលប់ ដើម្បីចាប់យកជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។ ព្រោះថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅពេលខាងមុខនេះគឺជាក្រកួតប្រជែងគណបក្សនយោបាយនានា ដើម្បីការអភិវឌ្ឍន៍លើគ្រប់វិស័យនៅតាមមូលដ្ឋានជាពិសេសផ្លូវថ្នល់ ទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយើង ដូច្នេះអាជ្ញាធរមូលដ្ឋានដែលជាសមាជិកសមាជិកាបក្សនៅតាមភូមិ/ឃុំ ស្រុកនីមួយៗនោះត្រូវដឹងសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានដោយផ្ទាល់ និងជួយដោះស្រាយនូវរាល់បញ្ហាលំបាកនានាជូនពួកគាត់ឲ្យបានទាន់ពេលវេលា ដែលនេះបានបង្ហាញពីការយកចិត្តទុក្ខដាក់មួយដែលមិនអាចខ្វះបានឡើយ៕
[youtube id= “GMBJTWMh8sY”]